d

d
Share:

មូលហេតុដែល ហ៊ិន ចាន់នីរ័ត្ន មិនសូវបញ្ចេញក្បាលពោះ ​

ភ្នំពេញ៖ សម្រាប់រដូវកាលពេលនេះ តារាសម្តែងស្រី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កំពុង តែកើបលុយ យ៉ាងសស្រាក់សស្រាំ ព្រោះថា ជារដូវកាល ដែលនាងបានធ្វើជាពិធីការិនី នៅក្នុងពិធីមង្គលការ សឹងតែរាល់ថ្ងៃតែម្តង។
ទន្ទឹមនឹងភាពរីកចម្រើនក្នុងការងារសិល្បៈនេះដែរ បើងាកមើលរូបសម្រស់របស់នាងវិញ ក៏នៅតែស្រស់ស្អាត និងទាក់ទាញដដែល ដែលធ្វើឲ្យ នារីជាច្រើន មានការច្រណែននឹងនាងជាខ្លាំង ដែលកើតមក ស្អាតមួយចប់បែបនេះ។
ក្នុងនោះ គេក៏ចាប់អារម្មណ៍រឿងមួយ ពាក់ព័ន្ធនឹងរូបរាងរបស់នាង ដែលភាគច្រើន នាងកម្របញ្ចេញសាច់ត្រង់ក្បាលពោះណាស់ បើទោះបីនាង ជាតារាឧស្សាហ៍លេងម៉ូតសម្លៀកបំពាក់ក៏ដោយ។
កាលពីម្សិលមិញនេះដែរ តារាស្រីរូបនេះ ក៏បានបង្ហាញនូវរូបថតមួយសន្លឹក ដែលនាងបានថតបញ្ចេញក្បាលពោះយ៉ាងមួយទំហឹង ដែលអាចនិយាយបានថា ពិតជាកម្រក្នុងការឃើញ ការលេងខ្លួនបែបនេះរបស់នាង។ ប៉ុន្តែទោះជា រូបនេះ រាងស៊ិចស៊ីក៏ដោយ ក៏មានមនុស្សមួយចំនួន បាននិយាយថា ក្បាលពោះរបស់នាង មិនសូវស្អាតប៉ុន្មានទេ ដែលមានសាច់ខ្លាញ់ មិនរាប ដូចជាតារាផ្សេងៗ ហើយក៏មានអ្នកខ្លះទៀតបានគិតថា ដោយសារតែបែបនេះហើយ ទើបមិនសូវឃើញនាង ថតរូបចេញក្បាលពោះសោះ ដែលខុសពីតារាដទៃ តែងតែថតបង្អួតផ្នែកនេះ សឹងតែគ្រប់ពេល។
ជាពិសេស អ្នកគាំទ្រ ក៏ចង់ឲ្យនាង ទៅហាត់ប្រាណបន្ថែម ត្រង់បរិវេណក្បាលពោះ ព្រោះថា​ វាក៏ជាចំណុចមួយសំខាន់ផងដែរ ក្នុងនាមជា​តារា ព្រោះថា​ បើមានសាច់ខ្លាញ់ច្រើន បើទោះបីជា នាងខំបញ្ចេញភាពស៊ិចស៊ី ក៏មើលទៅ មិនស្រស់ស្អាតដែរ៕






source: khmerload
Share:

រឿង បុរស​ចេះ​ថ្នាំ​ពិស​ពស់

មាន​ថ្ងៃ​មួយ បុរស​ឈ្មោះ​សុខ ធ្វើ​ដំណើរ​ទៅ​កាប់​ឧស​ក្នុង​ព្រៃ ។ លុះ​ទៅ​ដល់​ព្រៃ ជា​កន្លែង​កាប់​ឧស​នោះ​ហើយ ឃើញ​ខ្លា​ធំ​មួយ​ស្លាប់​នៅ​ជើង​ដំបូក​ក្បែរ​ច្រក​ផ្លូវ​ចូល ។ ចៅ​សុខ​ពិនិត្យ​មើល​ហេតុ​សព្វ​គ្រប់​ទៅ​ឃើញ​ថា ខ្លា​នេះ​ស្លាប់​ដោយ​ពស់​ចឹក ព្រោះ​នៅ​ខាង​ក្រោម​ខ្លា​នោះ​មាន​រន្ធ​ពស់​មួយ ។ បុរស​នោះ​មាន​ចិត្ត​សប្បុរស​ចំពោះ​សាកសព​សត្វ​នោះ​ណាស់ ក៏​ស្រាយ​ថង់​យាម​យក​ថ្នាំ​មក​ដុះ​លាប​ស្រឡាប​ឲ្យ ។ លុះ​បាន​មួយ​ស្របក់ ខ្លា​ដឹង​ខ្លួន​ឡើង​ឃើញ​ខ្លួន​ប្រឡាក់​សុទ្ធ​តែ​ថ្នាំ​ដែល​លាប ក៏​មាន​សេចក្ដី​ទោមនស្ស​នឹង​បុរស​ដែល​លាប​ថ្នាំ​ឲ្យ ហើយ​ស្ដី​ឲ្យ​ថា ហេតុ​ដូចម្ដេច​បាន​ជា​អ្នក​ឯង​ហ៊ាន​យក​អ្វី​មក​ប្រឡាក់​ខ្លួន​អញ​យ៉ាង​នេះ ! ។ បុរស​នោះ​ឆ្លើយ​ថា​យើង​ដើរ​មក បាន​ឃើញ​បង​ឯង​ស្លាប់​ដោយ​ពស់​ចឹក ហើយ​យើង​ដុះ​ថ្នាំ​ស្រឡាប​លាប​ឲ្យ​បង​ឯង​រស់​តើ ! ។ ខ្លា​ថា​អញ​មាន​ស្លាប់​អី ពស់​ចឹក​អញ​កាលណា ! អញ​កំពុង​ដេក​លក់​ស្រួល​ទេ​តើ ! បើ​ដូច្នោះ​ អញ​ត្រូវ​ប្រហារ​ជីវិត​ឯង​ធ្វើ​ជា​អាហារ ។ ចៅ​សុខ​មាន​សេចក្ដី​តក់​ស្លុត នឹង​សេចក្ដី​ស្លាប់​ជា​ខ្លាំង ក៏​អង្វរ​ខ្លា​ថា​បង​អើយ ! អាណិត​យើង​ផង កុំ​អាល​ពិឃាដ​យើង​ក្នុង​គ្រា​នេះ ចាំ​យើង​ទៅ​រក​អ្នក​ប្រាជ្ញ​ណា​ឲ្យ​​គេ​ជំនុំ​ជម្រះ​ឲ្យ បើ​រក​ទៅ​ឃើញ​ថា​យើង​ខុស សឹម​បង​ប្រហារ​ជីវិត​យើង បើ​យើង​ត្រូវ ត្រូវ​ទុក​ជីវិត​យើង ។ ខ្លា​ក៏​ព្រម​តាម​សេចក្ដី​អង្វរ​របស់​ចៅ​សុខ ៗ​វិល​មក​វិញ ប្រទះ​សេះ​នឹង​ក្របី​នៅ​ក្បែរ​ផ្លូវ​ក៏​និយាយ​ថា បង​ទាំង​ពីរ​អាណិត​ជួយ​យក​អាយុ​យើង​ផង ព្រោះ​ខ្លា​ដែល​ពស់​ចឹក​បាន​រស់​ឡើង ដែល​យើង​ដាក់​ថ្នាំ​ឲ្យ តែ​វា​ប្រាថ្នា​ប្រហារ​ជីវិត​យើង ថា​យើង​ធ្វើ​ឲ្យ​វា​ភ្ញាក់ ហើយ​ធ្វើ​ឲ្យ​ប្រឡាក់​ខ្លួន​វា​អស់ ។ សត្វ​ទាំងពីរ​ដឹង​សេចក្ដី​សព្វគ្រប់ ក៏​ពិចារណា​ទៅ​ឃើញ​ថា តាម​ពិត​ត្រូវ​តែ​ទៅ​កាត់​សេចក្ដី​ឲ្យ​បុរស​នេះ​ឈ្នះ​ខ្លា ប៉ុន្តែ​បើ​អញ​ឲ្យ​បុរស​នេះ​ឈ្នះ​ទៅ មុខ​ជា​ខ្លា​គុំ​អញ ស៊ី​អញ​ជា​អាហារ​ពុំ​លែង​ ក៏​ប្រាប់​ទៅ​ចៅ​សុខ​ថា បង​ឯង​ខុស​មែន​ហើយ​ត្រូវ​ឲ្យ​ខ្លា​ស៊ី​ទៅ ។ ចៅ​សុខ​រឹត​តែ​ភ័យ​ឡើង​ក៏​លា​សេះ​និង​ក្របី ដើរ​យ៉ាង​លឿន​ទៅ​ទៀត លុះ​ប្រទះ​និង​សុភាទន្សាយ ចៅ​សុខ​ក៏​ប្ដឹង​តាម​ដំណើរ ។ សុភា​ទន្សាយ​ដឹង​រឿង​សព្វគ្រប់ ក៏​ប្រាប់​សុខ​ថា​ឲ្យ​ទៅ​និយាយ​អង្វរ​ខ្លា​ទៀត​ទៅ​ សឹម​យើង​ទៅ​ជួប ។
គ្រា​ដែល​បុរស​នោះ កំពុង​ជជែក​នឹង​ខ្លា សុភាទន្សាយ​ទៅ​ដល់ ក៏​ធ្វើ​ជា​សួរ​ថា​បង​ឯង​ទាំងពីរ​នាក់​ទាស់​គ្នា​ពី​រឿង​អ្វី ! ។ ខ្លា​និង​ចៅ​សុខ​ ក៏​បាន​ប្ដឹង​តាម​ដំណើរ​រៀង ៗ​ខ្លួន ។
សុភាទន្សាយ កាត់​សេចក្ដី​ថា បើ​ដូច្នេះ​ត្រូវ​បង​ខ្លា​ឯង​ទៅ​ដេក​នៅ​ត្រង់​កន្លែង​ដដែល ឲ្យ​យូរ​ដូច​ពី​មុន បើ​ដល់​ពេល​ត្រូវ​ភ្ញាក់ ហើយ​ពុំ​ស្លាប់​ទេ សឹម​បង​ឯង​មក​ពិឃាដ​មនុស្ស​នេះ​​ធ្វើ​ជា​អាហារ​ចុះ ។
ខ្លា​ទៅ​ដេក​តាម​បង្គាប់, ពស់​ក៏​ចេញ​ពី​រន្ធ​មក​ចឹក​ខ្លា​នោះ​ស្លាប់​ទៅ ។ សុភាទន្សាយ​ឃើញ​ខ្លា​ស្លាប់​ហើយ​ក៏​ប្រាប់​ទៅ​បុរស​នោះ​ថា បង​ឯង​កុំ​លាប​ថ្នាំ​ឲ្យ​វា​ទៀត​ប្រាប់​ហើយ ក៏​លា​ចៅ​សុខ​ទៅ​លំនៅ​វិញ ។
Share:

រឿង អា​កុហក​ស៊ី

កាល​ពីព្រេងនាយ មាន​ក្មេង​ម្នាក់​នៅ​ជា​មួយ​ម្ដាយ ចិញ្ចឹម​ជ្រូក​កម្រៀវ ១, ដល់​ជ្រូក​នោះ​ធំ​ឡើង ក្មេង​នោះ​ចង់​ស៊ី​សាច់​ជ្រូក ក៏​និយាយ​នឹង​ម្ដាយ​ថា «ម៉ែ ! ខ្ញុំ​ចង់​ស៊ី​សាច់​ជ្រូក សូម​ម៉ែ​ឲ្យ​ខ្ញុំ​កាប់​ជ្រូក​យើង​នោះ​ស៊ី​ផឹក​ស្រា​ទៅ ?» ។ ម្ដាយ​ឃាត់​ថា «កុំ ! ឯង​ស៊ី​អី​ក៏​ច្រើន​ម្ល៉េះ ទុក​វា​នឹង​លក់​យក​ប្រាក់​កាស​ចាយ» ។ កូន​ឮ​ម្ដាយ​ឃាត់​ដូច្នោះ ក៏​នឹក​តែ​ក្នុង​ចិត្ត​ចង់​ស៊ី​សាច់​ជ្រូក​តែ​សព្វ​ថ្ងៃ​ពុំ​មាន​ភ្លេច ។ មាន​កាល​មួយ​ថ្ងៃ​កូន​នោះ​ភ្ញាក់​ឡើង​ពី​ដេក និយាយ​ប្រាប់​ម្ដាយ​ថា «ត្បិត​ទេវតា​ប្រាប់​ខ្ញុំ​ថា មាន​មាស​ប្រាក់​ច្រើន​ណាស់​ម៉ែ សូម​ម៉ែ​ជូន​ខ្ញុំ​ទៅ​យក» ។ ម្ដាយ​ឮ​កូន​និយាយ​ប្រាប់​ដូច្នោះ​សួរ​ថា «មាស​ប្រាក់​នៅ​ឯណា» ។ កូន​ឆ្លើយ​ថា «ម៉ែ​ទៅ​នឹង​ខ្ញុំ​ចុះ បើ​ខ្ញុំ​បង្គាប់​ដូចម្ដេច​ម៉ែ​ធ្វើ​តាម​ខ្ញុំ» កូន​យក​កញ្ជើ​នាំ​ម្ដាយ​ដើរ​ទៅ​ក្នុង​ព្រៃ​ឆ្ងាយ​អំពី​ស្រុក ហើយ​កូន​យក​កញ្ជើ​ទៅ​គ្រប​លើ​ដី ប្រឹង​សង្កត់​ហើយ​ស្រែក​ប្រាប់​ម្ដាយ​ថា «ម៉ែ ! ជួយ​សង្កត់​ផង មាស​ប្រាក់​នៅ​ក្នុង​ដី​នេះ​ច្រើន​ណាស់ ម៉ែ​សង្កត់​ឲ្យ​ជាប់​ចុះ ខ្ញុំ​នឹង​ទៅ​រក​ចប​ជីក មក​ជីក​យក​មាស​ប្រាក់, ម៉ែ​ឯង​នៅ​សង្កត់​ឲ្យ​ជាប់​កុំ​លែង បើ​ម៉ែ​លែង មាស​ប្រាក់​និង​បាត់​អស់​ទៅ» ឯ​ម្ដាយ​ឮ​កូន​ថា​ដូច្នោះ​ក៏​ខំ​សង្កត់​កញ្ជើ​នោះ​ឲ្យ​កូន, ឯ​កូន​នោះ​ក៏​រត់​ត្រឡប់​មក​ផ្ទះ​វិញ ចាប់​ជ្រូក​នោះ​យក​មក​កាប់​ចម្អិន​ជា​អាហារ បបួល​អស់​បងប្អូន​អ្នក​ផ្ទះ​ជិត​ខាង​មក​ស៊ី​ផឹក​ស្រា​លេង​សប្បាយ ។ ម្ដាយ​នៅ​ចាំ​កូន​ឯ​ព្រៃ ទន្ទឹង​ពុំ​ឃើញ​មក​ឃ្លាន​បាយ​អស់​កម្លាំង រោយ​ដៃ​រោយ​ជើង របូត​ចេញ​ពី​លើ​កញ្ជើ​ពុំ​ឃើញ​មាន​អ្វី​សោះ ។ លុះ​ម្ដាយ​ចាំ​កូន​យូរ​ពេក នឹក​ថា​កូន​បញ្ឆោត​ហើយ ក៏​លែង​កញ្ជើ​ចោល​ត្រឡប់​ទៅ​ផ្ទះ​វិញ ឃើញ​កូន​កំពុង​តែ​ស៊ី​សាច់​ជ្រូក​ផឹក​ស្រា​លេង​សប្បាយ​ដូច្នោះ ក៏​ខឹង​នឹង​កូន​ណាស់ ហើយ​និយាយ​នឹង​ប្អូន​ខ្លួន​ថា «ត្បិត​កូន​នោះ​វា​ខូច​ណាស់ ទុក​ចិញ្ចឹម​មិន​បាន​ទេ ត្រូវ​ឯង​ច្រក​ការុង​យក​ទៅ​ទម្លាក់​ក្នុង​ទឹក​សម្លាប់​ទៅ» ។ ប្អូន​ឮ​ដូច្នោះ សួរ​ទៅ​បង​ថា «ដំណើរ​ដូចម្ដេច បាន​ជា​យក​កូន​ច្រក​ការុង​​ទៅ​ចោល​ក្នុង​ទឹក​សម្លាប់ ?» ។ បង​និយាយ​ប្រាប់​ទៅ​ប្អូន​តាម​ដំណើរ​សព្វ​គ្រប់​ថា «វា​ចេះ​បញ្ឆោត​អញ​ឲ្យ​ទៅ​ក្នុង​ព្រៃ ថា​ទៅ​យក​មាស​ប្រាក់ ហើយ​ឲ្យ​អញ​នៅ​ចាំ​ក្នុង​ព្រៃ លុះ​ត្រា​តែ​ដល់​ថ្ងៃ​ឃ្លាន​បាយ​ស្ទើរ​តែ​នឹង​ដាច់​ពោះ, ឯ​វា​មក​កាប់​ជ្រូក ស៊ី​ផឹក​ស្រា​លេង​សប្បាយ, ជ្រូក​អញ​តែ​មួយ​ទុក​លក់​ឲ្យ​គេ យក​ប្រាក់​ចាយ​ទេ​តើ » ។ ប្អូន​នោះ​ក៏​ទៅ​ចាប់​អា​កុហក​ស៊ី​ច្រក​ក្នុង​ការុង​ធំ ។ ចង​មាត់​ការុង​ជាប់​ល្អ ហើយ​លើក​លី​យក​ទៅ​នឹង​ចោល​ក្នុង​ទឹក​ទន្លេ, លុះ​ទៅ​ដល់​មាត់​ទន្លេ​អា​កុហក​ស៊ី និយាយ​នឹង​មា​វា​ថា «លោក​មា​អាណិត​ខ្ញុំ ៗ​មុខ​ជា​ស្លាប់​ហើយ បើ​ដូច្នេះ​សូម​លោក​មា​អាណិត​ទៅ​យក​ក្បួន​កុហក មក​ឲ្យ​ខ្ញុំ​បន្តិច ត្បិត​ខ្ញុំ​ស្លាប់​ទៅ​នឹង​ទៅ​នៅ​ឯ​ឋាន​ខ្មោច បើ​គ្មាន​ក្បួន​កុហក​នឹង​កុហក​ខ្មោច​ស៊ី​ពុំ​បាន​ទេ នោះ​នឹង​ដាច់​ពោះ​ស្លាប់ » ។ ឯ​មា​ឮ​ក្មួយ​អង្វរ​ដូច្នោះ ក៏​សួរ​ទៅ​ក្មួយ​វិញ​ថា «ក្បួន​កុហក​នោះ ឯង​ទុក​នៅ​ឯណា? ។ ក្មួយ​ប្រាប់​ទៅ​មា​ថា «ខ្ញុំ​ដាក់​នៅ​លើ​ធ្នឹម » ។ មា​ក៏​ដាក់​អា​កុហក​ស៊ី​ទុក​ចោល​នៅ​មាត់​កំពង់​ទឹក ហើយ​ត្រឡប់​ទៅ​រក​ក្បួន​នឹង​យក​មក​ឲ្យ​អា​កុហក​ស៊ី​វិញ ។
កាល​នោះ​មាន​មនុស្ស​កើត​ឃ្លង់​ម្នាក់ ដើរ​មក​ជិត​អា​កុហក​ស៊ី ។ ក៏​ធ្វើ​និយាយ​ថា «អញ​មក​តម​ឃ្លង់​ក្នុង​ការុង​នេះ យូរ​ថ្ងៃ​ហើយ មិន​ដឹង​ជា​ហើយ​ឬ​នៅ ឃើញ​ហាក់​ដូច​សះ​ជា​ហើយ» ។ មនុស្ស​ឃ្លង់​ឮ​អា​កុហក​ស៊ី​ថា តម​ឃ្លង់​ក្នុង​ការុង​ដូច្នោះ​ដោយ​ខ្លួន​កើត​ឃ្លង់​ក៏​សួរ​ថា «តម​ឃ្លង់​ក្នុង​ការុង​នេះ​បាន​ជា​ឬ ?» ។ អា​កុហក​ស៊ី​ប្រាប់​ថា​​ត្បិត​ខ្ញុំ​កើត​ឃ្លង់ គេ​ឲ្យ​តប​ក្នុង​ការុង​នេះ​យូរ​ថ្ងៃ​ហើយ មិន​ដឹង​ជា​ហើយ​ឬ​នៅ​ទេ​​អាណិត​ស្រាយ​មាត់​ការុង​ឲ្យ​ខ្ញុំ​បន្តិច »មនុស្ស​ឃ្លង់​ក៏​ស្រាយ​មាត់​ការុង​ឲ្យ​អា​កុហក​ស៊ី​ចេញ​មក ។ អា​កុហក​ស៊ី​ចេញ​ពី​ការុង​បោស​ខ្លួន​មើល ហើយ​ប្រាប់​ថា​ជា​ឃ្លង់​ហើយ ! អា​គម្លង់​ឮ​ពាក្យ​អា​កុហក​ស៊ី​ថា​តម​ឃ្លង់​ក្នុង​ការុង​ជា​ដូច្នោះ ក៏​និយាយ​ថា​ឲ្យ​គ្នា​តម​ឃ្លង់​ផង ។ អា​កុហក​ស៊ី​ឮ​ដូច្នោះ​អរ​ណាស់​គិត​ថា «អញ​អស់​ស្លាប់​ហើយ»បាន​ជា​អា​គម្លង់​ស្លាប់​ជួស ។ អា​កុហក​ស៊ី​ប្រាប់​អា​គម្លង់​ថា បើ​ឯង​ចង់​ជា​ឃ្លង់​ឆាប់ ត្រូវ​កាន់​ត្រណម​ឲ្យ​ជាប់​កុំ​និយាយ​ស្ដី​នឹង​អ្នកណា​ឲ្យ​សោះ, បើ​នរណា​មក​សួរ​ក្ដី មក​ជេរ មក​វាយ​ដូចម្ដេច ៗ​ក្ដី ត្រូវ​កុំ​និយាយ កុំ​ស្ដី ខំ​កាន់​ត្រណម​ឲ្យ​ខ្ជាប់ ទើប​បាន​ជា​ឆាប់ ។ អា​គម្លង់​ឮ​អា​កុហក​ស៊ី​ថា​ដូច្នោះ ក៏​ទទួល​ចាំ​ហើយ​ចូល​ទៅ​ក្នុង​ការុង ។ អា​កុហក​ស៊ី​ចង​មាត់​ការុង​ជាប់​ហើយ​រត់​បាត់​ទៅ ។ មា​នោះ រក​តម្រា​អា​កុហក​ស៊ី​ពុំ​ឃើញ ដឹង​ថា អា​កុហក​ស៊ី​បញ្ឆោត​ខ្លួន​ ខឹង​ណាស់ ក៏​នឹក​ក្នុង​ចិត្ត​ថា បើ​អញ​ទៅ​ដល់​អញ​នឹង​ទម្លាក់​វា​ទៅ​ក្នុង​ទឹក​ឲ្យ​ស្លាប់​ភ្លាម ហើយ​ខំ​ដើរ​ទៅ​ ដល់​ហើយ​ក៏​ស្ទុះ​ចូល​ទៅ​ដាល់​វាយ​អា​គម្លង់ ដោយ​ស្មាន​ថា​ជា​អា​កុហក​ស៊ី ។ អា​គម្លង់​ខំ​អត់​ព្រោះ​ចង់​ជា​ឃ្លង់ លុះ​វាយ​ធាក់​អស់​ចិត្ត​ហើយ មា​នោះ​ក៏​លើក​ការុង​បោះ​ទៅ​ក្នុង​ទឹក​ឲ្យ​ស្លាប់ ។
ឯ​អា​កុហក​ស៊ី រត់​រួច​ពី​នេះ​ទៅ ៗ ជួប​នឹង​មនុស្ស​កុហក​ម្នាក់ ចេះ​កុហក​ដូច​គ្នា​កំពុង​តែ​មុជ​ទឹក ។ អា​កុហក​នោះ ឃើញ​អា​កុហក​ស៊ី​កំពុង​ដើរ​ទៅ​ពី​ចម្ងាយ ក៏​ធ្វើ​ជា​មុជ​ទឹក​យូរ​បន្តិច​ងើប​ឡើង ហើយ​លើក​កាស​ឡើង​បង្ហាញ​ថា «អញ​មុជ​ទឹក​ទៅ​ខាង​ក្រោម មាន​គេ​លេង​បៀ​អញ​លេង​ឈ្នះ បាន​កាស​ប្រាក់​ច្រើន ប៉ុន្តែ​យក​មក​មិន​រួច យក​បាន​តែ​មួយ​ត្រណោត​មក » ។ អា​កុហក​ស៊ី ឮ​ដូច្នោះ​ក៏​ជឿ​គិត​ស្មាន​ថា​មែន ហើយ​ក៏​ផ្លាស់​សំពត់​លោត​ចុះ​ទៅ​ក្នុង​ទឹក ខំ​មុជ​ទៅ​ទង្គិច​ក្បាល​នឹង​គល់​ឈើ​បែក​ឈាម ដឹង​ខ្លួន​ថា គេ​ជា​មនុស្ស​កុហក​ក៏​នឹក​ក្នុង​ចិត្ត​ឃើញ​ឧបាយ​កុហក​វិញ ហើយ​ងើប​ឡើង និយាយ​ទៅ​នឹង​អា​ដែល​បញ្ឆោត​នោះ​ថា «អ្នក​អើយ ! ខ្ញុំ​មុជ​ទឹក​ទៅ​តាម​ពាក្យ​អ្នក​ឯង​អម្បាញ់មិញ បាន​ឃើញ​គេ​លេង​បៀ ប៉ោ ធួ​កំតាត់​ច្រើន​ណាស់ ហើយ​ខ្ញុំ​លេង​ឈ្នះ​គេ បាន​ប្រាក់​កាស​ច្រើន ខ្ញុំ​ទារ​ពី​គេ ៗ​ថា​ឲ្យ​មក​ទារ​យក​ពី​អ្នក​ឯង​នេះ តែ​ខ្ញុំ​មិន​ព្រម ខ្ញុំ​ចង់​តែ​ទារ គេ​ខឹង​នឹង​ខ្ញុំ​គេ​វាយ​ខ្ញុំ​បែក​ក្បាល ហើយ​គេ​ថា ឲ្យ​ខ្ញុំ​មក​យក​ពី​អ្នក​ឯង បើ​អ្នក​មិន​ជឿ​​អ្នក​មើល​ក្បាល​ខ្ញុំ​ដែល​បែក​នេះ​ចុះ ។ អា​កុហក​នោះ ដឹង​ថា​អា​កុហក​ស៊ី​មាន​ប្រាជ្ញា ចេះ​កុហក​ទល់​នឹង​កុហក​មិន​ចាញ់​ខ្លួន ក៏​ស្រាយ​កាស​ចែក​ឲ្យ​ពាក់​កណ្ដាល ហើយ​សុំ​គ្នា​ធ្វើ​ជា​បងប្អូន ដើរ​រក​ស៊ី​កុហក​គេ​តាំង​ពី​ថ្ងៃ​នោះ​ទៅ ។
Share:

រឿង មាយា​ស្រី

កាល​ពីព្រេងនាយ មាន​បុរស​ម្នាក់ មាន​ប្រពន្ធ​នៅ​ជាមួយ​គ្នា តែ​ពុំ​មាន​កូន លុះ​យូរ​ទៅ​ ប្រពន្ធ​នោះ​មាន​សហាយ នាំ​មក​ដេក​ក្នុង​ផ្ទះ​តែ​សព្វ​ថ្ងៃ ។
ថ្ងៃ​មួយ ប្ដី​ទៅ​ជីក​ដំឡូង​ក្នុង​ព្រៃ ដល់​ថ្ងៃ​ក្ដៅ​ចូល​ទៅ​អាស្រ័យ​នៅ​ខ្ទម​អ្នកតា ១ ។ ប្រពន្ធ​រៀប​ចំ​អីវ៉ាន់​ទៅ​បន់​អ្នកតា​នោះ ឲ្យ​ទៅ​ធ្វើ​ប្ដី​ឲ្យ​ស្លាប់​នឹង​យក​សហាយ​ធ្វើ​ប្ដី, រៀប​ស្រេច​ហើយ​ ក៏​យក​អីវ៉ាន់​នោះ​ដើរ​ចូល​ទៅ​ក្នុង​ខ្ទម​អ្នកតា​នោះ ។ ប្ដី​ឃើញ​ប្រពន្ធ​ដើរ​ចូល​​ទៅ​ខ្ទម​អ្នកតា ក៏​នឹក​ឆ្ងល់​ថា​ប្រពន្ធ​អញ វា​មក​រក​អ្វី​ក្នុង​ខ្ទម​អ្នកតា​នេះ ? គិត​ហើយ​ក៏​ចូល​ទៅ​ពួន​ក្រោយ​ខ្នង​អ្នកតា លប​ស្ដាប់​ប្រពន្ធ ។
ឯ​ប្រពន្ធ ក៏​ចូល​ទៅ​អុជ​ទៀន​ធូប ហើយ​បន់​អ្នកតា​ថា «ខ្ញុំ​មិន​ចង់​យក​ប្ដី​ខ្ញុំ​ទេ ខ្ញុំ​យក​ប្ដី​ទៀត សូម​អ្នកតា​កាច់​ប្ដី​ខ្ញុំ​ឲ្យ​ស្លាប់​ទៅ ខ្ញុំ​នឹង​ថ្វាយ​ជ្រូក​មួយ» ។
ប្ដី​ឮ​ដូច្នោះ ក៏​ឆ្លើយ​ឡើង​ពី​ក្រោយ​ខ្នង​អ្នកតា «អើ​ បើ​នាង​មាន​សហាយ​ហើយ​បើ​ចង់​ឲ្យ​កាច់​ប្ដី​នាង​ឯង​ឲ្យ​ស្លាប់​នោះ ងាយ​ទេ វិល​ទៅ​ផ្ទះ​វិញ ត្រូវ​រក​មាន់​ក្រាប​ទាំង​មេ​ទាំង​ពង​មួយ​សំបុក ស្ងោរ​ឲ្យ​ប្ដី​នាង​ឯង​ស៊ី​ទៅ វា​ស្លាប់​ហើយ» ។
មេ​នោះ​ឮ​ដូច្នោះ ស្មាន​ថា​អ្នកតា​បង្គាប់ ក៏​ប្រញាប់​វិល​មក​ផ្ទះ​វិញ​រក​ទិញ​បាន​មេមាន់​ក្រាប​មួយ​សំបុក ស្ងោរ​ទុក​ឲ្យ​ប្ដី​ស៊ី ដើម្បី​នឹង​ឲ្យ​ស្លាប់ ហើយ​នឹង​បាន​យក​សហាយ ។
លុះ​ដល់​ព្រលប់ ប្ដី​មក​ពី​ជីក​ដំឡូង ដល់​ផ្ទះ​ហើយ សូរ​ថា «គេហ៍​អើយ ! បាន​អី​ស៊ី​បាយ ?» ។មេ​នោះ​ឆ្លើយ​ថា «ខ្ញុំ​បាន​មេ​និង​ពងមាន់​ក្រាប​មួយ​សំបុក​ស្ងោរ​ទុក​ឲ្យ​អ្នក» ។ ប្ដី​ថា «រៀប​បាយ​មក​ស៊ី» ។
ប្រពន្ធ​ក៏​លើក​បាយ ព្រម​ទាំង​មេ និង​ពង​មាន់​ក្រាប មក​ឲ្យ​ប្ដី​ស៊ី ។ ប្ដី​ស៊ី​អស់​ហើយ​ធ្វើ​ជា​ឈឺ ដេក​ថ្ងូរ​ហ៊ឹ ៗ ។ មេ​នោះ អរ​ណាស់​គិត​ស្មាន​ថា ប្ដី​ឈឺ​មែន ត្រូវ​នឹង​ពាក្យ​អ្នកតា​បង្គាប់​ហើយ ត្បិត​ឮ​ថ្ងូរ ។ ឯ​ប្ដី​ក៏​ធ្វើ​ជា​ដេក​ទៅ ។ មេ​នោះ​គិត​ស្មាន​ថា​ប្ដី​ស្លាប់ ក៏​បើក​ទ្វារ​នាំ​យក​សហាយ​ចូល​ទៅ​ដេក​ជាមួយ ។
អ្នក​ទាំងពីរ​កំពុង​តែ​និយាយ​គ្នា ប្ដី​ក៏​ក្រោក​ឡើង​អង្គុយ​ហៅ​ប្រពន្ធ​មក​ប្រាប់​ថា «រងា​ណាស់» ។
ឯ​ប្រុស​សហាយ​ឃើញ​ប្ដី​មេ​នោះ ក្រោក​ឡើង​អង្គុយ​ដូច្នោះ​ស្ទុះ​រត់​ពុំ​ទាន់ ក៏​ចូល​ទៅ​ពួន​ក្នុង​ពាង​ធំ ១ នៅ​ខាង​ដំណេក សម្ងំ​ចាំ​ប្ដី​នោះ​ដេក ខ្លួន​នឹង​ចេញ​ពី​ពាង​ទៅ​ដេក​នឹង​មេ​នោះ​ទៀត ។
ប្ដី​បាន​ឃើញ តែ​ធ្វើ​មិន​ឃើញ​មិន​ដឹង ប្រាប់​ប្រពន្ធ​ថា «រងា​ណាស់ ឯង​ដាំ​ទឹក​ឲ្យ​គ្នា​ងូត​បន្តិច នឹង​អាល​ស្លាប់» ។ មេ​នោះ ឮ​ថា​ចង់​ស្លាប់​ដូច្នោះ អរ​ណាស់ ត្បិត​ត្រូវ​នឹង​ពាក្យ​ដែល​ត្រូវ​បន់​អ្នកតា ។
លុះ​ប្រពន្ធ​ដាំ​ទឹក​ពុះ​ហើយ ប្ដី​ថា «ទៅ​ដង​ទឹក​ត្រជាក់​បាន ១ ក្អម​មក​យក​មក​លាយ​នឹង​ទឹក​ក្ដៅ​នេះ» ។ ប្រពន្ធ​ឮ​ប្ដី​ប្រើ​ដូច្នោះ ក៏​យក​ក្អម​ចេញ​ទៅ​ដង​ទឹក ។ ប្ដី​ឃើញ​ប្រពន្ធ​ចេញ​ទៅ​បាត់ ក៏​ក្រោក​ឡើង​ដើរ​ទៅ​លើក​ទឹក​ពុះ ១ ខ្ទះ នោះ​យក​ទៅ​ស្រោច​លើ​សហាយ ដែល​នៅ​ក្នុង​ពាង​នោះ​ស្លាប់​ទៅ ហើយ​ចូល​ទៅ​ដេក​វិញ ធ្វើ​ជា​ថ្ងូរ​ហ៊ឹ ៗ​ទៀត ។
មេ​នោះ​វិល​ពី​ដង​ទឹក​មក​វិញ មើល​ទៅ​ឃើញ​សហាយ​ត្រូវ​ទឹក​ក្ដៅ​រួញ​សរសៃ​ដូច​គេ​ដក​ចេញ​ពី​ពាង​មក ក៏​ឱន​ខ្សឹប​ថា «ថ្វី​ក៏​មិន​ឱន​ទៅ​វា​មិន​ទាន់​ទេ» ។ អា​នោះ​ឆ្ងក់​ដដែល ។ មេ​នោះ​យក​ដៃ​ទៅ​ចាប់​ជ្រមុជ​ទៅ ត្រូវ​ស្លឹក​ត្រចៀក រលេះ​ជ្រុះ​ទាំង​សក់ មើល​បាន​ដឹង​ជា​ប្ដី​ស្រោច​ទឹក​ក្ដៅ​ស្លាប់​សហាយ​ទៅ​ហើយ ក៏​ពុំ​ស្ដី យក​គម្រប​ពាង​មក​គ្រប ហើយ​យក​ទឹក​ឲ្យ​ប្ដី​ងូត ។ ឯ​ប្ដី​ក៏​មិន​ស្ដី ទឹក​ក៏​មិន​ងូត ប្រាប់​ប្រពន្ធ​ថា អញ​គ្រាន់​បើ​ហើយ ។ ហើយ​ហៅ​ប្រពន្ធ​ចូល​ទៅ​ដេក​ទៅ ។
លុះ​ព្រឹក​ព្រហាម​ឡើង មេ​នោះ ពុំ​ដឹង​បើ​គិត​ដូចម្ដេច និង​យក​ខ្មោច​ឲ្យ​រួច​ចេញ​ផុត​ពី​ផ្ទះ​ ក៏​នឹក​ឃើញ​ថា «ក្នុង​ស្រុក​នេះ មាន​ចោរ ៤ នាក់​ តែង​តែ​លប​លួច​អីវ៉ាន់​អ្នក​ផង​សព្វ​ថ្ងៃ សព្វ​យប់​គ្រប់​ភូមិ, ដូច្នេះ​អញ​នឹង​គិត​ឲ្យ​ចោរ​ទាំង ៤ នាក់​នោះ យក​ខ្មោច​ចេញ​ពី​ផ្ទះ​អញ​ទៅ​ចោល​ក្នុង​ព្រៃ​ឲ្យ​បាន» គិត​ហើយ​ក៏​ដើរ​ខ្ចី សំពត់ ហូល អាវ​ព្រែ​គេ យក​មក​ហាល​ជុំវិញ​ផ្ទះ ។ ឯ​ចោរ​ទាំង ៤​នាក់​នោះ​​ឃើញ​ហើយ​គិត​គ្នា​ថា «ជើ! មេ​នោះ​មាន​ណាស់​តើ! យប់​នេះ យើង​ទៅ​លប​លួច​វា​ឲ្យ​បាន​កុំ​ខាន, សព្វ​ថ្ងៃ​យើង​ស្មាន​ថា​វា​ក្រ»
មេ​នោះ​ក៏​ហាល​សំពត់​ហូល​​អាវ​ព្រែ​នោះ លុះ​ដល់​ពេល​ល្ងាច​យក​ទៅ​ជូន​គេ​វិញ ហើយ​យក​ខ្សែ​ចង​រឹត​រូត​ពាង​ខ្មោច​នោះ​ឲ្យ​ជាប់ ទុក​ឲ្យ​ចោរ​ចូល​លួច​មក​សែង​យក​ទៅ ។
ឯ​ចោរ​ទាំង ៤ នាក់ លុះ​យប់​​ក៏​បបួល​គ្នា​ទៅ​លួច​ ចូល​ទៅ​រក​របស់​ទាំងនោះ​ពុំ​ឃើញ ប្រទះ​ឃើញ​តែ​ពាង​មួយ ចង​មាត់​ជាប់ បើក​ពុំ​រួច ។ ចោរ​ទាំង ៤ នាក់​ និយាយ​គ្នា​ថា «របស់​អស់​នោះ​វា​ដាក់​ក្នុង​ពាង​នេះ​ហើយ, បើ​ដូច្នេះ​ត្រូវ​យើង​សែង​ពាង​នេះ» ថា​ហើយ​ក៏​នាំ​គ្នា​សែង​ពាង​នេះ​ទៅ ដល់​ព្រៃ​ឆ្ងាយ​ក៏​ស្រាយ​លូក​មើល ។
អា​មួយ​លូក​ដៃ​ទៅ ត្រូវ​សក់​ថា «វើយ សូត្រ» ដក​ដៃ​ចេញ ។ អា​មួយ​លូក​ដៃ​ទៅ​ត្រូវ​ស្លឹក​ត្រចៀក ត្រូវ​ភ្នែក ច្រមុះ ស្រែក​ថា វើយ​ខ្មោច​ទេ ។ អា​មួយ មិន​ជឿ លូក​ដៃ​ទៀត ត្រូវ​ដើម​ទ្រូង ដឹង​ថា​ខ្មោច​មែន ក៏​ស្ទុះ​រត់​ចោល​ហើយ​ខឹង​ណាស់​ថា ត្បិត​មេ​នោះ បញ្ឆោត​ឲ្យ​សែង​ខ្មោច​ចោល​បាន ។ ចោរ​ទាំង ៤ នាក់​គិត​គ្នា​ថា «យើង​ឃ្លាំ​មើល​មេ​នោះ បើ​ឃើញ​វា​ដើរ​ទៅ​ណា​តែ​ម្នាក់​ឯង ត្រូវ​គ្នា​យើង​ចោមរោម ចាប់​វា​វាយ ឲ្យ​វា​រាង កុំ​ឲ្យ​វា​បញ្ឆោត​យើង​ទៀត ។
ជួន​ជា​ថ្ងៃ​មួយ មេ​នោះ​ចុះ​ទៅ​កំពង់​រក​ទិញ​អីវ៉ាន់ ត្បិត​មាន​សំពៅ​ទើប​នឹង​មក​ដល់​ពី​ស្រុក​ក្រៅ ។ មេ​នោះ ដើរ​ដល់​កណ្ដាល​ផ្លូវ​​ក៏​ជួប​នឹង​ចោរ​ទាំង ៤ នាក់​នោះ ចោរ​ឃើញ​ក៏​នាំ​គ្នា​ព្រួត​ចាប់​នឹង​វាយ ហើយ​ជេរ​ពី​រឿង​ដែល​វា​បញ្ឆោត​នោះ ។ មេ​នោះ ឆ្លើយ​ថា «ណ្ហើយ​អ្នក​ បើ​អ្នក​វាយ​ខ្ញុំ ក៏​ឥត​ប្រយោជន៍​ដែរ ត្បិត​ខ្ញុំ​ទៅ​ទារ​ប្រាក់​ពី​នាយ​សំពៅ, ដូច្នេះ​ចូរ​មក ! អញ្ជើញ​ទៅ​នឹង​ខ្ញុំ​ៗ ទារ​ប្រាក់​បាន ចែក​គ្នា​ចាយ​លេង  »។
ចោរ​ទាំង ៤ នាក់​ឮ​ថា​វា​ទៅ​ទារ​ប្រាក់​ដូច្នោះ ក៏​ចូលចិត្ត​បបួល​គ្នា​ទៅ មេ​នោះ​ផ្ដាំ​ចោរ​ទាំង ៤ នាក់​ថា «អស់​អ្នក​ឈរ​ចាំ​ខ្ញុំ នៅ​លើ​ច្រាំង​ចុះ បើ​កាលណា​ឃើញ​ខ្ញុំ​បោយ​ដៃ​នោះ អ្នក​នាំ​គ្នា​ចុះ​ទៅ​ចុះ បាន​ប្រាក់​ហើយ» ។
មេ​នោះ និយាយ​ផ្ដាំ​ចោរ​ទាំង ៤ នាក់ ហើយ​ក៏​ចុះ​ទៅ​សំពៅ​និយាយ​នឹង​នាយ​សំពៅ លក់​ចោរ​ទាំង ៤ នាក់, វា​ថា​ចោរ​នេះ​ជា​ខ្ញុំ​របស់​វា ហើយ​ចង្អុល​បង្ហាញ​នាយ​សំពៅ​ថា «នុះ​ន៍ ! វា​ទាំង ៤ នាក់ បើ​វា​ចុះ​មក ខ្ញុំ​ឡើង​ទៅ​លើ​គោក សូម​អ្នក​ចាប់​ដាក់​ច្រវាក់​វា​ឲ្យ​ជាប់​ទៅ កុំ​ឲ្យ​វា​រត់​បាន» ។ នាយ​សំពៅ​ព្រម​ហើយ​សួរ​ថា «ខ្ញុំ​នាង​ឯង​ទាំង ៤ នាក់​លក់​ថ្លៃ​ប៉ុន្មាន ? ។ មេ​នោះ​ថា «ម្នាក់​ថ្លៃ​ពីរ​ណែន» ។ នាយ​សំពៅ​ឲ្យ​មួយ​ណែន​កន្លះ វា​ក៏​ព្រម​លក់ ហើយ​ចេញ​មក​ក្រៅ បក់​ដៃ​ហៅ​ចោរ​ទាំង ៤ នាក់ ។ ចោរ​ទាំង ៤ នាក់​គិត​ស្មាន​ថា វា​ហៅ​ឲ្យ​ទៅ​យក​ប្រាក់ ក៏​នាំ​គ្នា​ចុះ​ទៅ, ដល់​ហើយ ស្រាប់​តែ​នាយ​សំពៅ​ប្រើ​មនុស្ស​ឲ្យ​ដាក់​ច្រវាក់ នៅ​បាត​សំពៅ​ទាំងអស់​គ្នា ។ មេ​នោះ​ក៏​យក​ប្រាក់​ឡើង​មក​បាត់ ។ បាន​ប្រាក់​ហើយ មេ​នោះ ដើរ​វិល​មក​ផ្ទះ​វិញ ដល់​កណ្ដាល​ផ្លូវ​ចួន​ជា​យប់​ពុំ​ហ៊ាន​ដើរ​ទៅ​ទៀត ក៏​ឡើង​ទៅ​ដេក លើ​ដើម​ឈើ​មួយ​នៅ​ប្រប​ផ្លូវ​នោះ ។
ឯ​ចោរ​ទាំង ៤ នាក់ លុះ​នាយ​សំពៅ​ដាក់​ច្រវាក់​ជាប់​ហើយ ក៏​និយាយ​គ្នា​ថា ជើ​មេ​នេះ​ហៅ​ពេញ​ជា​ប្រាជ្ញា​ធំ វា​បញ្ឆោត​ឲ្យ​យើង​សែង​ខ្មោច​ទៅ​ចោល​ក្នុង​ព្រៃ​ហើយ ឥឡូវ​វា​លក់​យើង​បាន​ទៀត» ។ ចោរ​ទាំង ៤ នាក់​ខឹង​ណាស់ កាច់​ច្រវាក់​បាក់​រត់​ចេញ​ពី​សំពៅ ដើរ​ឡើង​មក​លើ​គោក រត់​មក​ទាំង​យប់​នោះ ជួន​ជា​យប់​យូរ​ណាស់ ក៏​នាំ​គ្នា​ឡើង​ទៅ​ដេក​លើ​ដើម​ឈើ​ធំ ដែល​មេ​នោះ​ដេក ។ ចោរ​បី​នាក់​ឡើង​ទៅ​ដេក​លើ​មែក​​ដោយ​ខ្លួន​ពី​គ្នា ។ ចោរ​ម្នាក់​ឡើង​ទៅ​ក៏​ជួប​នាង​នោះ នៅ​លើ​ចុង​ឈើ, អា​ចោរ​នោះ​ថា «អី ! ហង​ឯង​ស្លាប់​ហើយ​ម្ដង​នេះ ! ហង​ឯង​ធ្លាប់​បញ្ឆោត​យើង ឥឡូវ​ហង​ឯង​រត់​ចុះ​បើ​រួច !» ។ មេ​នោះ​លើក​ប្រាក់​បង្ហាញ ហើយ​ឱន​ខ្សឹប​ថា «ណ្ហើយ​អ្នក ! អ្នក​កុំ​ស្ដី​​កុំ​ឲ្យ​អ្នក​ទាំង​បី​នាក់​ទៀត​ដឹង, ហើយ​យើង​ត្រូវ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ នឹង​យក​ប្រាក់​នេះ​ទៅ​ចាយ​រក​ស៊ី​ស្រួល​ជាង អ្នក​កុំ​ធ្វើ​បាប​ខ្ញុំ​ធ្វើ​អ្វី » ។
អា​ចោរ​ឮ​ដូច្នោះ ក៏​មិន​ស្ដី​​ខិត​ចូល​ទៅ​ជិត លូក​ឱប​កៀក​មេ​នោះ​ហើយ​ថា អើ​ប្អូន​ឯង​ហៅ​ប្រាជ្ញា​ធំ បញ្ឆោត​ខ្ញុំ​ពីរ​បី​ដង​ហើយ ឥឡូវ​បង​បាន​នាង​ជា​ប្រពន្ធ ដោយ​សារ​ព្រេង​សំណាង​យើង និយាយ​ហើយ​ក៏​ឱប​តាម​ចិត្ត​មេត្រី ។ មេ​នោះ​ពុំ​បម្រះ​ហើយ​ថា «ខ្ញុំ​ខ្លាច​ក្រែង​អ្នក​ស្រឡាញ់​ខ្ញុំ​មិន​ស្មោះ, ឯ​ខ្ញុំ​ស្រឡាញ់​អ្នក​ស្មោះ ចិត្ត​មួយ​ហើយ» ។ អា​ចោរ​នោះ​ថា «បង​ស្រឡាញ់​ស្មោះ​ហើយ នាង​ពុំ​ដឹង​ចិត្ត​បង ចង់​ឲ្យ​បង​ស្បថ ឬ​ឲ្យ​បង​ធ្វើ​ម្ដេច ?» ។ មេ​នោះ​ថា «បង​ស្រឡាញ់​ចិត្ត​មួយ​នឹង​គ្នា មាន​តែ​លិទ្ធ​អណ្ដាត​គ្នា» ទើប​មេ​នោះ​លៀន​អណ្ដាត ហើយ​ឱន​ទៅ​រក​អា​ចោរ​នោះ ។ ឯ​អា​ចោរ​លិទ្ធ​អណ្ដាត​មេ​នោះ ហើយ​លៀន​អណ្ដាត​ឲ្យ​មេ​នោះ​លិទ្ធ​វិញ, មេ​នោះ​ខាំ​អណ្ដាត​អា​ចោរ​នោះ​ដាច់​អស់​មួយ​កំណាត់ ហើយ​ច្រាន​ទម្លាក់​ពី​លើ​ចុង​ឈើ​ធ្លាក់​ដល់​ដី​ ស្រែក​ឮ​តែ​ឡុលៗ ។
ឯ​ចោរ​បី​នាក់ គិត​ស្មាន​ថា នាយ​សំពៅ​ចោម​ចាប់ ក៏​លោត​ពី​លើ​មែក​ឈើ​រត់​ទៅ​ហើយ​ស្រែក​ហៅ​គ្នា​ថា «វ៉ឺយ ! គ្នា​យើង​រត់​​នាយ​សំពៅ​ដេញ​ហើយ» ។ អា​ចោរ​ដែល​ដាច់​អណ្ដាត​នោះ ស្រែក​ហៅ​គ្នា​វា​ថា «មេ​នោះ នៅ​លើ​ចុង​ឈើ ត្រូវ​មក​ចាប់» ប៉ុន្តែ​វា​ដាច់​អណ្ដាត​ដូច្នោះ និយាយ​មិន​ច្បាស់ ឮ​តែ​ឡុលៗ , គ្នា​វា​គិត​ស្មាន​ថា​គេ​ដេញ​ចាប់​ចេះ​តែ​ប្រឹង​រត់​យក​តែ​ព្រះ​អាយុ​រៀង​ខ្លួន ។
ឯ​មេ​នោះ​ចុះ​ពី​លើ​ចុង​ឈើ យក​ប្រាក់​ទៅ​ផ្ទះ​ឲ្យ​ប្ដី នៅ​រក​ស៊ី​ជា​មួយ​នឹង​ប្ដី​​ជា​សុខ​សប្បាយ​ត​ទៅ ។
Share:

រឿង គង់ហ៊ាន

កាល​ពីព្រេងនាយ មាន​មនុស្ស​ម្នាក់ ឈ្មោះ​គង់ មាន​ប្រពន្ធ​ពីរ ។ មួយ​ឈ្មោះ​អាង​អាំ មួយ​ឈ្មោះ​នាង​គំ ។ ថ្ងៃ​មួយ​អ្នក​គង់​នាំ​ប្រពន្ធ​ទាំងពីរ​នាក់​ទៅ​សួរ​បងប្អូន​នៅ​ស្រុក​ឆ្ងាយ ។ តាម​ផ្លូវ​នៅ​ស្រុក​នោះ មាន​ខ្លា​សាហាវ ។ អ្នក​គង់​បណ្ដើរ​ប្រពន្ធ​ទាំងពីរ​នាក់ ទៅ​ដល់​ព្រៃ​ធំ​មួយ​ ជិត​ស្រុក​គេ, ព្រៃ​នោះ​តែង​មាន​ខ្លា​ដេញ​ខាំ​មនុស្ស​ក្របី​​គោ ស៊ី​តែ​រឿយៗ ។ លុះ​អ្នក​គង់​ទៅ​ដល់​កន្លែង​នោះ ខ្លា​ក៏​ស្ទុះ​ដេញ ស្រែក​សន្ធាប់​ពី​ចម្ងាយ​មក ។ អ្នក​គង់​រត់​ចូល​រូង​ឈើ ញ័រ​ដៃ​ញ័រ​ជើង រាគ​នោម​ព្រោះ​ភ័យ​ណាស់ ។ នាង​អាំ​និង​នាង​គំ ខំ​ព្រួត​គ្នា​វាយ​ខ្លា​នោះ​ស្លាប់​ទៅ ។
ឯ​អ្នក​គង់ ឃើញ​ប្រពន្ធ​វាយ​ខ្លា​ស្លាប់​ហើយ បាន​ស្ទុះ​ម្នីម្នា​ចេញ​ពី​រូង​ឈើ​មក យក​ដំបង​វាយ​ខ្លា​ស្លាប់​ស្រាប់​នោះ​ថែម​ទៀត ។ ប្រពន្ធ​ទាំងពីរ​បន្ទោស​ប្ដី​ថា «ខ្លា​គេ​វាយ​ងាប់​ហើយ ធ្វើ​ជា​មក​វាយ​ថែម​ទៀត ប្រុស​អី​កំសាក​ញី​ដូច្នេះ » ។ អ្នក​គង់​ជេរ​បំពាន​ទៅ​ប្រពន្ធ​ថា «មិន​ដែល​មាន​ស្រី​ណា​វាយ​ខ្លា​ស្លាប់​ទេ​មាន​តែ​ប្រុស ទើប​ហ៊ាន​វាយ​ខ្លា​ទាល់​តែ​ស្លាប់» ហើយ​អ្នក​គង់​ក៏​បាន​បោច​វល្លិ​ចង​ខ្លា​នោះ​ នាំ​ប្រពន្ធ​សែង​ចូល​ទៅ​ក្នុង​ស្រុក ។ អស់​អ្នក​ស្រុក​ឃើញ​អ្នក​គង់​សែង​ខ្លា​មក គេ​បបួល​គ្នា​ទៅ​មើល​ពាសពេញ ហើយ​គេ​សួរ​ថា «ឯង​ធ្វើ​ដូចម្ដេច​បាន​ជា​បាន​ខ្លា​នេះ ត្បិត​ខ្លា​នេះ​សាហាវ​ណាស់ វា​តែង​តែ​ខាំ​មនុស្ស​ម្នា​ក្របី​គោ ស៊ី​ច្រើន​ណាស់​ហើយ» ។ ប្រពន្ធ​អ្នក​គង់​ក៏​និយាយ​ប្រាប់​អ្នក​ស្រុក​ថា «អ្នក​គង់​គាត់​ឃើញ​ខ្លា​វា​បោល​មក​ គាត់​រត់​ចូល​ក្នុង​រូង​ឈើ ខ្ញុំ​ពីរ​នាក់​ជា​ស្រីៗ​ព្រួត​គ្នា​វាយ​ខ្លា​ទាល់​តែ​ស្លាប់» ។ អ្នក​គង់​ឮ​ប្រពន្ធ​និយាយ​ប្រាប់​គេ​ដូច្នោះ ក៏​បញ្ចោរ​រំលោភ​ទៅ​លើ​ប្រពន្ធ​ថា «មិន​ដែល​មាន​ស្រី​ណា​ខ្លាំង​ពូកែ​ ហ៊ាន​វាយ​ខ្លា​ស្លាប់​ទេ មាន​តែ​ប្រុស​ទើប​ខ្លាំង​ពូកែ ហ៊ាន​វាយ​ខ្លា​ឲ្យ​ស្លាប់​បាន» ។ អ្នក​គង់​ក៏​អួត​ប្រាប់​អ្នក​ស្រុក​ថា «កាល​ដែល​ខ្លា​វា​ស្ទុះ​មក​នឹង​ខាំ​ដូច្នេះ ខ្ញុំ​ដាក់​ស្នៀត​គុន​ដូច្នេះ បាន​ជា​វាយ​វា​បាន» ហើយ​អ្នក​គង់​ធ្វើ​ជា​លោត​គុន​វាយ​ខ្លា ឲ្យ​អ្នក​ស្រុក​មើល ។ ឯ​អស់​អ្នក​ស្រុក​កោត​ខ្លាច​អ្នក​គង់​រាល់​គ្នា ហើយ​ឲ្យ​ឈ្មោះ​ថា « គង់ហ៊ាន» តាំង​ពី​ថ្ងៃ​នោះ​មក ឮ​ល្បី​ឈ្មោះ​គង់ហ៊ាន ជា​អ្នក​ពូកែ ចេះ​គុន​វាយ​ខ្លា​ស្លាប់ ។ រឿង​នេះ​ជ្រាប​ដល់​ស្ដេច​ៗ ក៏​ឲ្យ​យក​ទៅ​ចិញ្ចឹម​ធ្វើ​ជា​សេនា​សម្រាប់​ច្បាំង​សង្គ្រាម ។
លុះ​យូរ​បន្តិច​ទៅ ចួន​ជា​មាន​សឹក​គេ​លើក​មក​ច្បាំង​យក​នគរ ស្ដេច​ទ្រង់​ប្រើ​គង់ហ៊ាន​ឲ្យ​ទៅ​ច្បាំង ។ គង់ហ៊ាន ឮ​ស្ដេច​ទ្រង់​ប្រើ​ឲ្យ​ទៅ​ជួយ​ច្បាំង​សឹក​ដូច្នោះ ភ័យ​ណាស់​ពុំ​ដឹង​បើ​គិត​ដូចម្ដេច នឹង​មិន​ទៅ​ច្បាំង​មិន​បាន ត្បិត​ស្ដេច​ទ្រង់​ប្រើ​ហើយ ហើយ​ខ្លួន​បាន​ទាំង​ល្បី​ឈ្មោះ​ជា​អ្នក​ខ្លាំង​ពូកែ​ផង ត្រឡប់​មក​វិញ ដេក​សន្ធឹក​សន្ធៃ​អត់​បាយ ។ ប្រពន្ធ​ទាំងពីរ​នាក់​ចូល​ទៅ​សួរ​ថា ម្ដេច​បាន​ជា​អ្នក​ដេក​អត់​បាយ​ដូច្នេះ មាន​បើ​ហេតុភេទ​អ្វី ប្រការ​ដូចម្ដេច ? ។ គង់​ហ៊ាន​ប្រាប់​ថា ត្បិត​ស្ដេច​ទ្រង់​ប្រើ​បង​ឲ្យ​ទៅ​ច្បាំង​សឹក ឥឡូវ​នេះ បង​ខ្លាច​សឹក​នោះ​ណាស់ មិន​ដឹង​បើ​គិត​ដូចម្ដេច​ទេ ប្រពន្ធ​ឆ្លើយ​ឡើង​ថា អ្នក​កុំ​ព្រួយ​ចិត្ត​ធានា​លើ​ខ្ញុំ​ទាំងអស់ អ្នក​ក្រោក​ឡើង​ ពិសា​បាយ​ឲ្យ​ឆ្អែត ងូត​ទឹក​ឲ្យ​ស្រួល​ខ្លួន​ចុះ ។ គង់ហ៊ាន​ឮ​ប្រពន្ធ​លួងលោម​ដូច្នោះ បាន​ធូរ​ក្នុង​ចិត្ត ក្រោក​ឡើង​ងូត​ទឹក ស៊ី​បាយ រៀប​គ្រឿង​ប្រដាប់​ទៅ​ច្បាំង, លុះ​រៀប​រួច​ហើយ​ដល់​បាន​ពេលា​ល្អ ក៏​ចូល​ទៅ​ក្រាប​បង្គំ​លា​ស្ដេច​ចេញ​ទៅ​ច្បាំង, យក​ទាំង​ប្រពន្ធ​ទៅ​ផង ។ គង់ហ៊ាន​ជិះ​ខាង​ក្បាល​ដំរី ប្រពន្ធ​ជិះ​ខាង​ក្រោយ មាន​រេហ៍ពល​ហែហម​អម​មុខ​ក្រោយ​ជា​ក្បួន​ទ័ព​ត្រៀបត្រា​ពាសពេញ លុះ​ជិះ​ទៅ​ជិត​ខ្មាំង​សត្រូវ​មើល​ឃើញ​ច្បាស់​ប្រាកដ គង់ហ៊ាន​ភ័យ​ណាស់​ លេច​អាចម៍​លេច​នោម​ញ័រ​ដៃ​ជើង​ដូច​គេ​អង្រួន​ក្បាល​ដំរី ។ ឯ​ដំរី​គិត​ស្មាន​ថា​ គេ​អង្រួន​ឲ្យ​ខ្លួន​បោល​ចូល​ក៏​ចេះ​តែ​បោល​សម្រុក​ចូល​ទៅ មុន​រេហ៍ពល​ទាំងអស់​គ្មាន​នរណា​តាម​ទាន់ ។
ឯ​ខ្មាំង​សត្រូវ​ឃើញ​គង់ហ៊ាន​បំបោល​ដំរី​ចូល​ដូច្នោះ គិត​ស្មាន​ថា​មេទ័ព​នេះ​ពូកែ​ណាស់​ ក៏​បាក់​ទ័ព​ចាញ់ រត់​យក​តែ​ព្រះ​អាយុ​ដោយ​ខ្លួន​ទៅ ។ គង់ហ៊ាន​ឃើញ​ខ្មាំង​រត់​ទៅ​អស់​ក៏​ធ្វើ​ជា​អួត​ក្អេងក្អាង​ ឲ្យ​អស់​នាហ្មឺន​និង​រេហ៍ពល​កោត​ខ្លាច ។ អស់​នាហ្មឺន​ឃើញ​គង់ហ៊ាន​លេច​អាចម៍​ដាក់​ក្បាល​ដំរី ស្អុយ​ពាសពេញ​ដូច្នេះ​ គេ​សួរ​ថា «លោក​មេទ័ព ថ្វី​ក៏​លេច​លាមក​ដូច្នេះ ?» ។ គង់ហ៊ាន​ឆ្លើយ​ឡើង​ថា «បើ​កំពុង​តែ​ច្បាំង​នឹង​សត្រូវ​ហើយ​ឈឺ​ផ្ទៃ និង​ចុះ​ទៅ​ដោះ​ទុក្ខ​សត្វ​ឯណា​បាន មាន​តែ​ដោះ​ទុក្ខ​សត្វ​លើ​ក្បាល​ដំរី​ដូច្នេះ​ឯង បើ​រវល់​តែ​ដោះ​ទុក្ខ​សត្វ ខ្មាំង​វា​មិន​កាប់​ស្លាប់​ឥត​អំពើ​ទៅ​ហើយ​ឬ ? »
អស់​នាហ្មឺន​និង​រេហ៍ពល​ ឮ​គង់ហ៊ាន​និយាយ​ដូច្នោះ អ្នក​ខ្លះ​មាន​ប្រាជ្ញា​ គេ​ដឹង​ថា​គង់ហ៊ាន​ខ្លាច, អ្នក​ខ្លះ​មិន​សូវ​មាន​ប្រាជ្ញា ក៏​កោត​ខ្លាច​គង់ហ៊ាន​ណាស់ ។ ឯ​គង់ហ៊ាន​បាន​ឈ្នះ​ទ័ព ត្រឡប់​ចូល​មក​ក្នុង​នគរ​វិញ​ ហើយ​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​ស្ដេច ។
ស្ដេច​ទ្រង់​ជ្រាប​ថា គង់ហ៊ាន​ទៅ​ច្បាំង​ឈ្នះ ដេញ​ខ្មាំង​រត់​ខ្ចាត់ខ្ចាយ​អស់​ទៅ ទ្រង់​ត្រេកអរ​ណាស់ ទ្រង់​ព្រះរាជទាន​យស​សក្ដិ​ជា​នាហ្មឺន​ធំ ហើយ​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​គ្រឿង​បណ្ណាការ​ជា​ច្រើន ។
តាំង​អំពី​ថ្ងៃ​នោះ​មក គង់ហ៊ាន រឹត​តែ​អួត​ខ្លាំង​ពូកែ​ក្អេងក្អាង​ឡើង​ទៀត ។ លុះ​ក្រោយ​មក​ទៀត​ មាន​ក្រពើ​សាហាវ​មួយ ចេះ​តែ​ដេញ​ខាំ​អស់​មនុស្ស​ម្នា អ្នក​ឈ្មួញ​ជួញ​លក់ដូរ ដើរ​រកស៊ី​ខាង​ជើង​ទឹក​ជើង​កំពង់ គេ​ខ្លាច​រអា​គ្រប់​គ្នា​ មិន​មាន​អ្នក​ណា​ហ៊ាន​ចុះ​មុជ​ទឹក ឬ​ដើរ​ងូត​សោះ ។ អស់​រាស្ត្រ​លំបាក​ចិត្ត​ណាស់ ។ រឿង​នោះ​ក៏​ជ្រាប​ទៅ​ដល់​ស្ដេច​ៗ ទ្រង់​ត្រាស់​ប្រើ​ឲ្យ​គង់ហ៊ាន​ទៅ​ចាប់​ក្រពើ ។ ឯ​គង់ហ៊ាន​ឮ​ព្រះ​បន្ទូល​ដូច្នោះ​នឹក​ភ័យ​ណាស់ ប៉ុន្តែ​មិន​ហ៊ាន​ទទឹង​ព្រះ​បន្ទូល ក៏​ទទួល​ថា នឹង​យក​អាសា​សូម​ទ្រង់​កុំ​ព្រួយ​ព្រះរាជហឫទ័យ ។ គង់ហ៊ាន​ត្រឡប់​មក​ដល់​ផ្ទះ​និយាយ​នឹង​ប្រពន្ធ​ថា «គេហ៍​អើយ ! ឥឡូវ​នេះ​ស្ដេច​ទ្រង់​ប្រើ​យើង​ឲ្យ​ទៅ​ចាប់​ក្រពើ​ក្នុង​ទន្លេ ត្បិត​ក្រពើ​សាហាវ​ណាស់, ម្ដង​នេះ​ឃើញ​ជា​មិន​រួច​ខ្លួន​ទេ មុខ​ជា​ក្រពើ​ខាំ​ស្លាប់​មិន​ខាន, ពី​មុន​នៅ​លើ​គោក​គ្រាន់​នឹង​មើល​ទៅ​ឃើញ ឥឡូវ​នេះ​នៅ​ក្នុង​ទឹក ធ្វើ​ដូចម្ដេច​នឹង​គេច​រួច ? ប៉ុន្តែ​ស្ដេច​ទ្រង់​ប្រើ​ហើយ​នឹង​មិន​ទៅ​ក៏​មិន​បាន បើ​ដូច្នេះ​មាន​តែ​ទៅ​លោត​ទឹក​ឲ្យ​ក្រពើ​ខាំ​ស្លាប់​តែ​ម្ដង​ទៅ » គង់ហ៊ាន​គិត​គ្នា​នឹង​ប្រពន្ធ​ដូច្នោះ​ហើយ ក៏​ហៅ​អស់​កូន​ក្មួយ​មក​ធ្វើ​ជា​ទៅ​ចាប់​ក្រពើ ។ អស់​មនុស្ស​ម្នា មហាជន បាន​ឮ​ថា​គង់ហ៊ាន​បាន​ទៅ​ចាប់​ក្រពើ ក៏​បបួល​គ្នា​ទៅ​មើល​ពាសពេញ ។ លុះ​គង់ហ៊ាន​ទៅ​ដល់​កំពង់​ទឹក បាន​ឃើញ​ក្រពើ​ហែល​មក​ប្រប​ច្រាំង​ ត្រង់​ទី​ដែល​មាន​ដើម​ឈើ​ពីរ​ដើម​ដុះ​ជិត​គ្នា មាន​ប្រគាប គាត់​ក៏​ស្ទុះ​លោត​ចុះ​ទៅ​ក្នុង​ទឹក​ត្រង់​ទីនោះ ដោយ​គិត​ថា លោត​ទៅ​ឲ្យ​ក្រពើ​វា​ខាំ​ឲ្យ​ស្លាប់​ទៅ​ទេ ប៉ុន្តែ​ក្រពើ​វា​ឮ​សូរ​សន្ធឹក​គង់ហ៊ាន​លោត​ចុះ​ក៏​ភ្ញាក់​ព្រើត ប្រឹង​លោត​ឡើង​ដូច​គេ​ប្រហក​ក្នុង​ប្រគាប​ឈើ ជាប់​ពាក់​កណ្ដាល​ខ្លួន​រុញ​ទៅ​មុខ​ ក៏​មិន​រួច ថយ​មក​ក្រោយ​ក៏​មិន​រួច ។ គង់ហ៊ាន​មុជ​ទៅ​ក្នុង​ទឹក​ងើប​ឡើង​ឃើញ​ក្រពើ​ជាប់​នឹង​ដើម​ឈើ​ដូច្នោះ​ ស្រែក​បង្គាប់​កូន​ក្មួយ ឲ្យ​យក​លំពែង​មក​ចាក់ កាប់​ក្រពើ​នោះ​ស្លាប់​ទៅ ។ ឯ​អ្នក​ដែល​មើល​ទាំង​ប៉ុន្មាន គេ​គិត​ស្មាន​ថា​គង់ហ៊ាន​ចាប់​ក្រពើ​បោះ​មក​ឲ្យ​ជាប់​នឹង​ដើម​ឈើ ក៏​កោត​ខ្លាច​គង់ហ៊ាន​ក្រៃពេក ។
គង់ហ៊ាន បាន​ឃើញ​ក្រពើ​ស្លាប់​ដូច្នោះ​ ក៏​រឹត​តែ​ក្អេងក្អាង​ អួត​ខ្លាំង​ពូកែ​ឡើង​ទៀត​ ហើយ​ចូល​ទៅ​ក្រាប​ទូល​ស្ដេច តាម​ខ្លួន​បាន​ចាប់​ក្រពើ​ចោល​ឡើង​មក​លើ​គោក ។ ស្ដេច​ក៏​ទ្រង់​សព្វ​ព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​យស​សក្ខី​ ឲ្យ​គង់ហ៊ាន​ឡើង​ជា​ធំ​លើស​ពី​មុន​ទៀត​ ហើយ​ទ្រង់​ព្រះរាជទាន​ទាំង​អំណាច​ ទាំង​រង្វាន់​ជា​ច្រើន ។
Share:

រឿង ពស់​កេងកង

កាល​ពីព្រេងនាយ នៅ​លើ​ដី​យើង​នេះ គ្រប់​ស្រុក​ទាំងអស់​មិន​មាន​ពស់​ពិស និង​ពស់​ឥត​មាន​ពិស​ទេ មាន​តែ​ពស់​កេងកង ។
មាន​និទាន​ថា : កាល​ដើម​ឡើយ​ មាន​មនុស្ស ២ នាក់​ប្ដី​ប្រពន្ធ, ប្រពន្ធ​ឈ្មោះ​នាង​នី​មាន​កូន​ស្រី​មួយ​ឈ្មោះ​នាង​អេត ។ ប្ដី​នោះ​ទៅ​ជួញ​អង្កាំ បាត់​ជា​យូរ​អង្វែង ។ ថ្ងៃ​មួយ​អស់​បងប្អូន​ជិត​ខាង គេ​បបួល​គ្នា​ទៅ​រក​ឧស ។ ឯ​នាង​នី​ឮ​គេ​ថា​បបួល​គ្នា​ក៏​ទៅ​ជាមួយ​នឹង​គេ​ដែរ យក​នាង​អេត​ជា​កូន​ទៅ​ផង លី​ដឹង​ចូល​ព្រៃ​បាន​ឃើញ​ឧស​មួយ​ធំ ។ នាង​នី​យក​ដឹង​ពុះ​ឧស លុះ​ពុះ​យូរ​បន្តិច​ទៅ​ដឹង​ក៏​រង្គោះ​ធ្លាក់​ទៅ​ក្នុង​រន្ធ​ពស់ ។ នាង​នី​មើល​ទៅ​ឃើញ​ដឹង​និង​ពស់​កេងកង ក៏​និយាយ​នឹង​ពស់​នោះ​ឲ្យ​ហុច​ដឹង​ឲ្យ ។ ឯ​ពស់​កេងកង​ឆ្លើយ​ឡើង​ថា «អើ ! បើ​នាង​ឯង​ដោយ​អញ ធ្វើ​ប្រពន្ធ​អញ​ទើប​អញ​ឲ្យ​ដឹង បើ​នាង​ឯង​មិន​ដោយ​អញ មិន​ធ្វើ​ជា​ប្រពន្ធ​អញ​ទេ​នោះ អញ​មិន​ឲ្យ​ដឹង​ទេ» ។ នាង​នី​ឮ​ពស់​កេងកង​ថា​ដូច្នោះ​ហើយ ហេតុ​តែ​ជា​ស្រី​ខូច ក៏​ទទួល​ព្រម​ថា អើ ! លែង​តែ​អ្នក​ឲ្យ​ដឹង​មក​ខ្ញុំ​ចុះ ចាំ​ល្ងាច សឹម​ខ្ញុំ​ឲ្យ​មេ​អេត​មក​ហៅ » ។ ពស់​កេងកង​ឮ​នាង​នី​ថា​ដូច្នោះ​ក៏​ឲ្យ​ដឹង​មក ។ នាង​នី​ផ្ដាំ​ថា «ដល់​ល្ងាច សឹម​ឲ្យ​មេ​អេត​មក​ហៅ » ហើយ​នាង​នី​ក៏​ទូល​ឧស​ទៅ​ផ្ទះ​ជា​មួយ​នឹង​នាង​អេត ។ លុះ​ដល់​ព្រលប់​នាង​នី ក៏​ប្រើ​មេ​អេត​ជា​កូន​ឲ្យ​ទៅ​ហៅ​ពស់​កេងកង ។ នាង​អេត​ទៅ​ដល់​ឈរ​នៅ​មាត់​រន្ធ​ពស់ ហៅ​ថា «ពស់​កេងកង​អើយ​ នាង​នី​ឲ្យ​ហៅ ! » ។ ឯ​ពស់​កេងកង​ឮ​ហើយ​លូន​ចេញ​មក ។ នាង​អេត​ឃើញ​ពស់​ក៏​ភ័យ​ខ្លាច​ព្រឺ​ស្ញើប​អស់​ទាំង​ខ្លួន ប៉ុន្តែ​ខ្លាច​ម្ដាយ​ព្រោះ​ម្ដាយ​ប្រើ​មក ក៏​ខំ​សង្កត់​ចិត្ត​នាំ​ពស់​ទៅ​ផ្ទះ ។ ពស់​នោះ​ធំ​ណាស់ លូន​ទៅ​លើ​ស្មៅ​បាក់​រាប​អស់ ដល់​ផ្ទះ​ហើយ​ក៏​ឡើង​ទៅ​ដេក​ជា​មួយ​នឹង​នាង​នី ។ នាង​នី​និយាយ​នឹង​ពស់​កេងកង​ថា «ខ្ញុំ​មាន​ប្ដី​ ឥឡូវ​នេះ​គាត់​ទៅ​ជួញ​អង្កាំ​ពីរ បី​ឆ្នាំ​មក​ម្ដងៗ » ។ ពស់​កេងកង​សួរ​ថា «ប្ដី​នាង​ឯង​ទៅ​ប៉ុន្មាន​ថ្ងៃ ប៉ុន្មាន​ខែ ទៀត​នឹង​មក​ដល់ ?» នាង​នី​ឆ្លើយ​ថា«មិន​ដឹង​ជា​ប៉ុន្មាន​ខែ ប៉ុន្មាន​ថ្ងៃ​ទៀត នឹង​មក​ដល់​ទេ» ពស់​កេងកង​និង​នាង​នី ក៏​ដេក​លក់​ជា​មួយ​គ្នា​ទៅ ដល់​ជិត​ភ្លឺ​ទើប​ពស់​កេងកង​លា​នាង​នី​ទៅ​រូង​វិញ ។ នាង​នី​ផ្ដាំ​ថា «បើ​ប្ដី​ខ្ញុំ​មក ខ្ញុំ​មិន​ឲ្យ​មេ​អេត​ទៅ​ហៅ​ទេ អ្នក​កុំ​មក, បើ​ប្ដី​ខ្ញុំ​មិន​ទាន់​មក​នោះ ខ្ញុំ​ប្រើ​មេ​អេត​ឲ្យ​ទៅ​ហៅ​អ្នក សឹម​អ្នក​មក»។ពស់​កេងកង​ក៏​ទៅ​ឯ​រូង​ខ្លួន​វិញ​ទៅ ។ រាល់​តែ​ល្ងាច​នាង​នី​ប្រើ​មេ​អេត​ឲ្យ​ទៅ​ហៅ​ពស់​កេងកង ។ នាង​អេត​ខ្លាច​ម្ដាយ​ក៏​ទៅ​ហៅ​តាម​ពាក្យ​ម្ដាយ​ប្រើ ប៉ុន្តែ​ក្នុង​ចិត្ត​ខ្លាច​ពស់​នោះ​ណាស់ ត្បិត​ពស់​នោះ​ធំ​ណាស់ ហើយ​វែង​ផង ។ មួយ​ទៀត ខឹង​ក្នុង​ចិត្ត ត្បិត​ម្ដាយ​សហាយ​នឹង​ពស់ ។ នាង​អេត​ទៅ​ដល់​មាត់​រូង​ហើយ​ហៅ​ថា «ពស់​កេងកង​អើយ នាង​នី​ឲ្យ​ហៅ» ពស់​កេងកង​ឮ​ក៏​លូន​ចេញ​មក​ហើយ​ឆ្លើយ​ថា «អេត​អើយ! ថា​អញ​មិន​ទៅ​ឪពុក​អេត​នៅ​កាត់​ក្បាល​អញ​ដាច់» នាង​អេត​ឆ្លើយ​ថា «ឪពុក​អញ​ទៅ​ជួញ​អង្កាំ ពីរ បី​ឆ្នាំ​មិន​ទាន់​មក​ដល់» ។ ពស់​កេងកង​ឮ​នាង​អេត​ប្រាប់​ដូច្នោះ ក៏​លូន​ចេញ​អំពី​រន្ធ​មក ហើយ​ចេះ​តែ​ទៅ​មក​ៗ​តែ​សព្វ​ថ្ងៃ ។ នាង​នី​សហាយ​នឹង​ពស់​កេងកង​ទាល់​តែ​ផើម ។ លុះ​យូរ​បន្តិច​ទៅ​ប្ដី​នាង​នី​មក​ពី​ជួញ​អង្កាំ​វិញ ឃើញ​នាង​នី​ពោះ​ធំ​នឹក​សង្ស័យ ក៏​សួរ​នាង​អេត​ជា​កូន ។ នាង​អេត​ប្រាប់​ឪពុក​ថា «ម៉ែ​គាត់​សហាយ​នឹង​ពស់​កេងកង តែ​វេលា​ព្រលប់​កាលណា​ឲ្យ​ខ្ញុំ​ទៅ​ហៅ​តែ​សព្វ​ថ្ងៃ»។ ឪពុក​ឮ​នាង​អេត​ប្រាប់​ដូច្នោះ​ក៏​និយាយ​នឹង​នាង​អេត​ថា «ដល់​ល្ងាច​ហង​ឯង​ទៅ​ហៅ​ពស់​នោះ​ទៀត អញ​ចាំ​កាប់​វា​នៅ​មាត់​ទ្វារ ហើយ​ហង​ឯង​កុំ​ឲ្យ​ម្ដាយ​ហង​ឯង​ដឹង» ។ ឯ​នាង​អេត​លុះ​ដល់​ព្រលប់​ក៏​ទៅ​ហៅ​ពស់​កេងកង​ថា «ពស់​កេងកង​ៗ ! នាង​នី​ឲ្យ​ហៅ » ។ ពស់​កេងកង​ឮ​ហើយ​ឆ្លើយ​ថា «អេត​អេត​អើយ ! ថា​អញ​មិន​ទៅ ឪពុក​អេត​នៅ​កាត់​ក​អញ​ដាច់» ។ នាង​អេត​ឆ្លើយ​ថា «ឪពុក​អញ​ទៅ​ជួញ​អង្កាំ​ពីរ បី​ឆ្នាំ​មិន​ទាន់​មក​ដល់» ។ ពស់​កេងកង​ឮ​នាង​អេត​ប្រាប់​ដូច្នោះ​ស្មាន​ថា ឪពុក​នាង​មិន​ទាន់​មក​ពី​ជួញ​អង្កាំ​មែន ក៏​ទៅ​ដូច​សព្វ​ថ្ងៃ ។ ឯ​ឪពុក​នាង​អេត​កាន់​ដាវ​ពួន​នៅ​មាត់​ទ្វារ​ចាំ​កាប់ ។ ពស់​កេងកង​លូន​ចូល​ក្នុង​ទ្វារ​បន្តិច​ ឪពុក​នាង​អេត​កាត់​ក​ដាច់​ ហើយ​កាត់​មួយ​កំណាត់​ខាង​កន្ទុយ​យក​ទៅ​ដាក់​លើ​ស្កាក មួយ​កំណាត់​ខាង​ក្បាល​យក​ទៅ​ដាក់​លើ​មែក​ពុទ្រា ឯ​កណ្ដាល​ខ្លួន​យក​ទៅ​ពន្លះ​ពន្លាត់​ស្បែក​ចោល ហើយ​ផ្ដាំ​នាង​អេត​ថា «កុំ​ឲ្យ​ម្ដាយ​ហង​ឯង​ដឹង តែ​ត្រូវ​ទុក​សាច់​ស្ល​ឲ្យ​ម្ដាយ​ហង​ឯង​ស៊ី» ។ ឪពុក​នាង​អេត​ក៏​លាង​ឈាម​ពស់​ជ្រះ​អស់​មិន​ឲ្យ​មាន​សល់ ។ ឯ​នាង​នី​ពុំ​បាន​ដឹង​ជា​ប្ដី​កាប់​ពស់​សហាយ​ស្លាប់​ទេ ព្រោះ​ពេល​នោះ​នាង​នី​មិន​នៅ ទៅ​សួរ​បងប្អូន​នៅ​ផ្ទះ​ឆ្ងាយ ។ លុះ​ព្រឹក​ឡើង​នាង​អេត​យក​សាច់​ពស់​មក​ស្ល​ទុក​ឲ្យ​នាង​នី​ជា​ម្ដាយ​ស៊ី ។ នាង​នី​ឃើញ​សម្ល​ខ្លាញ់​រលើប​ទាំង​ចាន​ទាំង​ឆ្នាំង ក៏​សួរ​នាង​អេត​ថា «បាន​សាច់​អ្វី​ស្ល​មី​អេត !» ។ នាង​អេត​ប្រាប់​ថា «សាច់​ជ្រូក » ។ នាង​នី​គិត​ស្មាន​ថា​សាច់​ជ្រូក​មែន ក៏​ឲ្យ​មី​អេត​ដួស​សម្ល​យក​មក​ស៊ី​បាយ ។ កាល​នាង​អេត​ដួស​សម្ល​មក​ឲ្យ​នាង​នី​ជា​ម្ដាយ​ស៊ី​នោះ មាន​ក្អែក​មួយ​វា​ឃើញ​ក្បាល​ពស់​ដាក់​លើ​មែក​ពុទ្រា វា​ចង់​ស៊ី​សាច់​ពស់ វា​បូល​ថា « កឡូវៗ​ក្លេមក្លម​លេប​សាច់​ប្ដី​ឯង » ។ នាង​នី​កំពុង​ស៊ី​បាយ​ឮ​ក្អែក​បូល​ដូច្នោះ ក៏​មើល​ទៅ​លើ​មែក​ពុទ្រា​ឃើញ​ក្បាល​ពស់​កេងកង​លើ​មែក​ឈើ ហើយ​នាង​នី​នឹក​អាណិត​ស្រក់​ទឹក​ភ្នែក តែ​នាង​ពុំ​ហ៊ាន​យំ​​ព្រោះ​ខ្លាច​ប្ដី​ដែល​អង្គុយ​ស៊ី​បាយ​ជា​មួយ​គ្នា ។ ប្ដី​ឃើញ​នាង​នី​ស្រក់​ទឹក​ភ្នែក​ក៏​សួរ​ថា « ហេតុ​ដូចម្ដេច​បាន​ជា​ស្រក់​ទឹក​ភ្នែក ? » ។ នាង​នី​ឆ្លើយ​ថា «ស៊ី​បាយ​ក្ដៅ សម្ល​ក្ដៅ​រឭក​កូនចៅ រលោង​ទឹក​ភ្នែក »។ ឯ​ក្អែក​នោះ​ចេះ​តែ​បូល​ថា «កឡូវៗ​ ក្លេមក្លម​លេប​សាច់​ប្ដី​ឯង ក្បាល​ដាក់​លើ​ដើម​ពុទ្រា កន្ទុយ​ដាក់​លើ​ស្កាក» ។ នាង​នី​មើល​ទៅ​លើ​ស្កាក​ឃើញ​កន្ទុយ​ពស់​កេងកង​លើ​នោះ ។ ឯ​ប្ដី​នាង​នី​ដឹង​ថា​ប្រពន្ធ​សហាយ​នឹង​ពស់​កេងកង​ពិត​ប្រាកដ​ហើយ ក៏​នឹក​ភ្នក​ក្នុង​ចិត្ត​ខឹង​ចង់​សម្លាប់​នាង​នី ប៉ុន្តែ​ធ្វើ​មិន​ឲ្យ​នាង​នី​ដឹង​ខ្លួន ។ ដល់​នាង​នី​ផើម​ចាស់​ផ្ទៃ ជិត​នឹង​សម្រាល​ប្ដី​បបួល​ទៅ​កក់​សក់​នៅ​មាត់​បឹង លុះ​ដើរ​ទៅ​ដល់​មាត់​បឹង​ប្រាប់​ប្រពន្ធ​ថា «ទៅ​ទៀត​ឲ្យ​ឆ្ងាយ​ពី​ស្រុក​គេ យើង​នឹង​កក់​សក់​លេង​ឲ្យ​សប្បាយ​តែ​ពីរ​នាក់​ម្ដង» ។ នាង​នី​មិន​ដឹង​ខ្លួន​ឯង​ថា​ប្ដី​សម្លាប់ ស្មាន​ថា​ប្ដី​នាំ​ទៅ​កក់​សក់​មែន ក៏​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ឆ្ងាយ​ទៅ ។ លុះ​ឃើញ​កំពង់​មួយ​រាប​ស្អាត វាល​ល្អ ប្ដី​ប្រាប់​ប្រពន្ធ​ថា «កំពង់​នេះ​រាប​សប្បាយ យើង​ឈប់​កក់​សក់​នៅ​នោះ​ចុះ» ឯ​នាង​នី​មិន​ដឹង​ខ្លួន​ជា​ប្ដី​គិត​សម្លាប់​ក៏​អង្គុយ​កក់​សក់​នៅ​មាត់​ច្រាំង ។ ប្ដី​នោះ​ក៏​ហូត​ដាវ​កាប់​នាង​នី​ពី​ក្រោយ​ខ្នង​មិន​ឲ្យ​ដឹង​ខ្លួន ដាច់​ពាក់​កណ្ដាល​ខ្លួន​ស្លាប់​ទៅ ។ ពេល​នោះ​ឃើញ​សុទ្ធ​តែ​កូន​ពស់​លូន​ចេញ​មក​អំពី​ពោះ​នាង​នី​មក ។ ប្ដី​នាង​នី​ក៏​កាប់​កូន​ពស់​នឹង​ដាវ ខ្លះ​កាប់​មិន​ទាន់ ក៏​លូន​ចូល​ទៅ​ក្នុង​ក្រហែង​ដី ខ្លះ​មុជ​ក្នុង​ទឹក ខ្លះ​ចូល​ទៅ​ក្នុង​ព្រៃ ។ ព្រោះ​ហេតុ​នេះ​បាន​ជា​មាន​ពស់​ច្រើន​បែប​ច្រើន​យ៉ាង មក​ដល់​ឥឡូវ​នេះ ។
Share:

រឿង ចចក

កាល​ពី​ព្រេងនាយ មាន​ចចក​ត្រោស​ធំ​មួយ ដល់​ខែ​លំហើយ វា​ដើរ​រក​ត្រពាំង​បឹងបួ​ដែល​រីង​ទឹក ដើម្បី​ចាប់​ត្រី​ស៊ី ។ លុះ​ទៅ​ដល់​ត្រពាំង​មួយ​រីង​ទឹក​អស់ នៅ​តែ​ប្រឡង់​មួយ​ឃើញ​សុទ្ធតែ​ភក់ មាន​ត្រី កំពឹស បង្កង ក្ដាម ជា​ច្រើន​ណាស់ ។ ចចក​ឃើញ​ហើយ​មាន​ចិត្ត​ត្រេកអរ​រីករាយ​គិត​ថា «ថ្ងៃ​នេះ​អញ​មាន​លាភ​ធំ​ណាស់ ជា​លាភ​ចម្លែក​ជាង​សព្វ​ថ្ងៃ» ។ ឯ​កំពឹស​មាន​ប្រាជ្ញា ឮ​ចចក​ថា​ដូច្នោះ​ហើយ ក៏​និយាយ​លួងលោម​ចចក​ថា «យើង​ទាំងអស់​គ្នា​សុទ្ធ​តែ​ចំណី​បង​ចចក​ឯង​ទាំងអស់​ហើយ ប៉ុន្តែ​យើង​ប្រឡាក់​ភក់​ណាស់ បង​ឯង​ស៊ី​យើង​ទាំង​ភក់​ដូច្នេះ មិន​ឆ្ងាញ់​ពិសា​ទេ» ។ ចចក​ឆ្លើយ​ថា «ធ្វើ​ដូចម្ដេច​នឹង​ឆ្ងាញ់​ពិសា ?» ។ កំពឹស​ឆ្លើយ​ថា «ត្រូវ​បង​ចចក​យក​យើង​ទៅ​លាង​ទឹក​ឲ្យ​ជ្រះ​ស្អាត ហើយ​សឹម​ស៊ី​នោះ​ទើប​ឆ្ងាញ់​ពិសា» ។ ចចក​ថា «ដូចម្ដេច​នឹង​យក​ទៅ​លាង​បាន​បើ​ច្រើន​ដល់​ម្ល៉េះ?»។ កំពឹស​ថា «បង​ចចក​កុំ​ព្រួយ​ចិត្ត ខ្ញុំ​ធានា​គិត​ឲ្យ​បង​បាន​ស្រួល​ប៉ុន្តែ​ត្រូវ​បង​ឯង​តាម​ខ្ញុំ»។ ចចក​ឆ្លើយ​ឡើង​ថា «បង​ឯង​ធ្វើ​ដូច​ម្ដេច​ក៏​ខ្ញុំ​តាម​ទាំងអស់» ។ កំពឹស​ថា «ធ្វើ​ដូច្នេះ​ចូរ​បង​ឯង​ចូល​មក​ដេក​ននៀល​ក្នុង​ភក់​នេះ ហើយ​យើង​រាល់​គ្នា​នឹង​បាន​តោង​ខាំ​រោម​បង​ឯង បង​ឯង​នាំ​យើង​ទៅ​រក​ស្ទឹង​បឹងបួ​ឯណា ដែល​មាន​ទឹក​ថ្លា​ច្រើន បង​ឯង​លាង​យើង​ឲ្យ​ស្អាត ហើយ​សឹម​បង​ឯង​ស៊ី​ឆ្ងាញ់​ពីសា​តាម​ចិត្ត​ចុះ» ។ ឯ​ចចក​ជា​សត្វ​លោភ​ហើយ​ល្ងង់ ក៏​ធ្វើ​តាម​ពាក្យ​កំពឹស ។ កំពឹស​និង​ត្រី ក៏​បបួល​គ្នា​តោង​រោម​ចចក​ទៅ លុះ​ទៅ​ដល់​បឹង​មួយ​ធំ​វែង មាន​ទឹក​ថ្លា​ល្អ ចចក​ដើរ​ចុះ​ទៅ​ក្នុង​ទឹក អស់​ត្រី​កំពឹស​លោត​ទៅ​ក្នុង​ទឹក ហើយ​ប្រាប់​ថា «បង​ចចក​ឯង​ទៅ​ជញ្ជូន​មក​ឲ្យ​អស់​សិន សឹម​មក​ស៊ី​ឲ្យ​ឆ្អែត​តែ​ម្ដង យើង​នៅ​ចាំ​បង​នៅ​ទីនេះ» ។ ចចក​ក៏​ទៅ​ជញ្ជូន​ត្រី​និង​កំពឹស​មក លុះ​ត្រា​តែ​អស់​ពី​ត្រពាំង​នោះ ។ ពួក​ត្រី កំពឹស ក្ដាម ខ្យង ដឹង​ថា ចចក​ជញ្ជូន​អស់​ហើយ​ក៏​នាំ​គ្នា​មុជ​ក្នុង​ទឹក​បាត់​អស់​ទៅ ។ ឯ​ចចក ដឹង​ថា​កំពឹស​បញ្ឆោត​ដូច្នេះ​ហើយ​ខឹង​ណាស់ ដើរ​ទៅ​បបួល​អស់​សត្វ​ធំ តូច ដំរី រមាស​ខ្លា គ្រប់​ភាសា​សត្វ ទាំង​ពស់​ថ្លាន់ ពស់​ធំ ពស់​តូច ទាំង​សត្វ​ហើរ គ្មាន​សេស​សល់​ដល់​តិច បបួល​គ្នា​មក​បាច​ទឹក​បឹង​នោះ​ឲ្យ​រីង​ និង​បាន​ចាប់​ត្រី​ក្នុង​បឹង​នោះ​ស៊ី​ឲ្យ​អស់ បាន​ឲ្យ​ពស់​ថ្លាន់​ធ្វើ​ជា​ទំនប់ អស់​សត្វ​ឯ​ទៀត​ក៏​បបួល​គ្នា​បាច ។ សត្វ​ក្នុង​បឹង​ដឹង​ថា ចចក​បបួល​គ្នា​បាច​ទឹក​ឲ្យ​រីង​ទាំង​បឹង​​ភ័យ​ណាស់ ក៏​គិត​គ្នា​ថា «យើង​ធ្វើ​ម្ដេច​នឹង​បាន​ឲ្យ​សត្វ​ទាំងអស់​នេះ​លែង​បាច​ទឹក​?» កាល​នោះ​ត្រី​ក្រាញ់​ឆ្លើយ​ឡើង​ថា «ខ្ញុំ​ឮ​គេ​និយាយ​ថា បង​សុភាទន្សាយ​ជា​អ្នក​មាន​ប្រាជ្ញា ចេះ​ដោះ​ទុក្ខ​មនុស្ស​សត្វ​ផង ជា​ច្រើន​ណាស់​ហើយ បើ​ដូច្នេះ​ខ្ញុំ​នឹង​ទៅ​ពឹង​បង​សុភា​ទន្សាយ ឲ្យ​មក​ជួយ​ដោះ​ទុក្ខ​អស់​យើង» ។ ពួក​ត្រី​គិត​គ្នា​ហើយ ក៏​ប្រើ​ត្រី​ក្រាញ់​ទៅ​អញ្ជើញ​សុភា​ទន្សាយ ។ ត្រី​ក្រាញ់​ប្រឹង​ននៀល​ទៅ​លុះ​ដល់​ត្រូវ​ថ្ងៃ​ក៏​ក្រៀម​ស្រកា​អស់ ដល់​យប់​សុភា​ទន្សាយ​ចេញ​មក​រក​ស៊ី បាន​ឃើញ​ត្រី​ក្រាញ់​ននៀល​ដូច្នោះ​ក៏​សួរ​ថា «បង​ត្រី​ក្រាញ់​ទៅ​ណា?»។ ត្រី​ក្រាញ់​ឃើញ​សុភា​ទន្សាយ​ហើយ​មាន​ចិត្ត​ត្រេកអរ​ណាស់ និយាយ​អង្វរ​ថា បង​សុភា​ទន្សាយ​​អាណិត​ខ្ញុំ​ត្បិត​ត្រី​ទាំងអស់​ក្នុង​បឹង​គេ​ប្រើ​ខ្ញុំ​មក ឲ្យ​អញ្ជើញ​បង​សុភា​ទន្សាយ​ទៅ ត្បិត​ឮ​ទាំង​សត្វ​ទាំង​មនុស្ស​និយាយ​ថា បង​ជា​អ្នក​មាន​ប្រាជ្ញា ចេះ​កាត់​សេចក្ដី​ដោះ​ទុក្ខ បើ​អ្នក​ឯ​ណា​កើត​ទុក្ខ​បង​តែង​ទៅ​ជួយ​ដោះ​ទុក្ខ​គេ​មិន​ដែល​ខាន ឥឡូវ​មាន​ដំរី ក្របី គោ រមាស រមាំង ប្រើស ក្ដាន់ ជ្រូក ពស់​ធំ ពស់​តូច ទាំង​សត្វ​ហើរ គឺ​កុក ក្រៀល បង្កៀល​ខ្យង ទុង ទោម ក្អែក​ទឹក ប្រវឹក ស្មោញ ទាំង​ប៉ុន្មាន បាន​បបួល​គ្នា​មក​បាច​ទឹក​បឹង​ឲ្យ​រីង​នឹង​បាន​ចាប់​អស់ ត្រី អណ្ដើក កន្ធាយ ស៊ី​ជា​ចំណី​ឲ្យ​អស់​ពី​បឹង​នេះ​ឯង ។ បើ​ដូច្នេះ បង​សុភា​ទន្សាយ​អាណិត​ជួយ​ដោះ​ទុក្ខ​អស់​បង​ប្អូន​ខ្ញុំ ឲ្យ​បាន​រួច​ពី​ភ័យ​ម្ដង​នេះ នឹង​បាន​ល្បី​កេរ្តិ៍​ឈ្មោះ​តទៅ អស់​យើង​នឹង​តប​គុណ​បង​សុភា​ទន្សាយ​ឯង យើង​មិន​ភ្លេច​គុណ​ដរាប​ដល់​អស់​ជីវិត ។ ឯ​ទន្សាយ​ឮ​ត្រី​ក្រាញ់​និយាយ​អង្វរ​ដូច្នោះ​ក៏​ឆ្លើយ​ថា «បង​ត្រី​ក្រាញ់​ទៅ​មុន​ចុះ ទៅ​ប្រាប់​អស់​បង​ប្អូន​កុំ​ឲ្យ​ភិតភ័យ ចាំ​ខ្ញុំ​ជួយ​ដោះ​ឲ្យ​រួច​កុំ​មាន​ចិត្ត​បារម្ភ​ឡើយ» ។ ត្រី​ក្រាញ់​ក៏​ត្រឡប់​ទៅ​វិញ ឯ​ទន្សាយ​លុះ​ព្រឹក​ព្រហាម​ ឡើង​ទៅ​មាត់​បឹង ឃើញ​អស់​សត្វ​កំពុង​បាច​ទឹក ក៏​យក​ស្លឹក​ឈើ​ដែល​ដង្កូវ​ស៊ី​ធ្លុះ​ៗ​មក​ធ្វើ​ជា​សំបុត្រ ហើយ​ស្រែក​ហៅ​អស់​សត្វ​ទាំង​នោះ​ថា នែ ! បង​ប្អូន​ទាំង​អស់​ចាំ​ស្ដាប់​ខ្ញុំ​ត្បិត​ព្រះឥន្ទ​លោក​ឲ្យ​ខ្ញុំ​នាំ​សំបុត្រ​មក​ប្រាប់​គ្រប់​គ្នា​ថា «ព្រះឥន្ទ្រ​លោក​មក​កាច់​ជើង​ត្រុំ ប្រមុំ​ជើង​អក​ កាប់​​ក្បាល​ឆ្កែ​ចចក ដក​ភ្លុក​ដំរី​ស» ។ អស់​សត្វ​ឮ​ថា​សំបុត្រ​ព្រះឥន្ទ្រ​ដូច្នោះ​ភ័យ​ណាស់​ផ្អើល​បោល​ជាន់​គ្នា ពាន​លើ​ដំរី ក្របី រមាស រមាំង​ៗ ស្ទុះ​បោល​ទៅ​ជាន់​លើ​ពស់​ថ្លាន់​ជា​ទំនប់ ដាច់​ខ្លួន​ជា​ពីរ​ជា​បី​កំណាត់ ធ្លាយ​ទំនប់​លិច​ទឹក​ស្លាប់​អស់ ។ សត្វ​ទាំងនោះ​ក៏​ទៅ​ជា​ចំណី​ត្រី​វិញ ។ តាំង​ពី​ថ្ងៃ​នោះ​មក​អស់​សត្វ​ទាំងពួង​កោត​ខ្លាច​ប្រាជ្ញា​សុភា​ទន្សាយ ទុក​សុភា​ទន្សាយ​ជា​គ្រូ​បា​អាចារ្យ​ទាំងអស់ ។
Share:

រឿង មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា

កាល​ពី​ព្រេងនាយ មាន​មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា ។ ថ្ងៃ​មួយ​ចៅ​ទាំងពីរ​នាក់​នោះ​បបួល​គ្នា​ទៅ​ដាក់​អន្ទាក់​សត្វ ។ បបួល​គ្នា​ហើយ ដល់​ថ្ងៃ​រសៀល​គង​ភ្នំ ក៏​នាំ​គ្នា​ដើរ​ចេញ​ទៅ ។ លុះ​ដល់​ព្រៃ​ជា​កន្លែង​ដាក់​អន្ទាក់ អ្នក​មួយ​ថា « ខ្ញុំ​នឹង​ដាក់​នៅ​គល់​ឈើ​នេះ ត្បិត​ឈើ​នេះ​មាន​ផ្លែ យប់​ៗ​សត្វ​ចំណាំ​តែ​មក​ស៊ី​ផ្លែ​ឈើ​នេះ» ។ អ្នក​មួយ​ទៀត ឆ្លើយ​ថា «ខ្ញុំ​ក៏​ចង់​ដាក់​កន្លែង​ហ្នឹង​ដែរ ប៉ុន្តែ​ឥឡូវ បើ​អ្នក​ដាក់​នៅ​គល់​ឈើ មាន​តែ​ខ្ញុំ​ដាក់​នៅ​ចុង​ឈើ រួច​យើង​ចាំ​មើល ព្រឹក​ឡើង​របស់​អ្នកណា​ជាប់​សឹម​ដឹង» និយាយ​គ្នា​ហើយ ម្នាក់​ដាក់​នៅ​គល់​ឈើ​ស្រេចហើយ វិល​មក​ផ្ទះ​វិញ​ លា​គ្នា​ទៅ​ផ្ទះ​តែ​រៀង​ខ្លួន ។
ឯ​អ្នក​ដាក់​អន្ទាក់​នៅ​ចុង​ឈើ​នោះ លុះ​វិល​មក​ដល់​ផ្ទះ​ហើយ យប់​នោះ​គិត​គ្នា​ពីរ​នាក់​ប្ដី​ប្រពន្ធ​ថា តាំង​ពី​ដូនតា​មក មិន​ដែល​ឮ​ថា​អ្នក​ឯណា​ដាក់​អន្ទាក់​លើ​ចុង​ឈើ ឲ្យ​ជាប់​សត្វ​ជើង​បួន​ដែល​ដើរ​នៅ​លើ​ដី​ទេ ឥឡូវ​នេះ អញ​ដាក់​នៅ​លើ​ចុង​ឈើ តើ​ធ្វើ​ម្ដេច​នឹង​បាន​សត្វ? ដូច្នេះ​ ត្រូវ​អញ​រឭក​ពី​ពេល​មាន់​រងាវ​ទៅ​មើល បើ​ឃើញ​សត្វ​ជាប់​អន្ទាក់​គេ​នៅ​ដី អញ​ដោះ​យក​ទៅ​ចង​នឹង​អន្ទាក់​អញ​ឯ​ចុង​ឈើ ដល់​ព្រឹក​ឡើង​អញ​ទៅ​មើល​ជាមួយ​អ្នក​នោះ ហើយ​អញ​ដោះ​យក​សត្វ​ទៅ​ជូន​លោក​សុភា​សេក បើ​វា​មិន​សុខចិត្ត​ដូចម្ដេច​ៗ មុខ​ជា​កើត​ក្ដី​ គង់​តែ​ដល់​សុភា​សេក​មិន​ខាន សុភា​សេក​និង​កាត់​ក្ដី​ឲ្យ​វា​ចាញ់​ជា​ប្រាកដ ។ ប្ដី​ប្រពន្ធ​គិត​គ្នា ហើយ​ដេក​ទៅ ដល់​មាន់​រងាវ​រឭក​ពី​ដេក​លប់​មុខ​ស៊ី​ស្លា ហើយ​ចេញ​ពី​ផ្ទះ​ដើរ​ដល់​អន្ទាក់​បាន​ឃើញ​អន្ទាក់​នៅ​ដី​ជាប់​ក្ដាន់ ១​ក៏​ដោះ​យក​ឡើង​ទៅ​ចង​នឹង​អន្ទាក់​របស់​ខ្លួន រួច​ដំឡើង​អន្ទាក់​នៅ​ដី​ដូច​ដើម​ក៏​ប្រញាប់​វិល​មក​ផ្ទះ​វិញ ។ លុះ​ព្រឹក​ព្រហាម​ស្រាង​ៗ​ឡើង អ្នក​មួយ​ដែល​ដាក់​អន្ទាក់​នៅ​ដី មក​ស្រែក​ហៅ​ឲ្យ​ទៅ​មើល​អន្ទាក់​អ្នក​មួយ ឆ្លើយ​ថា កុំ​រលះ​រលាំង​ថ្វី អន្ទាក់​ខ្ញុំ ខ្ញុំ​មិន​សង្ឃឹម​ទេ ត្បិត​នៅ​លើ​ចុង​ឈើ ក្រែង​តែ​អន្ទាក់​អ្នក​នៅ​ដី​នោះ ខ្ញុំ​មិន​ហ៊ាន​ថា បើ​បាន​ចែក​គ្នា​ស៊ី​ផង ។ ពាក្យ​នេះ​ជា​ពាក្យ​ចំអក​ឲ្យ​អ្នក​មួយ ត្បិត​ដឹង​ការណ៍​មុន​ហើយ ។ អ្នក​ទាំងពីរ​និយាយ​ហើយ​ចុះ​ពី​ផ្ទះ​ដើរ​ចេញ​ទៅ លុះ​ដើរ​ទៅ​ដល់​មិន​ឃើញ​អន្ទាក់​នៅ​ដី​ជាប់​សត្វ ឃើញ​តែ​អន្ទាក់​នៅ​លើ​ចុង​ឈើ​ជាប់​វិញ ។ ចៅ​ដែល​ជា​ម្ចាស់​អន្ទាក់​នៅ​ចុង​ឈើ​ថា «ហ្ន មើល​ចុះ មិន​ជឿ​ខ្ញុំ ខ្ញុំ​ថា​កុំ​ដាក់​នៅ​គល់​ឲ្យ​ដាក់​នៅ​ចុង​ឥឡូវ មើល​របស់​អ្នកណា​ជាប់​ហៈ?» ហើយ​ឡើង​ទៅ​ដោះ​យក​សត្វ​ចុះ​មក​នាំ​គ្នា​វិល​មក​ផ្ទះ​វិញ ក៏​លា​គ្នា​ទៅ​ផ្ទះ​ដោយ​ខ្លួន​ទៅ ។ ឯ​ចៅ​ដែល​បាន​ក្ដាន់ ក៏​ប្រញាប់​យក​ទៅ​ជូន​សុភា​សេក​ហើយ​ជម្រាប​ថា «ខ្ញុំ​ហើយ​នឹង​ចៅ​មួយ​នោះ​ ទៅ​ដាក់​អន្ទាក់​ផង​គ្នា ខ្ញុំ​ដាក់​នៅ​ចុង​ឈើ អ្នក​មួយ​នោះ​ដាក់​នៅ​គល់​ឈើ ខ្ញុំ​នេះ​ជា​មនុស្ស​វៀច ក្ដី​នេះ​គង់​តែ​មក​ដល់​លោក​ដូច្នេះ តាម​តែ​លោក​មេត្តា​រក​សេចក្ដី​យ៉ាងណា​ ឲ្យ​តែ​ក្ដី​ខ្ញុំ​ឈ្នះ​វា​ចុះ ខ្ញុំ​នឹង​ដឹង​គុណ​លោក​ទៅ​ថ្ងៃ​មុខ» ។ សុភា​សេក​បាន​សាច់​ក្ដាន់​ហើយ ឆ្លើយ​ថា «ឯង​ទៅ​រក​ស្លា​ម្លូ​មក​ឲ្យ​ឆាប់​ឲ្យ​ទាន់​ព្រឹក​នេះ បើ​វា​មក​ប្ដឹង​អញ​ៗ​បង្គាប់​អីចឹង​ដែរ បើ​វា​មក​មិន​ទាន់ អញ​និង​កាត់​សេចក្ដី​ឲ្យ​វា​ចាញ់​បាន​ដោយ​ងាយ ឯង​ប្រញាប់​ទៅ​ចុះ» ។
ឯ​អ្នក​ដែល​ដាក់​អន្ទាក់​លើ​គល់​ឈើ លុះ​វិល​មក​ផ្ទះ​ហើយ ដង្ហើម​តូច​ដង្ហើម​ធំ​មិន​សុខ​ចិត្ត​ក៏​​យក​សេចក្ដី​ទៅ​ប្ដឹង​សុភា​សេក ។ ក៏​បង្គាប់​សេចក្ដី​ដូច​បង្គាប់​ចៅ​មុន ។
លុះ​ព្រឹក​ឡើង អ្នក​ដែល​ដាក់​អន្ទាក់​នៅ​លើ​ចុង​ឈើ ក៏​យក​ឥវ៉ាន់​ទៅ​ដល់​មុន ។ ឯ​អ្នក​ដែល​ដាក់​អន្ទាក់​នៅ​ដី ដោយ​ខ្លួន​ជា​អ្នក​ក្រ​លំបាក​តោក​យ៉ាក ដើរ​រក​ទិញ​អីវ៉ាន់​ពុំ​បាន​ពុំ​ទាន់ ភ័យ​ក្រែង​ខ្លួន​ចាញ់​គេ ហើយ​គេ​យក​ទោស​ផង ក៏​រត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​បាន​ជួប​នឹង​សុភា​ទន្សាយ​ៗ​សួរ​ថា «មាន​ដំណើរ​អី​បាន​ជា​រត់​ដូច្នេះ ? ឈប់​សិន » ។
ចៅ​នោះ​ឆ្លើយ​ថា «លោក​អើយ​អាណិត​ដោះ​ទុក្ខ​ខ្ញុំ​ផង ត្បិត​ខ្ញុំ​ហើយ​នឹង​អ្នក​មួយ​ទៅ​ដាក់​អន្ទាក់​ផង​គ្នា ខ្ញុំ​ដាក់​នៅ​គល់​ឈើ គេ​ដាក់​នៅ​ចុង​ឈើ ព្រឹក​ឡើង​ទៅ​មើល​ពុំ​ឃើញ​អន្ទាក់​នៅ​ដី​ជាប់​សត្វ ឃើញ​តែ​អន្ទាក់​នៅ​ចុង​ឈើ​ជាប់​ក្ដាន់​មួយ ខ្ញុំ​មិន​សុខ​ចិត្ត​បាន​យក​សេចក្ដី​ទៅ​ប្ដឹង​សុភា​សេក​ៗ គេ​ថា អ្នក​ណា​យក​អីវ៉ាន់​ទៅ​ដល់​មុន អ្នក​នោះ​ឈ្នះ ហេតុ​នេះ​បាន​ជា​ខ្ញុំ​ភ័យ ឥឡូវ​គេ​ទៅ​ដល់​មុន​ខ្ញុំ​ហើយ ដូច្នេះ​តាម​តែ​លោក​អាណិត​ខ្ញុំ​ផង» ។ សុភាទន្សាយ​ឆ្លើយ​ថា «ណ្ហើយ ! កុំ​ភ័យ​ចាំ​ថ្ងៃ​រសៀល​ខ្ញុំ​នឹង​នាំ​ទៅ»។ ចៅ​នោះ​ក៏​អរ ។ លុះ​ដល់​ថ្ងៃ​រសៀល សុភា​ទន្សាយ​ទៅ​ដល់​ផ្ទះ​សុភា​សេក ៗ​ស្រែក​សួរ​មក​ថា «ដូចម្ដេច​ក៏​យូរ​ម្ល៉េះ ? ក្ដី​ចាញ់​គេ​ហើយ» ។ សុភា​ទន្សាយ​ឆ្លើយ​ថា «យើង​ខ្ញុំ​បាន​ជា​យូរ​នេះ ពីព្រោះ​អាល័យ​តែ​មើល​ត្រី​ក្រាញ់​ហើរ​ឡើង​ស៊ី​ស្លឹក​អំពិល» ។ សុភា​សេក​ថា «ពី​ជីដូន​ជីតា​មក​គ្មាន​នរណា​ដែល​ឃើញ​ដែល​ឮ​ថា ត្រី​ក្រាញ់​ឡើង​ស៊ី​ស្លឹក​អំពិល​ទេ» ។ សុភា​ទន្សាយ​ឆ្លើយ​ថា «ពី​ជីដូន​ជីតា​ពី​ម៉ែ​ពី​ឪ​បង្កើត​មក នរណា​ដែល​ឃើញ​ដែល​ឮ​ថា អន្ទាក់​នៅ​ដី​មិន​ជាប់​សត្វ​ទៅ​ជាប់​ឯ​អន្ទាក់​នៅ​ចុង​ឈើ​វិញ ហើយ​សត្វ​ជើង​បួន​ផង, ដែល​ឮ​ទេ​អស់​អ្នក​ស្រុក ? នោះ​សុភា​សេក​ស្ងៀម​ពុំ​ហ៊ាន​ស្ដី​តប​ទៀត ។ សុភា​ទន្សាយ​ក៏​កាត់​សេចក្ដី​ឲ្យ​ចៅ​ដែល​ដាក់​អន្ទាក់​នៅ​ដី​ឈ្នះ ។ ឯ​សុភា​សេក​ដែល​អង្គុយ​ធ្វើ​ជា​សុភា​នោះ ក៏​ខ្មាស​ដោយ​សារ​ខ្លួន​ជា​អ្នក​ល្មោភ​ជំនូន​សាច់​ក្ដាន់ ក៏​ស្ងៀម​បែរ​មុខ​ផ្ទប់​ទៅ​ខាង​ជញ្ជាំង​ដូច​ឆ្មា​លប​កណ្ដុរ ។
Share:

រឿង ព្រេង​ភ្នំ​យ៉ាត​នៅ​ប៉ៃលិន

រឿង ព្រេង​ភ្នំ​យ៉ាត​នៅ​ប៉ៃលិន (នៅ​ខេត្ត​បាត់ដំបង) ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ៧៧ – ៨៣ មុន​នឹង​ចូល​ទៅ​ដល់​រឿង​ព្រេង យើង​សូម​ណែ​នាំ​អ្នក​អាន ឲ្យ​ស្គាល់​ភូមិ​ភាគ បប៉ៃលិន បន្តិច​សិន ព្រោះ​ភូមិ​ភាគ​ឋិត​នៅ​ឆ្ងាយ​ពី​រាជ​ធានី ហើយ​ដែល​មាន​ទំនៀម​ទម្លាប់​ប្លែក​ណាស់​ផង ។ ដើម​ឡើយ អ្នក​ស្រុក​ប៉ៃលិន សុទ្ធ​សឹង​តែ​ជន​ជាតិ​កុឡា​ទាំង​អស់​មក​រស់​នៅ ដោយ​សារ​ការ​ប្រាថ្នា​មក​ជីក​យក​ត្បូង ដែល​មាន​នៅ​កប់​ក្នុង​ដី ត្រង់​ជ្រលង​នៃ​ភ្នំ ភូមិ​ភាគ​នោះ ។ តាម​ប្រវត្តិ​ពង្សាវតារ នៃ​ស្រុក​ប៉ៃលិន​ថា ពួក​កុឡា​ទាំង​នេះ ចាប់​ផ្ដើម​មក​ប្រតិស្ឋាន ក​ជា​ភូមិ​ស្រុក​នៅ​តំបន់​នេះ តាំង​ពី គ.ស. ២៨៧៦ មក ។ ប៉ុន្តែ​ដំបូង​នោះ ពួក​កុឡា​ទាំង​នេះ គ្មាន​បង់​ពន្ធដារ​ចុះ​ចូល​ក្នុង​រាជការ​ទេ ព្រោះ​ពិត​មែន​តែ​ដី​ត្រង់​នេះ​ជា​ដី​ខ្មែរ ដែល​កាល​នោះ នៅ​ក្នុង​អំណាច​សៀម​នៅ​ឡើយ ក៏​រាជការ​សៀម​ពុំ​បាន​ចាប់​ភ្លឹក នឹង​ពួក​អ្នក​ស្រុក​នេះ​ដែរ ។ លុះ​ត្រា​តែ​មក​ដល់ គ.ស. ១៨៨១ ដោយ​សារ​តែ​ពួក​នេះ​ទាស់​ទែង​គ្នា ទើប​នាំ​ឲ្យ​លេច​ឮ​រឿង​នេះ ទៅ​ដល់​រាជការ​សៀម នៅ​ខេត្ត​ចន្ទប៊ុន (ចន្ទបុរៈ), រាជការ​សៀម ក៏​ចាត់​ឲ្យ​មាន​មេ​ភាស៊ី ហូត​ពន្ធ លើ​អ្នក​ជីក​ត្បូង​ទាំង​នេះ ។ មេ​ភាស៊ី កាល​នោះ​មាន​ឈ្មោះ​ថា ម៉ុង-ឃុនទី ដែល​ជា​មេ​ក្រុម​ពួក​កុឡា ដែល​ធ្វើ​ដំណើរ​ស្វែង​មក​រក​ឃើញ​កន្លែង​នៅ​ទី​នោះ ។ ដើម​ហេតុ គឺ ម៉ុង-ឃុនទី បាន​នាំ​យក​ត្បូង ទៅ​ដល់​ក្រុង​បាងកក ហើយ​ទាក់ទង​នឹង​កុងស៊ុល​អង់គ្លេស សុំ​ឲ្យ​កុងស៊ុល​នោះ នាំ​ខ្លួន​ទៅ​គាល់​ព្រះ​ចៅ​សៀម ទើប​ព្រះ​ចៅ តែង​តាំង​ឲ្យ​ធ្វើ​ជា​មេ​ភាស៊ី​ហូត​ពន្ធ ហើយ​ជា​មេ​ក្រុម​នៃ​ពួក​កុឡា​ទាំង​អស់​ផង ដោយ​តាំង​ងារ​ជា​ហ្លួង​មណី​យុទ្ធនា គឺ​ហ្លួង​មណី​នេះ​ហើយ ដែល​កសាង​វត្ត​អារាម​ជា​ច្រើន កន្លែង​នៅ​ក្នុង​តំបន់​ប៉ៃលិន ។ រហូត​មក​ដល់ គ.ស. ១៩០៤ ដែល​រាជការ​សៀម ត្រូវ​ប្រគល់​ដី​ខេត្ត​បាត់ដំបង ម្លូព្រៃ ស្ទឹងត្រែង ថ្វាយ​មក​ព្រះ​ចៅ​ផែនដី​ខ្មែរ, ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ វិញ​នោះ, ដែន​ដី​ប៉ៃលិន ក៏​ត្រូវ​រាជការ​បារាំង​គេ​ទៅ​កាន់​កាប់ ដោយ​តាំង​ប្រតិភូ នៃ រ៉េស៊ីដង់ ប្រចាំ​ខេត្ត​បាត់ដំបង (Délégué du Resident la province) ហើយ​ឲ្យ​ប្រតិភូ​នេះ មើល​កាន់​កាប់​ហូត​ពន្ធ​ដារ ក្នុង​ការ​ប្រកប​អាជីវកម្ម​យក​ត្បូង​នេះ ។ មិន​តែ​ប៉ុណ្ណោះ គេ​ក៏​រៀប​ធ្វើ​ថ្នល់​មក​កាន់​ទី​ប្រជុំ​ជន​បាត់ដំបង គឺ​ជា​ថ្នល់​ដែល​មាន​នៅ​សព្វ​ថ្ងៃ ។ ប៉ុន្តែ​កាល​នោះ គេ​គ្រាន់​តែ​យក​ពន្ធ​ដារ ពុំ​បាន​គិត​ពី​កសាង​អ្វី​ៗ ជា​ឧត្ដម​ប្រយោជន៍​ដល់​អ្នក​ស្រុក​ភូមិ​ភាគ​នេះ​ទេ, រហូត​មក​ដល់​សម័យ​សង្គម​រាស្ត្រ​និយម ទើប​ទី​ប្រជុំ​ជន​ប៉ៃលិន​បាន​ផ្លាស់​ប្ដូរ​រូប​យ៉ាង​ឆាប់​រហ័ស នរណា​ខាន​ទៅ​តែ​ពីរ​ឆ្នាំ លុះ​ទៅ​ម្ដង​ទៀត ស្ទើរ​តែ​លែង​ស្គាល់ ។ គេ​ឃើញ​គ្រឹះ​ស្ថាន​រាជការ​ក៏​ស្អាត​ៗ សង់​ពី​បាយអ មាន​សាលា​រៀន មន្ទីរ​ឃោសនាការ ផ្សារ​ក៏​សុទ្ធ​តែ​ធ្វើ​ពី​បាយអ យ៉ាង​ល្អ​ៗ ដែរ ។ ផ្ទះ​អ្នក​ផ្សារ ក៏​រៀប​រយ​ល្អ គួរ​ជា​ទី​មនោរម្យ ដូចជា​ទី​ប្រជុំ​ជន​ធំ​ៗ ដែរ ។ អាស្រ័យ​ដោយ​ការ​រៀប​ចំ​ស្អាត​ស្អំ​នេះ នាំ​ឲ្យ​មាន​ទេសចរ​ចេញ​ចូល​ទស្សនា​លំហែ​កាយ​នៅ​ទី​នោះ រឹត​តែ​ច្រើន​ឡើង ។ ដូច្នេះ ការ​ចង់​ដឹង ចង់​ឮ ពី​ប្រវត្តិ​ពង្សាវតារ នៃ​ភូមិ​ភាគ​នេះ ក៏​រឹត​តែ​ច្រើន​ឡើង​ដែរ ។ សេចក្ដី​ពណ៌នា​របស់​យើង ទាំង​ប៉ុន្មាន​នេះ ក៏​គ្រាន់​តែ​ជា​ការ​ឆ្លើយ​តប នឹង​សេចក្ដី​ត្រូវ​ការ​ទាំង​នេះ​ឯង ។ ប៉ុន្តែ​ជា​ធម្មតា​ណាស់ នៅ​ស្រុក​ខ្មែរ​យើង តែ​កាល​ណា​ពោល​ពី​ប្រវត្តិ​ត្រង់​ណា​មួយ ពិត​ជា​កើត​មាន​រឿង​ព្រេង ផ្សំ​ជា​មួយ​ការ​ពិត​ជា​មិន​ខាន ។ បើ​ទី​ណា មាន​ដើម​កំណើត​ឆ្ងាយ, រឿង​ព្រេង​នោះ ក៏​បែប​យារ​ឆ្ងាយ សឹង​តែ​រក​ជឿ​មិន​កើត ឯ​ទីណា ទើប​នឹង​កើត​ថ្មី រឿង​ព្រេង​ក៏​ថ្មី លាយ​ឡំ​ការ​ពិត​ចូល​ក្នុង​នោះ​ច្រើន​ទៀត ដូចជា ភូមិ​ភាគ​ប៉ៃលិន​នេះ​ជា​អាទិ ដោយ​សារ​តែ​ប៉ៃលិន ទើប​តែ​កើត​មាន​ឈ្មោះ មាន​សំឡេង ក្នុង​រវាង គ.ស. ១៨៨១ ប៉ុណ្ណោះ, រឿង​ព្រេង​នៅ​តំបន់​នេះ ក៏​ស្រដៀង​ៗ នឹង​រឿង​មែន​ទែន គ្រាន់​តែ​មាន​លាយ​ជំនឿ​ព្រះ​ឥន្ទ ទេវតា ខ្មោច អារក្ស អ្នកតា ចូល​ច្របល់​ជា​មួយ​ផង​ប៉ុណ្ណោះ ។ យើង​លើក​យក​រឿង​ព្រេង​នៅ​ភ្នំ​យ៉ាត មក​អធិប្បាយ មាន​ដូច​តទៅ​នេះ ៖ កាល​ណោះ មាន​ប្ដី​ប្រពន្ធ​ពីរ​នាក់ មាន​ឈ្មោះ​យ៉ាត​ដូច​គ្នា គឺ​ប្ដី​ក៏​ឈ្មោះ​យ៉ាត ប្រពន្ធ​ក៏​ឈ្មោះ​យ៉ាត រស់​នៅ​ប្រកប​របរ​ជីក​ត្បូង នៅ​ស្រុក​ប៉ៃលិន​នោះ ។ លុះ​ចាស់​ជរា​ហើយ គាត់​ពុំ​អាច​ទៅ​ធ្វើ​ការ​ធ្ងន់​ៗ ដូច​សព្វ​ដង​បាន, គាត់​ក៏​ទៅ​ធ្វើ​ធម៌​លើ​ភ្នំ​មួយ (ដែល​យើង​ហៅ​ថា​ភ្នំ​យ៉ាត​សព្វ​ថ្ងៃ) ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ។ អ្នក​ផង​ក៏​នាំ​គ្នា​សន្មត​យក​ឈ្មោះ​គាត់​ធ្វើ​ជា​ឈ្មោះ​ភ្នំ​នេះ​ឡើង ព្រោះ​ការ​សន្មត​នេះ គេ​ពុំ​អាច​នឹក​នា​រក​ន័យ​យ៉ាង​ណា​ៗ​ទេ គ្រាន់​តែ​ឲ្យ​ស្រួល​ហៅ ស្រួល​សំគាល់​ប៉ុណ្ណោះ ត្បិត​នៅ​ប៉ៃលិន មាន​កំពូល​ភ្នំ​ខ្ពស់​ៗ ឡើង​ជា​ច្រើន​កន្លែង, ដូច្នេះ បើ​ទីណា មាន​ភាព​សម្គាល់​ដូចម្ដេច គេ​ក៏​នាំ​គ្នា​សន្មត​យក​តាម​ភិន​ភាគ​នោះ ធ្វើ​ជា​ឈ្មោះ​ឡើង ។ នៅ​ពេល​នោះ អ្នក​ស្រុក​ប៉ៃលិន​ខ្លះ ដែល​ធ្លាប់​យក​ត្បូង​ទៅ​លក់ ឯ​ស្រុក​សៀម​ញឹក​ញាប់ ហើយ​គេ​ធូរ​ប្រាក់​កាស​ផង គេ​ក៏​ទិញ​កាំភ្លើង​ដៃ​ខ្លះ កាំភ្លើង​វែង​ខ្លះ សម្រាប់​យក​មក​ការពារ​សម្បត្តិ​ទ្រព្យ ភូមិ​ឋាន​របស់​គេ ។ តែ​នៅ​ពេល​អផ្សុក អ្នក​ទាំង​នោះ​តែង​យក​កាំភ្លើង​ទៅ​បាញ់​សត្វ​លេង​ពេញ​ព្រៃ ដោយ​ស្រុក​នោះ​សម្បូណ៌​ព្រៃ​ស្ដុក​ៗ ណាស់​ផង ។ ការ​បរ​បាញ់​សត្វ​នេះ​នាំ​ឲ្យ​ផ្អើល ដល់​ពពួក​អារក្ស អ្នក​តា នៅ​ក្នុង​ព្រៃ​នោះ ។ ថ្ងៃ​មួយ អ្នក​តា​មួយ ដ៏​មាន​ឫទ្ធិ​ជាង​គេ បាន​តំណែង​ខ្លួន​មក​ជួប​ជា​មួយ​តា​យ៉ាត និង យាយ​យ៉ាត ដើម្បី​ផ្ដាំ​ផ្ញើ ឲ្យ​និយាយ​នឹង​ពពួក​អ្នក​បាញ់​ទាំង​នោះ​ថា កុំ​ឲ្យ​ដើរ​បាញ់​ទៀត នាំ​ឲ្យ​ពពួក​អារក្ស អ្នក​តា​ទាំង​អស់ ភ័យ​រត់​ខ្ចាត់​ខ្ចាយ​កូន​ចៅ​វង្វេង​វង្វាន់​គ្នា​អស់​ហើយ, ដូច្នេះ សុំ​ឲ្យ​តែ​លែង​បាញ់​ចុះ យើង​នឹង​ជួយ​ពួក​នេះ ឲ្យ​រក​ឃើញ​ត្បូង​ថ្ម​យ៉ាង​ថ្លៃ​ៗ ឲ្យ​បាន​ធ្វើ​ជា​អ្នក​មាន​ច្រើន​គ្នា​ឡើង ។ ប៉ុន្តែ បើ​បាន​ជា​អ្នក​មាន​ហើយ ត្រូវ​នាំ​គ្នា​កសាង​ជា​វត្ត​មួយ នៅ​លើ​ទី​កន្លែង​ភ្នំ​នេះ, មិន​តែ​ប៉ុណ្ណោះ ត្រូវ​លេង​ភ្លេង​រាំ​ក្ងោក រៀង​រាល់​ថ្ងៃ​សីល​ផង ។ ផ្ដាំ​ផ្ញើ​រួច​ហើយ អ្នក​តា ក៏​អន្តរធាន​ខ្លួន​បាត់​ទៅ​វិញ​ភ្លាម ។ ឯ​យាយ​យ៉ាត តា​យ៉ាត ក៏​នាំ​រឿង​នេះ ទៅ​ផ្សាយ​ប្រាប់​ពួក​អ្នក​ស្រុក​ទាំង​អស់ ឲ្យ​ដឹង​គ្រប់​គ្នា ។ អ្នក​ស្រុក ក៏​ព្រម​គោរព​តាម​បំណង​អ្នក​តា​នោះ​រហូត​មក ។ នេះ​ជា​រឿង​មួយ ដែល​ទាក់​ទង​នឹង​ភ្នំ​យ៉ាត, ឯ​រឿង​មួយ​ទៀត ដែល​ទាក់ទង​នឹង​ឈ្មោះ “ប៉ៃលិន” នោះ មាន​ដោយ​ឡែក​ផ្សេង​ទៅ​ទៀត ។ តាម​អ្នក​ស្រុក​ឲ្យ​ការ​ថា ពាក្យ “ប៉ៃលិន” នេះ ក្លាយ​មក​ពី​ពាក្យ “ភេ​លេង” ព្រោះ​គេ​មាន​និទាន​រឿង​ដើម​បញ្ជាក់​ផង​ថា ៖ កាល​នោះ​មាន​អ្នក​ប្រមាញ់ ដេញ​តាម​ដាន​សត្វ​ព្រៃ ចេះ​តែ​ឆ្ងាយ​ទៅ​ៗ រហូត​ដល់​ភូមិ​ភាគ​ប៉ៃលិន​សព្វ​ថ្ងៃ ដែល​គ្រា​នោះ​នៅ​ជា​ព្រៃ​ស្រោង មាន​វាល​ចន្លោះ​ខ្លះ​តែ​ត្រង់​ប្រឡាយ​ទឹក ដែល​ហៅថា “អូរ” មាន​អូរ​ទុង​ជា​ដើម ក្បែរ​មាត់​អូរ​នេះ អ្នក​ប្រមាញ់ បាន​ប្រទះ​ឃើញ​សត្វ​ភេ​កំពុង​ហែល​ទឹក លុះ​ឃើញ​មនុស្ស​មក​ដល់ ភេ​ក៏​រត់​បាត់​អស់​ទៅ ។ អ្នក​ប្រមាញ់ ចូល​ទី​មើល​ត្រង់​កន្លែង​ភេ​ប្រឡែង​គ្នា​នោះ ក៏​ឃើញ​ដុំ​ថ្ម​តូច​ៗ មាន​ពន្លឺ​ផ្លេក​ៗ ក៏​នាំ​គ្នា​រើស​យក​ម្នាក់​មួយ​ដុំ ទុក​យក​ទៅ​បង្ហាញ​ញាតិ​មិត្ត​ឯ​ស្រុក​ខ្លួន​វិញ ។ លុះ​ទៅ​ដល់​ស្រុក មាន​អ្នក​ស្រុក​នោះ (តាម​និយាយ​ថា​ពួក​កុឡា ដែល​មក​រស់​នៅ​ក្នុង​ខេត្ត​ចន្ទប៊ុន ស្រុក​សៀម) ស្គាល់​ថា ថ្ម​នេះ​មាន​តម្លៃ គេ​ក៏​យក​ទៅ​វាយ​បំបែក រួច​ឆ្នៃ​ជា​ត្បូង​ឡើង ក៏​ឃើញ​ថា​មាន​ទឹក​ល្អ ។ កាល​បើ​ដូច្នេះ គេ​ក៏​នាំ​គ្នា​ទៅ​សួរ​ទិញ​ពី​ពួក​ប្រមាញ់​នោះ​ទៀត ។ ពួក​ប្រមាញ់​យល់​ថា ជា​ផ្លូវ​រក​ស៊ី​មួយ​ហើយ ក៏​ព្យាយាម​នាំ​គ្នា​ឆ្ពោះ​ទៅ​យក​ថ្ម​នេះ​ពី​កន្លែង​មុន ជា​ញឹក​ញាប់ ។ ការ​ទៅ​មក​ញឹក​ញាប់​នេះ​ហើយ ទើប​អ្នក​ទាំង​នោះ សន្មត​ឈ្មោះ​ទី​កន្លែង​ត្រង់​នេះ​ថា “កន្លែង​ភេ​លេង” យក​តាម​សភាព ដែល​គាត់​ប្រទះ​ឃើញ​ជា​ដំបូង​នោះ ។ ប៉ុន្តែ ដោយ​ហេតុ​ពួក​អ្នក​ទាំង​នេះ នៅ​ស្រុក​សៀម ក៏​អាន​ពាក្យ​នេះ ក្លាយ​ទៅ​តាម​សំឡេង​សៀម​បន្តិច​ទៅ គឺ “ភេ” ទី​ជា “ផេ” ឯ “លេង” ទៅ​ជា “ឡេន ឬ ឡិន” ដូច្នេះ រួម​មក ទៅ​ជា “ផេឡិន” ។ លុះ​សម័យ​បារាំង​ទៅ​កាន់​កាប់​ទី​តំបន់​នេះ គេ​ក៏​សរសេរ​ឈ្មោះ​នេះ ជា​អក្សរ​រ៉ូម៉ាំង តាម​សំឡេង​ផង តាម​រូប​សាស្ត្រ​ពាក្យ​ផង ជា PHAI-LIN គឺ PH ជា​អក្សរ ផ, AI ជា​ស្រៈ​អេ, L ជា​អក្សរ ល, I ជា​ស្រៈ​អិ ផ្សំ​នឹង N ជា​អក្សរ ន, ចំណេរ​ត​មក ដើម្បី​កុំ​ឲ្យ​ពិបាក​សរសេរ គេ​ក៏​ភ្ជាប់​លែង​ឲ្យ​មាន​សហ​សញ្ញា (Trait d’union) ក៏​ក្លាយ​ទៅ​ជា Phailin2 ហើយ​ត​ៗ មក ដោយ​បារាំង​អាន​គ្មាន​ខ្យល់​អក្សរ H គេ​ក៏​លប់ H ចោល​ទៅ នៅ​សល់​តែ PAILIN ។ សេចក្ដី​អធិប្បាយ​មក​នេះ មាន​ទំនង​ជា ដើម​កំណើត​ស្រុក (Monographic) ជា​ជាង​រឿង​ព្រេង ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ស្រាវ​ជ្រាវ​នៅ​ពេល​មុខ​ៗ ទៀត ប៉ុន្តែ មាន​ទំនង​ខ្លះ ចង់​ទៅ​ជា​រឿង​ព្រេង​ដែរ ត្បិត​មាន​លាយ​ឡំ​ជំនឿ​ខ្មោច អារក្ស អ្នកតា លាយ​ឡំ​ជា​មួយ​ផង ។ ការណ៍​នេះ យើង​សង្ឃឹម​ថា លោក-អ្នក​អាន​ណា ចេះ​ចាំ​រឿង​ព្រេង នៅ​ភូមិ​ភាគ​នេះ វែង​ឆ្ងាយ​ទៅ​ទៀត ក៏​សូម​បញ្ជូន​មក​ឲ្យ​យើង​ផង ដើម្បី​កែ​សម្រួល​ទៅ​លើក​ក្រោយ ។
Share:

រឿង​ ទេវតា​សែក​សោយ

កាល​ពី​ព្រេង​នាយ មាន​មនុស្ស​កំសត់​ពីរ​នាក់​ប្តី​ប្រពន្ធ មាន​កូន​ប្រុស​មួយ ។ កូន​នោះ​កើត​ឡើង​វេលា​ណា មាន​ទេវតា​អាក្រក់​មក​ថែរក្សា​សែក​សោយ ។ តាំង​ពី​ទេវតា​អាក្រក់​មក​សែក​សោយ​ក្មេង​នោះ ឪពុក​ម្តាយ​ក៏​ស្លាប់​ចោល​អស់​ទៅ ។ ក្មេង​នោះ​នៅ​ជា​មួយ​នឹង​ជីដូនៗ ក៏​ថែរក្សា​ដរាប​ដល់​អាយុ ២០ ឆ្នាំ ។ ថ្ងៃ​មួយ ក្មេង​នោះ​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​រក​ឧស កំពុង​តែ​កាប់​ឧស មាន​ទេវតា​មួយ​អង្គ​ទៀត ជា​ទេវតា​ល្អ ជួយ​ឲ្យ​ចម្រុង​ចម្រើន​យស​ស័ក្តិ​ភោគ​សម្បត្តិ ។ ទេវា​នោះ​និយាយ​នឹង​ទេវតា​អាក្រក់​ថា «តាំង​ពី​អ្នក​ឯង​ចូល​មក​រក្សា​មនុស្ស​នោះ​កាល​ណា ម្តាយ​អាពុក​គ្នា​ស្លាប់​ចោល​អស់​ហើយ គ្នា​ក្រលំ​បាក​ពន់​ពេក ហើយ​ថា​រឹទ្ធិ​អ្នក​ឯង​ពូ​កែ​មែន » ។ ទេវតា​អាក្រក់​និយាយ​តប​ទៅ​វិញ​ថា « អ្នក​ជឿ​ថា​អំណាច​ខ្ញុំ​ពូ​កែ​ទេ? » ។ ទេវតា​ល្អ​ឆ្លើយ​ថា « ខ្ញុំ​ជឿ​ហើយ ប៉ុន្តែ​ខ្ញុំ​សូម​រក្សា​មនុស្ស​នេះ​ម្តង» ។ ទេវតា​អាក្រក់ ព្រម​បើក​អំណាច​ឲ្យ​ទេវតា​ល្អ​ថែរក្សា​ហើយ​ហោះ​ទៅ ។
ទេវតា​បណ្តាល​ឲ្យ​មនុស្ស​នោះ​កំពុង​តែ​កាប់​ឧស ក៏​ដាក់​ដឹង​ចុះ​ហើយ​ភ្ញាក់​ខ្លួន​ព្រើត​លោគិត​ថា « ឱអញ បើ​អញ​រស់​នៅ គ្រាន់​អញ​នឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​ជី​ដូន​អញ បើ​ប្រសិន​ជា​អញ​ស្លាប់​ទៅ តើ​បាន​អ្នក​ណា​នឹង​រក​ស៊ី​ចិញ្ចឹម​ជី​ដូន​អញ​ទៀត បើ​ដូច្នេះ អញ​គិត​ទៅ​និយាយ​បបួល​យាយ​អញ​ទៅ​នៅ​ធ្វើ​ខ្ញុំ​សេដ្ឋី​ គ្រាន់​តែ​សុំ​បាយ​គេ​ស៊ី ប្រហែល​ជា​គេ​ព្រម​ហើយ » គិត​តែ​ប៉ុណ្ណេះ​ក៏​លែង​កាប់​ឧស ត្រឡប់​ទៅ​វិញ ទៅ​ដល់​និយាយ​ប្រាប់​ជីដូន​តាម​ដំណើរ​សព្វ​គ្រប់ ដែល​ខ្លួន​គិត​កាល​ទៅ​កាប់​ឧស ។ ជីដូច​បាន​ស្តាប់​ហើយ​ក៏​ចូល​ចិត្ត​ព្រម​តាម​ចៅ បុរស​កំសត់​ទាំង​ពីរ​នាក់ គឺ​ជីដូន​និង​ចៅ ក៏​នាំ​គ្នា​ដើរ​ទៅ​ផ្ទះ​មហាសេដ្ឋី ដល់​ចូល​ទៅ​ក្នុង​កំពែង​របង​ហើយ ទៅ​ងង្គុយ​បត់​ជើង​នៅ​មាត់​ជណ្តើរ​មហាសេដ្ឋី ។ លុះ​បន្តិច​ទៅ មហាសេដ្ឋី​ក្តី​ប្រពន្ធ​នាំ​គ្នា ចេញ​មក​ក្រៅ ក្រឡេក​ទៅ​ឃើញ​អ្នក​ទាំង​ពីរ​នាក់​អង្គុយ​ក៏​សួរ​ថា « ឯង​មក​នេះ​មាន​ប្រាថ្នា​អ្វី? » ។ បុរស​កំសត់​នោះ ឆ្លើយ​ជម្រាប​ទៅ​សេដ្ឋី​ថា « ខ្ញុំ​ពីរ​នាក់​ចីដូន​និង​ចៅ​នេះ មក​សុំ​នៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​លោក គ្រាន់​តែ​យក​បាយ​ចិញ្ចឹម​ជីវិត» ។ មហាសេដ្ឋី​ស្តាប់​ហើយ​ឆ្លើយ​ថា « អើ​ឯង​នៅ​ចុះ » ។ បុរស​នោះ​ជម្រាប​ទៅ​មហាសេដ្ឋីថា «សូម​លោក​មេត្តា​ឲ្យ​ខ្ញុំ​នៅ​បម្រើ​ខាង​លើ​ផ្ទះ​បាយ​ហើយ​និង​ផ្ទះ​ធំ» ។ មហាសេដ្ឋី​ព្រម ទើប​យាយ​ចាស់​នោះ សុំ​គ្រាន់​តែ​ដេញ​មាន់​ទា​ កុំ​ឲ្យ​ស៊ី​ស្រូវ កាល​ណា​គេ​យក​ស្រូវ​ទៅ​ហាល ។
បុរស​នោះ ខំ​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេដ្ឋី​មិន​ឲ្យ​ទាស់​ចិត្ត​បន្តិច​សោះ ។ មហាសេដ្ឋី​មាន​ចិត្ត​អាណិត​ស្រឡាញ់​រាប់​អាន ។ លុះ​យូរ​ទៅ​ប្រមាណ​ជា ៣-៤ ឆ្នាំ បុរស​នោះ​ សុំ​មហាដេដ្ឋី​ទៅ​នៅ​ឃ្វាល​ក្របី​វិញ ដល់​នៅ​ឃ្វាល​ក្របី ផ្លាស់​អស់​ខ្សែ​ពួរ​ចាស់ៗ​ទាំង​ប៉ុន្មាន ជួស​ជុល​ក្រោល​ឲ្យ​ស្អាត​ល្អ​ឡើង ក្របី​ទាំង​អស់​ចំនួន ១០០ ក្បាល ។ ដល់​យូរ​ទៅ មហាសេដ្ឋី​ប្តី​ប្រពន្ធ​និយាយ​គ្នា​ថា «តាំង​ពី​អា​នេះ​ទៅ​ឃ្វាល​ក្របី យើង​មិន​ដែល​ទៅ​មើល​វា​ម្តង​សោះ ដូច្នេះ​ត្រូវ​យើង​នាំ​គ្នា​ទៅ​មើល​វា​ម្តង» ក៏​នាំ​ប្តី​ប្រពន្ធ​ទៅ លុះ​ទៅ​ដល់​ មើល​ទៅ​ក្របី ខ្សែ​ពួរ និង​ក្រោល ពេញ​ចិត្ត​ទាំង​អស់ ក៏​ត្រឡប់​មក​វិញ​និយាយ​គ្នា​ថា «អានេះ​ជា​មនុស្ស​ល្អ កាល​ដែល​យើង​ឃើញ​មុន មិន​ដែល​មាន​ប្រដាប់​សម្រាប់​ក្របី​ថ្មី យ៉ាង​នេះ​ទេ ឥឡូវ​នេះ​មាន​ព្រម​អានេះ​ជា​មនុស្ស​ចិត្ត​ត្រង់​នឹង​ចៅ​ហ្វាយ​នាយ» ។ បុរស​នោះ​ទៅ​ឃ្វាល​ក្របី​រាល់​ថ្ងៃ មាន​កាល​ថ្ងៃ​មួយ​នោះ ពេល​ល្ងាច​ដេញ​ក្របី​ត្រឡ់​មក​ក្រោល​វិញ មក​ដល់​ត្រពាំង​មួយ ដេញ​ក្របី​ចុះ​ទៅ​ត្រពាំង​ទឹក ទៅ​ជាន់​ដុំ​មាស​នៅ​ក្នុង​ត្រពាំង​នោះ បែរ​ទៅ​ខាង​ណា ក៏​សុទ្ធ​តែ​ដុំ​មាស ពេញ​ត្រពាំង​ទាំង​អស់ ។ បុរស់​នោះ​ថា «ដុំ​ថ្ម​អ្វី​ក៏​ច្រើន​ម្ល៉េះ ប៉ះ​ជើង​ស្ទើរ​ស្លាប់​ហើយ » ថា​ហើយ​ក៏​យក​ដុំ​មាស​មួយ​ដុំ​មក គិត​ថា «អញ​យក​ដុំ​ថ្ម​នេះ​ទៅ​ផ្ញើ​យាយ​អញ ព្រោះ​ថ្ម​នេះ​ល្អ» ។ បុរស​នោះ ដេញ​ក្របី​មក​ចូល​ក្រោល រួច​ហើយ​ក៏​យក​ដុំ​មាស​នោះ​ទៅ​ឲ្យ​ជីដូនៗ បាន​ឃើញ​ដុំ​មាស​ហើយ សួរ​ថា «ចៅ​យក​ពី​ណា​មក យក​ទៅ​វិញ​ទៅ​យាយ​មិន​ហ៊ាន​យក​ទេ ដុំ​មាស​ធំ​ម្ល៉េះ » ។ បុរស​ដឹង​ជា​ដុំ​មាស​ដូច្នោះ​ហើយ ក៏​យក​ទៅ​ទុក​ក្នុង​ត្រពាំង​វិញ ចំណាំ​កន្លែង​ទុក រួច​ត្រឡប់​មក​វិញ ។
ថ្ងៃ​ក្រោយ​មក​ ព្រះ​មហាក្សត្រ ទ្រង់​ល្បង​ចិត្ត​ពួក​សេនាបតី ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​នឹង​អាមាត្យ​ថា « អ្នក​ឯង​ទៅ​ប្រាប់​សេនាបតី​ទាំង​៤ ថា « ល្ងាច​នេះ ឲ្យ​ដេក​ចាំ​ព្រះ​បរមរាជ​វាំង​នៅ​ចុង​ព្រះ​រាជ​រោង» ។ អាមាត្យ​នាំ​យក​ព្រះ​បន្ទូល​ទៅ​ជំរាប​សេនាបតី​ទាំង ៤ តាម​ដំណើរ ។ សេនាបតី​ទាំង​នោះ ក៏​រៀប​ខ្លួន​មក​ដេក​តាម​ព្រះ​រាជឱង្ការ​ពេល​មក​ដេក​នោះ​ មិន​គិត​ប្រុង​ប្រយ័ត្ន​សោះ គិត​តែពី​ដេក​ទាល់​ភ្លឺ ។ លុះ​យប់​ជ្រៅ​ស្ងាត់ ស្តេច​ទ្រង់​យាង​មក​ទត​សេនាបតី​ទាំង ៤ នោះ ឃើញ​ដេក​ទាំង​អស់​គ្នា ក៏ទ្រង់​យាង​ត្រឡប់​ទៅ​ក្រឡា​ព្រះ​បន្ទំ​វិញ ដល់​ព្រឹក​ឡើង ទ្រង់​មាន​ព្រះ​បន្ទូល​ឲ្យ​ចាប់​សេនា​បតី​ទាំង​នោះ យក​ទៅ​កាប់​ចោល​ទៅ​ ។ លុះ​ល្ងាច​ក្រោយ​ទៀត ទ្រង់​មាន​ព្រះបន្ទូល​ឲ្យ​ហៅ​មហាសេដ្ឋី​ទាំង ៤ ឲ្យ​មក​ដេក​ដូច​មុន​ទៀត ។ មហាសេដ្ឋី​ដែល​ជា​ចៅ​ហ្វាយ​បុរស​កំសត់​នោះ ភ័យ​ណាស់ ព្រោះ​មិន​ដឹង​ជា​មាន​រឿង​អ្វី បាន​ជា​ស្តេច​ឲ្យ​សម្លាប់​សេនាបតី​ទាំង​៤ មុន​នោះ ឥឡូវ​ដល់​មក​ខ្លួន​ទៀត គិត​ថា​មុខ​ជា​ស្លាប់​ហើយ កូន​ប្រពន្ធ​ទាំង​ប៉ុន្មាន​យំ​សោក​ទាំង​អស់​គ្នា ។ លុះ​បន្តិច​ទៅ ឮ​ទៅ​ដល់​បុរស​កំសត់ៗ ក៏​ឡើង​មក​សួរ​ថា « ហេតុ​ម្តេច បាន​ជា​យំ​សោក​យ៉ាង​នេះ? » ។ មហាសេដ្ឋី​ប្រាប់​ទៅ​តាម​រឿង ។ បុរស​ថា « បើ​ដូច្នេះ ខ្ញុំ​សូម​ទៅ​ដេក​ជំនួស » ។ មហាសេដ្ឋី​ឮ​ដូច្នោះ​ហើយ ក៏​អរ​ណាស់ ឲ្យ​រក​សំពត់​អាវ​ល្អៗ យក​មក​ឲ្យ​បុរស​កំសត់​នោះ​ស្លៀក​ដោយ​គិត​ថា មុខ​ជា​ស្លាប់​ហើយ ។ លុះ​បុរស​រៀប​ខ្លួន​ស្រេច នឹង​ទៅ​ដេក​ចាំ​វាំង ជា​មួយ​ពួក​មហាសេដ្ឋី​ឯទៀត តែ​ពេល​ទៅ បុរស​នោះ​យក​ទាំង​ដាវ​មួយ​ទៅ​ផង ទៅ​ដល់​ហើយ​ក៏​ដេក ។
ពួក​មហាសេដ្ឋី​ឯទៀត គេ​អង្គុយ​និយាយ​គ្នា​លេង លុះ​ដល់​យប់​ជ្រៅ​ ទើប​នាំ​គ្នា​ដេក​អស់​ទៅ ។ បុរស់​នោះ ដឹង​ថា​គេ​ដេក​ស្ងាត់ ក៏​ក្រោក​ឡើង​អង្គុយ​ម្នាក់​ឯង ។ លុះ​យប់​ជ្រៅ​ស្ងាត់ ស្តេច​ទ្រង់​ចេញ​មក​ដូច​មុន​ទៀត មក​ដល់​ចុង​ព្រះ​រាជ​រោង បុរស​នោះ​ក្រឡេក​ឃើញ​ទាញ​ដាវ​បាន ដេញ​កាប់​ធ្វើ​ជា​កាប់​ផុតៗ ស្តេច​រត់​រួច​ទៅ ។ ក្នុង​ ១យប់​នោះ ស្តេច​ចេញ​មក ៣ ដង ។ បុរស​ដេញ​កាប់​ទាំង ៣ ដង​សេ្តច​ទ្រង់​រត់​ទៅ​វិញ ។ លុះ​ព្រឹក​ឡើង ស្តេច​ទ្រង់​មាន​ព្រះ​បន្ទូល ឲ្យចាប់​សេដ្ឋី​ទាំង​ ៣ នាក់ ដែល​ដេក​នោះ យក​ទៅ​កាប់​ចោល ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ឲ្យ​ហៅ​បុរស​កំសត់​នោះ​ទៅ ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​បុរស​កំសត់​ថា «ឯង​ជា​សេដ្ឋី​ឈ្មោះ​អ្វី?» ។ បុរស​កំសត់​ក្រាប​ទូលថា «ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ជា​កូន​មហាសេដ្ឋី​ឈ្មោះ​នោះ» ។ ស្តេច​មាន​ព្រះ​បន្ទូល​ឲ្យ​ទៅ​ហៅ​មហាសេដ្ឋី ដែល​ជា​ចៅ​ហ្វាយ​បុរស​កំសត់​នោះ​មក​ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​ថា «នេះ​ជា​កូន​អ្នក​មែន​ឬ​អ្វី? » ។
មហាសេដ្ឋី​ក្រាប​ទូល​ឆ្លើយ​ទទួល​ថា «កូន​មែន» ។ ស្តេច​មាន​ព្រះ​បន្ទូល​ថា «បើ​កូន​មហាសេដ្ឋី​ឯង អញ​សុំ​ធ្វើ​ជា​កូន​អញ» ។ មហាសេដ្ឋី​ក៏​ថ្វាយ​បុរស​នោះ​ទៅ​ស្តេច ហើយ​ក្រាប​បង្គំ​លា​ទៅ​ផ្ទះ​វិញ ។ ស្តេច​មាន​ព្រះ​រាជបុត្រី​មួយ​ព្រះ​អង្គ ទ្រង់​ក៏​រៀប​ផ្សំ​ផ្តុំ​នឹង​បុរស​កំសត់​នោះ ជា​ប្តី​ប្រពន្ធ​ទៅ ហើយ​អភិសេក​ឲ្យ​ឡើង​សោយ​រាជ្យ​យូរ​ទៅ ស្តេច​បុរស​នឹក​ឃើញ​ទៅ​ដល់​មាស ដែល​នៅ​ក្នុង​ត្រពាំង ក៏​ត្រាស់​បង្គាប់​ទៅ​មហាសេដ្ឋី​ឪពុក ឲ្យ​ទៅ​ដឹក​មាស​មក​ដាក់​ឃ្លាំង​ទុក ។
មាន​មួយ​ថ្ងៃ ស្តេច​បុរស​នោះ ចង់​ចេញ​ទៅ​កាន់​ចុង​ព្រះ​រាជ​រោង ឲ្យ​សេនាបតី​គាល់ ក៏​ទៅ​ទូល​ស្តេច​ឪពុកៗ ទ្រង់​ហាម​ថា « ឯង​ជាតិ​ជា​រាស្រ្ត បើ​ចេញ​ទៅ​ត្រូវ​យក​មហេសី​ទៅ​ផង » ។ ស្តេច​បុរស​ទ្រង់​យាង​ចេញ​ទៅ​កាន់​ចុង​ព្រះ​រាជ​រោង ជា​មួយ​អគ្គមហេសី ពួក​នាហ្មឺន​ទាំង​ពួង​គាល់​ត្រៀប​ត្រា ។ វេលា​នោះ ទេវតា​អាក្រក់ ដែល​រក្សា​បុរស​នោះ​អំពី​ដើម ត្រឡប់​មក​វិញ​ក៏​ជួប​ទេវតា​ល្អ ហើយ​និយាយ​ថា «ឥឡូវ​នេះ​អ្នក​រក្សា​មនុស្ស​នេះ តាំង​ពី​នៅ​លំបាក ទាល់​តែ​បាន​ធ្វើ​ជា​ស្តេច​ថែម​ទៀត នោះ​ឃើញ​ថា​អំណាច​អ្នក​ពូកែ​មែន បើ​បើ​ដូច្នេះ​អ្នក​ចេញ​ទៅ ឲ្យ​ខ្ញុំ​រក្សា​ម្តង» ។ ទេវតា​ល្អ ប្រគល់​សេ្តច​កំសត់​ឲ្យ​ទៅ​ទេវតា​អាក្រក់​ហើយ​ហោះ ទៅ ។ ពេល​នោះ មាន​ភ្លៀង​ផ្គរ ទេវតា​អាក្រក់​ក៏​បណ្តាល​ចិត្ត​ស្តេច​បុរស​នោះ​មួយ​រំពេច ស្តេច​នោះ​មិន​បាន​គិត លោ​មាន​ព្រះ​បន្ទូល​ចំពោះ​ពួក​នាហ្មឺន ដែល​គាល់​ត្រៀប​ត្រា​ថា អញ​ឮ​ផ្គរ​លាន់ ស្រណោះ​កាល​នៅ​ឃ្វាល​ក្របី​ពី​ដើម​ណាស់ » គ្រាន់​តែ​ប៉ុណ្ណោះ មហេសី​ឮ​ក៏​ស្ទុះ​ទៅ​រក​ព្រះ​បិតា​ហើយ​ក្រាប​ទូល​ថា «ព្រះ​វរបិតា មិន​គួរ​ឲ្យ​ខ្ញុំ​ម្ចាស់​ទៅ​អា​មនុស្ស​ឃ្វាល​ក្របី​នេះ សោះ​ខ្ញុំ​ម្ចាស់​លែង​យក​ហើយ ព្រោះ​វា​និយាយ​ចំមុខ​នាហ្មឺន ដែល​គាល់​ត្រៀប​ត្រា​ថា « ឮ​ផ្គូរ​លាន់ ស្រណោះ​កាល​នៅ​ឃ្វាល​ក្របី​ពី​ដើម ខ្ញុំ​ម្ចាស់​ខ្មាស់​ពួក​នាហ្មឺន​សព្វ​មុខ​មន្រ្តី​ណាស់ ខ្ញុំ​ម្ចាស់​មិន​យក​ជា​ប្តី​ទេ​» ។
ស្តេច​បិតា​ឮ​ដូច្នោះ ក៏​ឲ្យ​ចាប់​ស្តេច​នោះ​យក​ទៅ​ដាក់​គុក​ទៅ ។ ដាក់​គុក​បាន​ពាក់​កណ្តាល​ថ្ងៃ ទេវតា​ល្អ​ដែល​រក្សា​មុន​នោះ​ត្រឡប់​មក​វិញ ហើយ​និយាយ​ទៅ​នឹង​ទេវតា​អាក្រក់​ថា «អ្នក​មាន​រឹទ្ធិ​ណាស់ ចូល​មក​រក្សា​ភ្លាម ស្តេច​បុរស​បាន​ជាប់​គុក​ភ្លាម ដូច្នេះ​អ្នក​អញ្ជើញ​ទៅ​ចុះ ទុក​ឲ្យ​ខ្ញុំ​រក្សា​វិញ» រួច​ហើយ​ទេវតា​ល្អ​ក៏​បណ្តាល​ចិត្ត​ស្តេច​បុរសៗ​នឹក​ឃើញ​ភ្លាម​ថា « អញ​មិន​គួរ​ភ្លាត់​សំដី​ឲ្យ​ទាល់​តែ​ជាប់​គុក​សោះ ប៉ុន្តែ​គ្មាន​អ្នក​ណា​ដឹង​ថា អញ​ជាប់​គុក​នៅ​ឡើយ​ទេ​ដូច្នេះ​អញ​បង្គាប់​ទៅ​សេដ្ឋី​ឪពុក​អញ ឲ្យ​យក​មាស​ដែល​មក​ពី​ក្នុង​ត្រពាំង​នោះ ដំធ្វើ​ជា​រូប​ក្របី ១០០ ដាក់​ជើង​ពាន​មាស ១០០ យក​មក​ឲ្យ​អញ​ក្នុង​ថ្ងៃ​ស្អែក​នេះ​ពី​ព្រឹក» គិត​តែ​ប៉ុណ្ណោះ​ក៏​ប្រើ​មេ​គុក​ឲ្យ​ទៅ​ប្រាប់​សេដ្ឋី​ថា «ស្តេច​មាន​ព្រះ​បន្ទូល​ថា ឲ្យ​យក​មាស​ដំធ្វើ​រូប​ក្របី ១០០ ដាក់​លើ​ជើង​ពាន​មាស ១០០ ហើយ​យក​ទៅ​ថ្វាយ​ស្តេច​ដល់​កន្លែង​ទ្រង់» ។ សេដ្ឋី​ឮ​ហើយ ក៏​ហៅ​ជាង​ទាំង​ពួង ឲ្យ​ធ្វើ​ក្នុង​មួយ​យប់​ឲ្យ​ហើយ​លុះ​ព្រឹក​ឡើង ឲ្យ​ខ្ញុំ​ស្រី​សេដ្ឋី​១០០ នាក់ ទូល​យក​ទៅ​ថ្វាយ​សេ្តច​ក្នុង​ព្រះ​រាជវាំង ។ ស្តេច​បិតា​ក្មេក​ទត​មក​ឃើញ ឲ្យ​អមាត្យ​រត់​ទៅ​មើល ។ អាមាត្យ​មក​ក្រាប​ទូល​វិញ​ទ្រង់​មាន​ព្រះ​បន្ទូល​ឲ្យ​ហៅ​អ្នក​ទូល​ក្របី​នោះ ​មក​ ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា «នាង​ឯង​រាល់​គ្នា យក​ក្របី​មាស់​នេះ​ទៅ​ណា?» ។ ស្រី​ទាំង​នោះ​ថា « ខ្ញុំ​ម្ចាស់​យក​មក​ថ្វាយ​ព្រះអង្គ» ។ ស្តេច​ទ្រង់​ជ្រាប ទ្រង់​ឲ្យ​ហៅ​ព្រះ​រាជបុត្រី​ថា​មហេសី​ស្តេច​កំសត់ ឲ្យ​ចេញ​មក​មើល ហើយ​មាន​ព្រះ​បន្ទូល​ថា «កូន​អើយ! ដែល​ប្តី​ឯង​វា​ថា​ស្រណោះ​កាល​ឃ្វាល​ក្របី​នោះ មិន​មែន​ក្របី​សត្វ​ទេ គឺ​រូប​ក្របី​មាស​នេះ​ឯង កូន​មើល​ក្របី​នេះ​ចុះ ណ្ហើយ​កូន​កុំ​ខឹង​នឹង​ប្តី យក​ប្តី​វិញ​ទៅ » មាន​ព្រះបន្ទូល​តែ​ប៉ុណ្ណោះ​ក៏​ទ្រង់​ឲ្យ​ទៅ​ដោះ​ស្តេច​បុរស​កំសត់​មក ហើយ​ទ្រង់​អភិសេក​នឹង​នាង​ជា​ព្រះរាជបុត្រី​ឲ្យ​ឡើង​សោយ​រាជ​សម្បត្តិ ជា​សុខ​សម្បាយ​រៀង​ទៅ ព្រម​ទាំង​យាយ​ជីដូន​នៃ​បុរស​នោះ​ផង ។
Share:

ខម

សថលក្ល
Share:

រឿងពាក្យសុភាសិតតម្លៃ៣០តម្លឹង

កាល ​ពី​ព្រេងនាយ​ មាន​ជន​ពីរ​នាក់​ប្ដី​ប្រពន្ធ, បុរស​ជា​ប្ដី​ បាន​ឃើញ​គេ​រៀន​របៀន​ពូកែ​ ចង់​រៀន​ណាស់​ យក​ប្រាក់​៣០​តម្លឹង​ លា​ប្រពន្ធ​ដើរ​ទៅ​រក​រៀន​ ដើរ​ពី​ស្រុក​មួយ​ដល់​ខែត្រ​មួយ​ឮ​គេ​ថា​ ទី​ត្រង់​ណា​ មាន​អ្នក​ចេះ​របៀន​អាគម​គាថា​ពូកែ​ ក៏​ទៅ​រក​ត្រង់​នោះ​ ដល់​ទៅ​ជួប​នឹង​គ្រូ​ណា​ពូកែ​ គេ​សូត្រ​ឲ្យ​ស្ដាប់​​គេ​ធ្វើ​ឲ្យ​មើល​ដូចម្ដេចៗ​ ក៏​ចេះ​តែ​មិន​ចូល​ចិត្ត, លុះ​ដើរ​ឆ្ងាយ​ទៅៗ​ ក៏​បាន​ជួប​នឹង​តា​ចាស់​ម្នាក់ ។ តា​ចាស់​សួរ​ថា << អ្នក​ឯង​ទៅ​ណា​ ដើរ​មក​តែ​ម្នាក់​ឯង​ ស្វះស្វែង​រក​អ្វី ? >> ។ បុរស​នោះ​ឆ្លើយ​ថា << ឱ ! តា​អើយ ! ខ្ញុំ​មក​នេះ​ ត្បិត​ឮ​គេ​ថា​នៅ​ទី​នេះ​ មាន​គ្រូ​ចេះ​របៀន​ពូកែ​​បាន​ជា​ខ្ញុំ​ខំ​សង្វាត​មក​ ក្រែង​តា​ចេះ​ដឹង​ ប្រដៅ​ចៅ​ផង >> ។ តា​ចាស់​ឆ្លើយ​ថា​ តា​មាន​របៀន​បីបទ​ តម្លៃ​៣០​ តម្លឹង​ បើ​ចៅ​ឯង​កាន់​ជាប់​ ចៅ​ឯង​មិន​ច្បុត​ទេ​ គង់​បាន​ដូច​ចិត្ត​ បើ​មាន​កិច្ច​ មាន​ដំណើរ​អ្វី​ឲ្យ​សូត្រ​របៀន​តា​នេះ​ចុះ​ ពូកែ​ណាស់ >> ។ បុរស​នោះ​ថា << តា​សូត្រ​ឲ្យ​ខ្ញុំ​ស្ដាប់​មើល ! បើ​ខ្ញុំ​ចូល​ចិត្ត​ ខ្ញុំ​យក >> តា​នោះ​សូត្រ​ឲ្យ​ស្ដាប់​ថា << រពឹស​ដៃ​ផ្ទៃ​ឆ្អែត, ដេក​យប់​កុំ​និយាយ​នឹង​ស្រី, ឃ្លាន​កុំ​អាល​ស៊ី >> ។ បុរស​នោះ​ស្ដាប់​បាន​ ចូល​ចិត្ត​ ក៏​ប្រគល់​ប្រាក់​៣០​តម្លឹង​ឲ្យ​តា​នោះ​ ហើយ​ទន្ទេញ​របៀន​ទាំង​បី​បទ​នោះ​ ចាំ​ស្ទាត់​រត់​មាត់ ។ ឯ​តា​ចាស់​ប្រាប់​ថា << បើ​ចៅ​កាន់​របៀន​ទាំង​បី​បទ​នេះ​បាន​ តា​ឲ្យ​ទទេ​ មិន​យក​តម្លៃ​ទេ >> ។ ហើយ​តា​ចាស់​ប្រគល់​ប្រាក់​ឲ្យ​បុរស​នោះ​វិញ ។ បុរស​នោះ​ក៏​លា​តា​ចាស់​នោះ​ វិល​មក​ស្រុក​វិញ ។ មាត់​បុរស​នោះ​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​នោះ​ ចប់​តែ​តាម​ផ្លូវ​មក​ ពុំ​មាន​ភ្លេច ។ លុះ​ដើរ​ឆ្ងាយ​បន្តិច​មក​ ជួប​នឹង​សំពៅ​ឈ្មួញ​មួយ , បុរស​នោះ​ ក៏​សុំ​សំពៅ​គេ​ដោយ​សារ​មក​ស្រុក, ដង្ខៅ​សំពៅ​ក៏​ព្រម​ឲ្យ​ដោយ​សារ ។ បុរស​នោះ​តាំង​ពី​ចុះ​មក​នៅ​ក្នុង​សំពៅ​ថ្ងៃ​ណា​ ក៏​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​នោះ​ ហើយ​ចេះ​តែ​ជួយ​លាង​ ជួយ​ថែ​ទាំ​ ជួយ​ជួសជុល​សំពៅ​ដូច​ជា​របស់​ខ្លួន ។ នាយ​សំពៅ​នឹក​ក្នុង​ចិត្ត​ថា << អ្នក​នេះ​តាំង​តែ​ពី​ចុះ​ដោយ​សារ​សំពៅ​អញ​កាលណា​មក​ គាត់​ចេះ​តែ​ធ្វើ​ការ​ដូចជា​របស់​គាត់​ នឹក​ហើយ​ ក៏​ស្រឡាញ់​បុរស​នោះ​ ឲ្យ​រៀប​បាយ​ទឹក​ឲ្យ​ស៊ី​តែ​រាល់​ថ្ងៃ​រៀង​មក ។ ឯ​បុរស​នោះ​ពុំ​ខ្ជិល​សោះ​ ចេះ​តែ​ខំ​ធ្វើ​ការ​ក្នុង​សំពៅ​ ដូចជា​កូន​ឈ្នួល​ឯ​ទៀតៗ ។ នាយ​សំពៅ​នឹក​តែ​ក្នុង​ចិត្ត​ថា << បើ​កាល​ណា​បាន​ដល់​ស្រុក​អញ​នឹង​ចែក​របស់​ទ្រព្យ​ឲ្យ​ចៅ​នេះ​រកស៊ី​តទៅ >> ។ លុះ​បើក​សំពៅ​មក​ដល់​កណ្ដាល​ស្រុក​មួយ​ បាន​ឃើញ​វិហារ​មួយ​គេ​រៀប​អណ្ដាប់​ពោរពាស​ សុទ្ធ​តែ​ចំណី​ ស្រា​ បាយ​ ទុក​ឲ្យ​យក្ស​វា​មក​ស៊ី ។
អ្នក​សំពៅ​ កាល​ដល់​វិហារ​នោះ​ ក៏​ចត​សំពៅ​ ឡើង​ទៅ​លេង​ឃើញ​ចំណី​ទាំងនោះ​ ពុំ​មាន​មនុស្ស​ ក៏​នាំ​គ្នា​ស៊ី​ផឹក​ស្រា​ស្រវឹង​ដេក​នៅ​ក្នុង​វិហារ​នោះ​ទាំងអស់​គ្នា​ ខាន​តែ​បុរស​ម្នាក់​នោះ​ មាត់​គាត់​ចេះ​តែ​ទន្ទេញ​ថា << រពឹស​ដៃ​ផ្ទៃ​ឆ្អែត​ ដេក​យប់​កុំ​និយាយ​នឹង​ស្រី​ ឃ្លាន​កុំ​អាល​ស៊ី >> ដោយ​គិត​ថា << ចំណី​អស់​នេះ​មាន​ហេតុ​អ្វី​មួយ​ហើយ​ បាន​ជា​គេ​រៀប​ទុក​នៅ​ទីនេះ, ឥឡូវ​អ្នក​ទាំងអស់​នេះ​ស៊ី​គង់​តែ​មាន​ភ័យ​មិន​ខាន >> គិត​ដូច្នោះ​ហើយ​ពុំ​ហ៊ាន​ស៊ី​ ឡើង​ទៅ​ពួន​លើ​ធ្នឹម​វិហារ​ ដោយ​ស្ងៀមស្ងាត់​ចាំ​លប​មើល ។
លុះ​ដល់​ថ្ងៃត្រង់​ យក្ស​មក​ដល់​ ហើយ​វា​ខឹង​ខ្លាំង​ណាស់​ថា << នរណា​ហ៊ាន​មក​ស៊ី​ចំណី​អស់​នេះ >> ។ យក្ស​ថា​ហើយ​ ក៏​ប្រើ​ដំបង​មក​វាយ​មនុស្ស​ដែល​ដេក​នោះ​ ស្លាប់​ទាំងអស់​ទៅ ។ ឯ​ដំបង​ក៏​វិល​មក​ខាង​យក្ស​វិញ​ ហើយ​យក្ស​កាច់​ក​អស់​មនុស្ស​ទាំងនោះ​ស៊ី​អស់​ទៅ​ រួច​ក្រឡេក​មើល​ក្រឡេម​ក្រឡឺម ។ បុរស​ឃើញ​យក្ស​ភ័យ​ណាស់​ មាត់​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​ ហើយ​គិត​ថា << បើ​អញ​ស្រែក​ ក្រែង​យក្ស​ឮ​វា​ឃើញ​អញ​ ហើយ​វា​នឹង​ស៊ី​អញ​ទៀត >> គិត​ហើយ​ក៏​លោត​ចុះ​ពី​លើ​ធ្នឹម​ ស្រែក​វ៉ាស​ឡើង​ យក្ស​ភ័យ​ណាស់​ រត់​ចោល​ដំបង​ទៅ​បាត់​ទៅ ។ បុរស​នោះ​ បាន​ដំបង​វាយ​ឯង​ហើយ​ ក៏​ដើរ​ត្រឡប់​មក​ស្រុក​ ចោល​សំពៅ​នៅ​កំពង់​វិហារ​នោះ​ឯង ។
លុះ​ដើរ​ មក​ដល់​ផ្ទះ​ ក្នុង​វេលា​យប់​ បុរស​នោះ​ យក​ដំបង​ទៅ​លាក់​ក្រោម​ជណ្ដើរ​យក​ថ្ម​សង្កត់​លើ​ ហើយ​ឡើង​ទៅ​ដេក​លើ​ផ្ទះ ។ ប្រពន្ធ​សួរ​ ប្រាប់​ប្រពន្ធ​ថា​ ចាំ​ព្រឹក​សឹម​និយាយ​ប្រាប់ >> ។
ក្រោយ​ពេល​ដែល​ប្ដី​ទៅ​ ប្រពន្ធ​នៅ​ផ្ទះ​ វា​មាន​សាហាយ, វេលា​យប់​ដែល​ប្ដី​មក​ដល់​ផ្ទះ​ សាហាយ​វា​សួរ​ថា​ ដំណើរ​ដូចម្ដេច​ ក៏​ចាំ​ព្រឹក​ទើប​និយាយ​បាន ? ។ ប្រពន្ធ​ចេះ​តែ​ឱប​អង្អែល ។ ទ្រាំ​ពុំ​បាន​ប្ដី​ក៏​និយាយ​ប្រាប់​ថា : អញ​និយាយ​នឹង​ឯង​នេះ​ខុស​គ្រូ​ហើយ​ ត្បិត​គ្រូ​ផ្ដាំ​ថា << ដេក​យប់​កុំ​និយាយ​នឹង​ស្រី >> ឥឡូវ​នេះ​អញ​និយាយ​ខុស​បណ្ដាំ​គ្រូ​ហើយ ។ ប្រពន្ធ​សួរថា << អ្នក​ទៅ​បាន​របស់​អ្វី​មក​ខ្លះ >> ។ ប្ដី​ថា << បាន​តែ​របៀន​បី​បទ​ហើយ​ត្រឡប់​មក​វិញ​ ដល់​ពាក់​កណ្ដាល​ផ្លូវ​ បាន​ដំបង​វាយ​ឯង​ទៀត >> ។ ប្រពន្ធ​សួរថា<< ដំបង​នោះ​ទុក​នៅ​ឯណា​ ឥឡូវ​នេះ ? ខ្ញុំ​ចង់​ឃើញ >> ។ ប្ដី​ថា << អញ​ទុក​ក្រោម​ជណ្ដើរ​ យក​ថ្ម​គ្រប >> ថា​ហើយ​ក៏​ដេក​លក់​ទៅ ។សាហាយ​ លប​ស្ដាប់​ឮ​ហើយ​ ក៏​ទៅ​ក្រោម​ជណ្ដើរ​ រើស​យក​ដំបង​នោះ​ទៅ​បាត់​ទៅ។
លុះ​ព្រឹក​ព្រហាម​ស្រាងៗ​ ឡើង​បុរស​នោះ​ រឭក​ពី​ដេក​ ចុះ​ទៅ​រក​ដំបង​ពុំ​ឃើញ​ក៏​ប្រាប់​ប្រពន្ធ​ថា << អញ​ប្រាប់​មិន​ជឿ​​ អញ​ថា​ ខុស​គ្រូ​ហើយ​​ ឯង​ចេះ​តែ​លួង​អញ​ ទាល់​តែ​អញ​ប្រាប់​ ឥឡូវ​នេះ​ មនុស្ស​ឮ​ វា​លួច​យក​ដំបង​បាត់​ហើយ >> ។ ប្រពន្ធ​ឮ​ហើយ​ដឹង​ថា​សាហាយ​លួច​ ក៏​មិន​ស្ដី​ ដណ្ដាំ​បាយ​ឲ្យ​ប្ដី​ស៊ីៗ​រួច​ហើយ​ បុរស​នោះ​ក៏​យក​ខ្សែ​មក​ចង​ថ្ម​ដែល​គ្រប​លើ​ដំបង​នោះ​ នាំ​ទៅ​ប្ដឹង​មេ​ស្រុក​ ឲ្យ​ជំនុំ​ជម្រះ​រក​ចោរ​ឲ្យ ។ មេ​ស្រុក​ ពុំ​ដឹង​បើ​ជំនុំ​ជម្រះ​ដូចម្ដេច​ ពីព្រោះ​ថ្ម​មិន​ចេះ​ស្ដី​ គេ​ជេរ​ថា << អា​កំព្រើល ! តាំង​ពី​ដូនតា​មក​ នរណា​ដែល​ឃើញ​ដំបង​វាយ​ឯង >> គេ​គម្រាម​ហើយ​គេ​ដេញ​ចេញ​ទៅ ។ បុរស​នោះ​ចេះ​តែ​អូស​ថ្ម​ទៅ​ប្ដឹង​ តាំង​តែ​ពី​មេ​ស្រុក​ ដល់​ទៅ​លោក​យមរាជ​ អ្នក​រាជការ​គ្រប់​ក្រសួង​ គេ​ចេះ​តែ​ដេញ​ចេញ​ គេ​ថា​ មនុស្ស​ឆ្កួត​ គេ​មិន​ឲ្យ​ចូល ។ បុរស​នោះ​អូស​ថ្ម​ទៅ​ថ្វាយ​ស្ដេចៗ​ទ្រង់​សួរ​សព្វ​គ្រប់​ហើយ​​ ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​អស់​នាម៉ឺន​ថា << មែន​បាន​គេ​ថា, មាន​ប្រឡាយ​បាន​ទឹក​វា​ហូរ, មាន​សម្រាម​បាន​ឆ្កែ​វា​ជុះ, អស់​នាម៉ឺន​កុំ​ថា​វា​ឆ្កួត​​សេចក្ដី​នេះ​មែន​ហើយ​បាន​ជា​វា​ហ៊ាន​ថា​ ស្ដេច​មាន​បន្ទូល​ប្រាប់​បុរស​ថា << ណ្ហើយ​ វិល​ទៅ​ផ្ទះ​ចុះ​ កាលណា​អញ​ប្រើ​ឲ្យ​គេ​ទៅ​ហៅ​សឹម​មក >> ។ បុរស​នោះ​ទទួល​ថា << ព្រះ​ករុណា​ថ្លៃ​វិសេស >> ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​វិញ ។
ក្រោយ ​ពេល​បុរស​នោះ​ទៅ​ ស្ដេច​ទ្រង់​ព្រះ​រាជ​បញ្ជា​ ឲ្យ​ប្រាប់​បណ្ដា​រាស្រ្ត​ថា​ ត្បិត​ស្ដេច​ឲ្យ​អស់​ព្រះស្នំ​ចេញ​រាំ​បី​ថ្ងៃ​បី​យប់​ ឲ្យ​បណ្ដារាស្រ្ត​មើល​តាម​ចិត្ត​ពុំ​មាន​ឃាត់​ឃាំង​ឡើយ >> ហើយ​ទ្រង់​ឲ្យ​រៀប​លេង​ល្ខោន ។ កាល​នោះ​​អស់​រាស្រ្ត​សឹង​តែ​ចូល​ទៅ​មើល​គ្រប់គ្នា ។ ស្ដេច​ទ្រង់​យាង​ចូល​ទៅ​ ក្នុង​ព្រះ​រាជដំណាក់​ ជ្រើស​រើស​ប្រេង​ក្រអូប​យ៉ាង​ឯក​មួយ​ដប​ដែល​សម្រាប់​តែ​ស្ដេច​ អស់​រាស្រ្ត​និង​នាម៉ឺន​ ពុំ​ដែល​មាន​ ទ្រង់​ប្រើ​អាមាត្យ​ម្នាក់​ យក​ទៅ​ឲ្យ​បុរស​នោះ​ ហើយ​ប្រាប់​ថា << ស្ដេច​ទ្រង់​ព្រះ​រាជទាន​ឲ្យ​អ្នក​ឯង​ និង​ប្រពន្ធ​អ្នក​ឯង​លាប , ប៉ុន្តែ​ឲ្យ​អ្នក​ឯងនៅ​ផ្ទះ​ កុំ​ទៅ​មើល​ល្ខោន​ឲ្យ​តែ​ប្រពន្ធ​ទៅ​មើល​បាន​ហើយ>> ។ អាមាត្យ​អ្នក​យក​ទៅ​ឲ្យ​ប្រាប់​សព្វ​គ្រប់​ហើយ​ វិល​ទៅ​ក្រាប​បង្គំ​ទូល​ស្ដេច​វិញ។ បុរស​នោះ​បាន​ប្រេង​ ក៏​ហៅ​ប្រពន្ធ​មក​ហុច​ប្រេង​ទៅ​ឲ្យ​ប្រាប់​ថា << ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​ ទ្រង់​ព្រះរាជទាន​ប្រេង​នេះ​មក​​ ព្រោះ​ទ្រង់​អាណិត​ស្រឡាញ់​យើង​ ឲ្យ​យើង​លាប​ទៅ​មើល​ល្ខោន​នឹង​គេ , តែ​ឥឡូវ​នេះ​អញ​ឈឺ​ក្បាល​ ឯង​យក​ទៅ​លាប​ ហើយ​ទៅ​មើល​ល្ខោន​នឹង​គេ​ចុះ ។ ឯ​ប្រពន្ធ​ឮ​ប្ដី​បើក​ឲ្យ​ទៅ​ ហើយ​ឲ្យ​ទាំង​ប្រេង​ទៅ​លាប​ផង​ដូច្នោះ​​អរពន់ពេក​ ដោយ​ពុំ​បាន​ដឹង​កល​ជា​គេ​ចាប់​ ក៏​យក​ប្រេង​ទៅ​ឲ្យ​សាហាយ​លាប​ផង​ ហើយ​បណ្ដើរ​គ្នា​ទៅ​មើល​ល្ខោន​ឈរ​ទន្ទឹម​គ្នា​ លុះ​បន្តិច​ទៅ​ស្ដេច​ទ្រង់​ធុំ​ក្រអូប​ប្រេង​នោះ​ ទ្រង់​ខ្សឹប​ប្រាប់​នាម៉ឺន​ម្នាក់ << ចូរ​អ្នក​ទៅ​ហិត​ក្លិន​អស់​បណ្ដារាស្រ្ត​ ដែល​មើល​ល្ខោន​ទាំង​ប៉ុន្មាន​ បើ​ធុំ​ក្លិន​ប្រេង​ក្រអូប​យ៉ាង​នោះ​ ប៉ុន្មាន​នាក់​ ចូរ​អ្នក​នាំ​យក​មក​ឲ្យ​អញ​ជា​ឆាប់ >>។
នាម៉ឺន​នោះ​ ក្រាប​ថ្វាយ​បង្គំ​ហើយ​ ទៅ​ហិត​មនុស្ស​ឯ​ទៀត​ មិន​ធុំ​សោះ​ ធុំ​តែ​ប្រុស​ម្នាក់​ ស្រី​ម្នាក់​ ដែល​ឈរ​ទន្ទឹម​គ្នា​ លាប​ប្រេង​ក្រអូប​ទាំងពីរ​នាក់​នោះ​ ក៏​នាំ​ទាំង​ប្រុស​ទាំង​ស្រី​ យក​ទៅ​ថ្វាយ​ស្ដេចៗ​ឲ្យ​លែង​រាំ​ទៅ​ ហើយ​ទ្រង់​ឲ្យ​ហៅ​ទាំង​ប្រុស​ទាំង​ស្រី​ មក​ដល់​ហើយ​ទ្រង់​សួរថា << នេះ​ជា​ប្រពន្ធ​ចៅ​ឯង​មែន​ឬ ? បុរស​នោះ​ក្រាប​ទូល​ថា <<មែន>>។ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​ ទៅ​ប្រុស​សាហាយ​នោះ​ថា​ ឯង​បាន​ទៅ​លួច​ដំបង​ចៅ​នេះ​មែន​ឬ? ។ សាហាយ​នោះ​ក្រាប​បង្គំទូល​ថា << លួច​មែន >> ។ ទ្រង់​ឲ្យ​ទៅ​យក​ដំបង​នោះ​មក​ ឲ្យ​យក​សាហាយ​ទាំង​ប្រុស​ស្រី​នោះ​ ទៅ​ដាក់​ច្រវាក់​ធ្វើ​ទោស ។ បុរស​ជា​ម្ចាស់​ដំបង​ក្រាប​ថ្វាយ​បង្គំ​សូម​ទោស​ ហើយ​ក៏​ប្រគល់​ទាំង​ផ្ទះ​សម្បែង​ ទាំង​ប្រពន្ធ​ឲ្យ​ទៅ​សាហាយ​នោះ​ ទាំងអស់​ដោយ​ពុំ​មាន​ខឹង​អ្វី​ឡើយ ។ ប្រុស​សាហាយ​នោះ​អរណាស់​សំពះ​សូម​ទោស​រួច​វិល​ទៅ​វិញ ។
ឯ​បុរស​ម្ចាស់ ​ដំបង​ ថ្វាយ​ដំបង​ទៅ​ស្ដេច​ ហើយ​ក្រាប​លា​ទៅ​ទៀត​ស្ដេច​ឃាត់​ក៏​ពុំ​ព្រម​ ទ្រង់​មាន​ព្រះ​បន្ទូល​ថា << ដំបង​វាយ​ឯង​នេះ​ថ្លៃ​ណាស់​ ទ្រង់​ព្រះរាជានុញ្ញាត​ឲ្យ​បើក​ឃ្លាំង​មាស – ប្រាក់​ឲ្យ​បុរស​នោះ​យក​តាម​ចិត្ត ។ បុរស​នោះ​រើស​អស់​ទាំង​ឃ្លាំង​មាស​ប្រាក់​អម្បាល​នោះ​ទៅ​​ ឃើញ​កាំបិត​បន្ទោះ​មួយ​ចាស់​នៅ​ក្រោម​ឃ្លាំង​ ក៏​យក​កាំបិត​នោះ​និង​ប្រាក់​បន្តិច​បន្តួច​គ្រាន់​ចាយ​តាម​ផ្លូវ​ ហើយ​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​លា​ស្ដេច​ ដើរ​ចេញ​ទៅ​ទៀត ។ ស្ដេច​ពុំ​មាន​ព្រះ​បន្ទូល​អ្វី​ទេ , តែ​អស់​នាហ្មឺន​ គេ​ត្មះតិះដៀល​បុរស​នោះ​ ថា​ជា​មនុស្ស​ឆោត​ ប្រាក់​មាស​មិន​យក​ទៅ​យក​ឯ​កាំបិត​ច្រែះស៊ី ។
បុរស​នោះ​ ក៏​ដើរ​ចេញ​អំពី​នគរ​នោះ​ បាន​ទៅ​ដល់​នគរ​មួយ​ដទៃ​ទៀត ។ ជួន​ជា​ថ្ងៃ​នោះ​ ស្ដេច​នគរ​នោះ​ទ្រង់​មាន​ព្រះបន្ទូល​បង្គាប់​សេដ្ឋី​ម្នាក់​ថា << ព្រឹក​ស្អែក​ ទ្រង់​នឹង​ទៅ​ក្រសាល​ព្រៃ​ ឲ្យ​មហាសេដ្ឋី​ធ្វើ​រទេះ​មួយ​យ៉ាង​ល្អល្អះ​ ឲ្យ​ឆ្លាក់​ក្បាច់​លាបលន​ឲ្យ​ហើយ​ ឲ្យ​ទាន់​ក្នុង​ពេល​ព្រឹក​ស្អែក​នេះ​ បើ​ធ្វើ​ពុំ​ទាន់​ នឹង​យក​ទោស​ដល់​ជីវិត ។ រី​ឯ​មហា​សេដ្ឋី​នោះ​ធ្វើ​ពុំ​ទាន់​ ហើយ​ពុំ​ធ្វើ​រទេះ​ បែរ​ជា​ធ្វើ​មឈូស​ទៅ​វិញ ។
ថ្ងៃ​នោះ​ ជួន​ជា​បុរស​នោះ​ ដើរ​ទៅ​ឃើញ​សេដ្ឋី​នោះ​ កំពុង​តែ​ធ្វើ​បុណ្យ​ក៏​សួរ​ថា << ចុះ​លោក​មាន​ការ​អ្វី​ បាន​ជា​ធ្វើ​បុណ្យ​មាន​ក្ដារ​មឈូស​ផង​ដូច្នោះ ? >> ។ គេ​ប្រាប់​ថា <<ស្ដេច​ឲ្យ​ធ្វើ​រទេះ​មួយ​ លាបលន​យ៉ាង​ល្អ​ ឲ្យ​ទាន់​ព្រឹក​នេះ​ ស្ដេច​ក្រសាល​ព្រៃ​ បើ​ធ្វើ​ពុំ​ទាន់​ស្ដេច​នឹង​យក​ទោស​ដល់​ជីវិត,ឥឡូវ​នេះ​មហាសេដ្ឋី​ធ្វើ​ពុំ​ ទាន់​ដឹង​ខ្លួន​ថា​ស្លាប់​ បាន​ជា​ធ្វើ​មឈូស​ធ្វើ​បុណ្យ​វិញ>>។
បុរស ​នោះ​ឆ្លើយ​ថា​ << ក្រអី​ប៉ុណ្ណឹង​ ឲ្យ​តែ​បាយ​ខ្ញុំ​ស៊ី​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ៗ​ ទាន់​ព្រឹក​នេះ>> មហាសេដ្ឋី​បាន​ឮ​ដូច្នោះ​អរណាស់​ ហើយ​ក៏​ឲ្យ​រៀប​បាយ​ទឹក​ស៊ី​ឆ្អែត​រួច​ប្រគល់​ឈើ​ឲ្យ​ធ្វើ​រទេះ ។ បុរស​នោះ​ក៏​ធ្វើ​តែ​នឹង​កាំបិត​១​ដែល​យក​ពី​ក្រោម​បាត​ឃ្លាំង​មក​នោះ​ បាន​រួច​ស្រេច​ក្នុង​យប់​នោះ​ ហើយ​លាបលន​យ៉ាង​ល្អ​ ព្រឹក​ឡើង​ក៏​អូស​រទេះ​ទៅ​ថ្វាយ​ស្ដេចៗ​ទ្រង់​ទត​ឃើញ​​ទ្រង់​ឲ្យ​រៀប​ ប្រដាប់​ប្រដា​ទៅ​ក្រសាល​ព្រៃ ។ ឯ​មហាសេដ្ឋី​លុះ​រួច​ពី​ស្លាប់​ហើយ​ ក៏​នឹក​ក្នុង​ចិត្ត​ថា << អ្នក​នេះ​មាន​គុណ​ធ្ងន់​ណាស់​ ឥឡូវ​នេះ​នឹង​រក​អ្វី​សង​ឲ្យ​ស្មើ​គ្មាន​ មាន​តែ​កូន​ក្រមុំ​១​ ល្មម​ឲ្យ​មាន​ប្ដី​ ដូច្នោះ​មាន​តែ​អញ​ការ​ឲ្យ​អ្នក​នោះ << គិត​ហើយ​ក៏​ហៅ​មក​ការ​ឲ្យ​ទៅ ។ លុះ​ការ​រួច​ហើយ​ក្នុង​យប់​នោះ​ ពេល​ផ្សំ​ដំណេក​ បុរស​នោះ​ គិត​ល្បង​ចិត្ត​ប្រពន្ធ​ ហើយ​ធ្វើ​ជា​ផឹក​ស្រា​ស្រវឹង​ដេក​ទៅ​ លុះ​យប់​យូរ​បន្តិច​ក៏​ធ្វើ​ជា​ក្អួត​ប្រឡាក់​ប្រពន្ធ​អស់ ។ កូន​សេដ្ឋី​ឃើញ​កំអួត​ប្ដី​ប្រឡាក់​ខ្លួន​ដូច្នោះ​ ក៏​ស្រែក​ឡើង​ក្នុង​យប់​នោះ​ថា<< លោក​ឪពុក​រក​ប្ដី​ឲ្យ​ខ្ញុំ​ជា​មនុស្ស​ប្រមឹក​ ក្អួត​ប្រឡាក់​ខ្ញុំ​អស់​ហើយ​ ខ្ញុំ​ទ្រាំ​មិន​បាន​ទេ>>។ មហាសេដ្ឋី​ឮ​កូន​ស្រែក​ដូច្នោះ​ក៏​ឃាត់​ថា << កូន​ដេក​ទៅ​ កុំ​និយាយ​ ត្បិត​ប្ដី​កំពុង​ស្រវឹង​​ ហើយ​គេ​មាន​គុណ​ផង >> ឃាត់​ដូចម្ដេច​ ក៏​កូន​ស្រី​មិន​ស្ដាប់​ហើយ​វា​ចេះ​តែ​រអ៊ូ​ថា​ <<បើ​ឲ្យ​ទៅ​ឆ្កែ​ឆ្មា​ទ្រាំ​បាន​ឯ​មនុស្ស​ប្រមឹក​ខ្ញុំ​ទ្រាំ​មិន​ បាន​ទេ>>។
លុះ​ព្រឹក​ឡើង​ បុរស​នោះ​រលឹក​ពី​ដេក​ ក៏​ចូល​ទៅ​រក​សេដ្ឋី​ប្រគល់​កូន​ឲ្យ​វិញ​ ប្រាប់​ថា << មិន​ព្រម​យក​ទេ >> ហើយ​ថា​ មិន​បាន​ពាល់​ដៃ​ជើង​ឡើយ ។ មហាសេដ្ឋី​ឃាត់​សុំ​ទោស​ឲ្យ​កូន​យ៉ាង​ណា​ ក៏​បុរស​នោះ​ពុំ​ព្រម​នៅ​ ពុំ​ព្រម​យក​ ហើយ​លា​មហាសេដ្ឋី​យក​តែ​កាំបិត​ដើរ​ទៅ​ទៀត ។ លុះ​ស្ដេច​យាង​មក​ពី​ព្រៃ​ ទ្រង់​ឲ្យ​ទៅ​រក​ជាង​ដែល​ធ្វើ​រទេះ​នោះ​ពុំ​ឃើញ​ទ្រង់​ស្ដាយ​ណាស់​ ទ្រង់​ឲ្យ​អស់​នាហ្មឺន​ចាត់​សំបុត្រ​រក​គ្រប់​ខេត្ត​ ក៏​ពុំ​ឃើញ​ហើយ​ទ្រង់​ស្ងៀម​ទៅ។
បុរស​នោះ​ លា​សេដ្ឋី​ដើរ​ទៅ​ឆ្ងាយ​ ក៏​បាន​ទៅ​ដល់​នគរ​មួយ​ដទៃ​ទៀត ។ ស្ដេច​នគរ​នោះ​ ទ្រង់​ឲ្យ​នាហ្មឺន​ម្នាក់ៗ​ទៅ​ដេក​វេន​ ចាំ​យាម​នៅ​ចុង​ព្រះរាជ​រោង​រាល់​យប់ ។ ស្ដេច​ទ្រង់​ចេញ​កាប់​តែ​រាល់​យប់​ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ទ្រង់​បង្គាប់​មក​នោះស្លាប់​អស់​ជា​ច្រើន។
នៅ​ថ្ងៃ​ដែល​បុរស​នោះ​ ទៅ​ដល់​ជួន​ត្រូវ​លើ​វេន​ចៅហ៊្វា​ ទៅ​ដេក​ថ្វាយ​ស្ដេច​កាប់​ ចៅហ៊្វា​នោះ​ក៏​ធ្វើ​បុណ្យ​ទាន​ក្នុង​ថ្ងៃ​នោះ ។ បុរស​នោះ​ទៅ​ដល់​សួរ​គេ​ថា << លោក​មាន​ការ​អ្វី​បាន​ជា​ធ្វើ​បុណ្យ​ទាន​ ហើយ​ហេតុ​ដូចម្ដេច​ក៏​បាន​ជា​កូន​ប្រពន្ធ​លោក​យំ​រាល់​គ្នា​ ដូច្នេះ>>។ គេ​ប្រាប់​ថា​លោក​ លោក​ត្រូវ​ទៅ​ដេក​វេន​ ថ្វាយ​ស្ដេច​កាប់ក្នុង​ពេល​ល្ងាច​នេះ​ បាន​ជា​លោក​ធ្វើ​បុណ្យ​មុន​ស្លាប់ >> ។ បុរស​នោះ​ថា<< ឲ្យ​តែ​បាយ​ខ្ញុំ​ស៊ី​ចុះ​ ខ្ញុំ​ទៅ​ដេក​ថ្វាយ​ស្ដេច​កាប់​ជួស>>។គេ​ឮ​ដូច្នោះ​ ក៏​ទៅ​ជម្រាប​ចៅហ៊្វា​ឲ្យ​ហៅ​បុរស​នោះ​ទៅ​ ហើយ​ឲ្យ​រៀប​បាយ​ទឹក​ឲ្យ​ស៊ី ។ រួច​ហើយ​សួរ​ថា << បើ​អ្នក​ទៅ​ដេក​វេន​ថ្វាយ​ស្ដេច​ជួស​ខ្ញុំ​ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​ឲ្យ​អ្នក>>។ បុរស​នោះ​ក៏​ទទួល​ទៅ​ដេក​ជួស​ហើយ​សុំ​គ្រឿង​ប្រដាប់​ដែល​ចៅ​ហ្វា​នោះ​ពាក់​ យក​មក​ពាក់​ រួច​ហើយ​ ក៏​លី​កាំបិត​បន្ទោះ​ចូល​ទៅ​ដេក​នៅ​ចុង​ព្រះរាជ​រោង​ចាំ​ស្ដេច​ចេញ​កាប់ ។ លុះ​ទៅ​ដល់​ចុង​ព្រះរាជ​រោង​ បុរស​នោះ​ពុំ​ដេក​ឡើយ​ចាំ​មើល​ស្ដេច, ពេល​យប់​ជ្រៅ​ស្ងាត់​ ស្ដេច​ទ្រង់​បើក​ទ្វារ​ចេញ​មក​ទ្រង់​កាន់​ព្រះខ័ន​ យាង​ចូល​មក​និង​កាប់​បុរស​នោះ​ ឃើញ​ស្ដេច​យាង​ចូល​មក​ជិត​ ក៏​ស្ទុះ​ចូល​ទៅ​ចាប់​ស្ដេច​នោះ​ជាប់​ ហើយ​ក៏​ចាក់​នឹង​កាំបិត​បន្ទោះ​បង្ខុស​ពីរ​បី​ដង ។ ហើយ​សួរ​ថា << នរណា​ចូល​មក​ទាំង​យប់​នោះ ? ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​យាម​ក្នុង​យប់​នេះ ? ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​យាម​ក្នុង​យប់​នេះ>>ថា​ហើយ​ ក៏​ចាក់​បង្ខុស​ទៀត ។ ស្ដេច​ទ្រង់​មាន​ព្រះបន្ទូល​ថា << ទេ​​អញ​ទេ>>។ <<នរណា​អញ​ទេៗ!។<<អញ​ជា​ស្ដេច>> ។ << ស្ដេច​អី​មក​ពេល​នេះ, អញ​មិន​ដឹង​ទេ ! ត្បិត​ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​រាជ​រោង​យប់​នេះ>>។
សួរ​ដេញ​ដោល​ដូច្នោះ​ហើយ​ បុរស​ក៏​លុត​ជង្គង់​ថ្វាយ​បង្គំ​ស្ដេច​សូមទោស ។ ស្ដេច​ត្រាស់​សួរថា<<ចៅ​នៅ​ឯណា!។ បុរស​នោះ​ថា << ខ្ញុំ​នៅ​ផ្ទះ​ចៅ​ហ៊្វា >> ។ ស្ដេច​ទ្រង់​ជ្រាប​ ទ្រង់​ញញឹម​ហើយ​ទ្រង់​ចូល​ទៅ​វិញ។
លុះ​ព្រឹក​ឡើង​ បុរស​នោះ​ លី​កាំបិត​ចេញ​ពី​ក្នុង​វាំង​មក​ផ្ទះ​ចៅហ៊្វា ។ អ្នក​ផង​​ឃើញ​ហើយ​ឆ្ងល់​ថា<<បុរស​នោះ​ទៅ​ដេក​វេន​ថ្វាយ​ស្ដេច​កាប់​ ម្ដេច​ក៏​មិន​ស្លាប់​ត្រឡប់​ជា​មក​វិញ >> ។ ចៅហ៊្វា​សួរ​ បុរស​នោះ​ក៏​ជម្រាប​តាម​ដំណើរ​ សព្វ​គ្រប់​ហើយ​ជម្រាប​ថែម​ថា<<ស្ដេច​សព្វ​ថ្ងៃ​នេះ​មិនមែន​ជា​កាច​ទេ ​ ត្បិត​ទ្រង់​ពិសោធ​រក​មនុស្ស​ប្រាជ្ញ​ចេះ​ដឹង​ក្នុង​នគរ​ ដើម្បី​រក្សា​ស្ដេច​បាន​ជា​ទ្រង់​ចាត់​មនុស្ស​ឲ្យ​យាម​ តែ​អ្នក​ដែល​ទៅ​យាម​ចេះ​តែ​ដេក​លក់​ ទើប​ស្ដេច​ទ្រង់​កាប់​ ចុះ​បើ​សត្រូវ​ចូល​ទៅ​លុកលុយ​ស្ដេច​ហើយ​ យើង​ដេក​លក់​នោះ​ តើ​នឹង​ជា​យ៉ាង​ណា​ទៅ?>> ។ បុរស​នោះ​និយាយ​រឿង​ប្រាប់​សព្វគ្រប់​ ទើប​ភ្ញាក់​ខ្លួន​គ្រប់គ្នា។
ចៅហ៊្វា​នោះ​ មាន​កូន​ក្រមុំ​មួយ​ក៏​ឲ្យ​ជា​ប្រពន្ធ​បុរស​នោះ​ ដោយ​គិត​ថា​ បុរស​នេះ​មាន​គុណ​ធ្ងន់​ណាស់។
លុះ​ព្រឹក​ឡើង​ ស្ដេច​ទ្រង់​ឲ្យ​ហៅ​បុរស​នោះ​មក​ ទ្រង់​ឲ្យ​ធ្វើ​ជា​នាហ្មឺន​ធំ​រក្សា​ព្រះនគរ​ បន្ទាប់​ពី​ព្រះអង្គ។
វេលា​ស្ដេច​ទ្រង់​ព្រះ​ជរា​ទៅ​ ទ្រង់​ពុំ​មាន​ព្រះ​រាជបុត្រ​នឹង​សោយរាជ្យ​ស្នង​ មាន​តែ​ព្រះរាជធីតា​មួយ​អង្គ​ ក៏​ទ្រង់​ព្រះរាជទាន​ព្រះរាជធីតា​ និង​រាជ​សម្បត្តិ​ឲ្យ​បុរស​នោះ​សោយរាជ្យ​ជា​ស្ដេច​តទៅ។
ពាក្យ​ពិត​ មិន​ចេះ​ស្លាប់
Share:

ចង់ចាប់ផ្តើមជំនួញត្រូវពិចារណាលើរឿងខាងក្រោមនេះសិន

បើ​អ្នក​មិន​ចេះ​​បង្កើត​ក្ដី​ស្រមៃ​របស់​ខ្លួន​ឯង​ទេ នោះ​អ្នកដទៃ នឹង​ជួល​អ្នក​ទៅ​បង្កើត​ក្ដី​ស្រមៃ​ឲ្យ​គេ​។ ដូចនេះ​ តើ​ហេតុអ្វី​​អ្នក​ចាំ​បាច់​ខ្លាច ដោយ​គ្រាន់​តែ​ធ្វើ​ឲ្យ​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​សហគ្រិន​ម្នាក់​ ​ឲ្យ​ជោគជ័យ​នោះ​? នេះ​ជា​ចំណុច​ដែល​អ្នក​គួរ​ចងចាំ​ទុក​៖

១ ) គួរ​មាន​សមត្ថភាព​បញ្ឈប់​អ្វី​ដែល​គេ​កំពុង​តែ​និយម​៖ ការ​ធ្វើ​ជំនួញ​ដ៏​ល្អ​មួយ​គឺ​ពេល​អ្នក​អាច​កែប្រែ​ អ្វី​ដែល​កំពុង​តែ​ពេញ និយម ហើយ​ងាក​មក​ប្រើប្រាស់​អ្វី​ដែល​អ្នកផ្ដល់​ឲ្យ​វិញ​។ អ្វី​ដែល​កំពុង​ពេញ និយម​ម្សិលមិញ វា​អាច​នឹង​គួរ​ឲ្យ​ធុញ​សម្រាប់​ថ្ងៃ​នេះ​វិញ​។ ជាមួយ​នឹង​ទីផ្សារ​ដ៏​សែន​លំបាក​ អ្នក​ត្រូវ​​តែ​មាន​សមត្ថភាព​ក្នុង​ការ​កែប្រែ​អ្វី​ដែល​គេ​កំពុង​និយម​ ឲ្យ​មក​ប្រើប្រាស់​របស់​អ្នក​វិញ​។

២)​ពូកែ​ រៀបចំ​ ផ្នែក​ហិរញ្ញវត្ថុ​៖ ពេល​អ្នក​​មាន​ថវិកា​គ្រប់គ្រាន់​​សម្រាប់​ដំណើរការ​រកស៊ី​ហើយ គឺ​វា​សំខាន់​ណាស់​ដែល​អ្នក​គួរ​ចេះ​រៀបចំ​ផ្នែក​ហិរញ្ញវត្ថុ​ឲ្យ​ត្រឹមត្រូវ​។ បើ​អ្នក​ខ្វះ​ខាត​សមត្ថភាព​​ក្នុង​ការ​រៀបចំ​លុយ​ហើយ ការ​រកស៊ី​គឺ​ហាក់​ដូច​ជា​ច្របូកច្របល់​និង​រញ៉េរញ៉ៃ​សម្រាប់​អ្នក​តែ​ម្ដង​។

៣) ​មាន​ការ​ទាក់ទង​គ្នា​ល្អ​៖ ផ្នែក​មួយ​ដ៏​សំខាន់​ គឺ​សហគ្រិន​ទាំង​ឡាយ​គួរ​តែ​មាន​ជំនាញ​ទាក់ទង​អ្នក​ដទៃ ជាពិសេស​គឺ​អ្នក​​រកស៊ី​ដូច​គ្នា​តែ​ម្ដង។ ដោយ​ការ​ទាក់ទង​នេះ​នឹង​ផ្ដល់​មក​វិញ​ដល់​អ្នក​ដូច​ជា គំនិត​អាជីវកម្ម​ថ្មីៗ មាន​ចំណងមិត្តភាព​រឹងមាំ​ជាមួយ​គ្នា រៀន សូត្រ​ពី​គ្នា​​ផង​ដែរ។

៤) មាន​ជំនាញ​ដឹកនាំ​ក្រុម​៖ ភាព​ជា​អ្នកដឹកនាំ​នេះ​គឺ​ជា​ជំនាញ​មួយ​ដែល​សហគ្រិន​ទាំង​អស់​គួរ​តែ​មាន​ជា​ចាំបាច់​ ​ ព្រោះ​ថា​បើ​គ្មាន​សមត្ថភាព​ដឹកនាំ​ក្រុម​ទេ ប្រាកដ​ជា​គ្មាន​អ្នក​ណា​អាច​នាំ​អ្នក​ទៅ​ជោគជ័យ​បាន​ទេ​។

៥) មាន​សមត្ថភាព​ ប្រឈម​មុខ​នឹង​ភាព​បរាជ័យ​បាន​៖ លើ​លោក​នេះ​គឺ​គ្មាន​អ្នក​ណា​ល្អឥតខ្ចោះ​បាន​ទេ​ ហេតុនេះ​បើ​ជួប​ការ​បរាជ័យ អ្នក​ត្រូវ​​រៀន​ពី​វា​។ ​ការ​រកស៊ី​ក៏​ដូច​គ្នា​គឺ​អ្នក​ត្រូវ​តែ​ហ៊ាន​ប្រថុយ​នឹង​គ្រោះថ្នាក់​ ​ហើយ​ត្រូវ​​ប្រឈម​មុខ​នឹង​វា​ដោយ​មិន​ចាំបាច់​ខ្លាច​ការ​បរាជ័យ​នោះ​ទេ៕
Share:

ភាពមានះធ្វើឱ្យបាត់បង់មនុស្សជាទីស្រលាញ់ជារៀងរហូត

ក្តីស្រលាញ់មានភាពស្រស់ស្អាតខ្លាំងណាស់ ប៉ុន្តែមានមនុស្សជាច្រើនបែរជាបាត់បង់មនុស្សដែលខ្លួនស្រលាញ់បំផុត ព្រោះតែការស្រលាញ់មួយនោះទៅវិញ។ មនុស្សស្រីគឺជាភេទមួយដែលអាចនិយាយបានថា ងាយនឹងយល់ ឬអាចនឹងពិបាកយល់។ ពិបាកនឹងយល់ចិត្ត ដោយសារតែមានការប្រែប្រួលមិនទៀងទាត់ ត្រូវការភាពផ្អែមល្ហែម ត្រូវការការយល់ចិត្ត ការយកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួន ជាពិសេសពីមនុស្សជាទីស្រលាញ់។ ហើយដោយការស្រលាញ់ដែលយល់ពីខ្លួនឯង តែមិនយល់ពីអ្នកដទៃនេះហើយធ្វើឱ្យស្នេហាត្រូវដើរដល់ផ្លូវទាល់ដោយមិនដឹងខ្លួន។ ប៉ុន្តែមនុស្សស្រីជាមនុស្ស ដែលស្រលាញ់ស្មោះ និងមានភាពស្មោះត្រង់បំផុតជាមួយមនុស្ស ដែលខ្លួន ស្រលាញ់ ជាពិសេសងាយនឹងទទួលរងការឈឺចាប់បំផុត។
នាងជាអ្នកនាងដែលមានអ្វីគ្រប់យ៉ាង អ្វីដែលនាងចង់បានត្រូវតែបាន មិនអាចមានអ្នកណាម្នាក់អាចមកជំទាស់បំណងរបស់នាងបានទេ ។ មិនថាជា មិត្តភាព មិនលើកលែងទាំងសេចក្តីស្នេហា។ នាងតែងយល់ថាលុយមាន អំណាច លុយអាចទិញអ្វីៗគ្រប់បែបយ៉ាង មិនថាជាមនុស្សប្រុសដែលនាងស្រលាញ់។ តែគេមិនដែលចាប់អារម្មណ៍មនុស្សស្រីដែលស្អាតឆ្លាត ល្អគួរឱ្យស្រលាញ់ ដូចជានាងសោះ ទាំងទ្រព្យសម្បត្តិក៏មាន គ្រួសារក៏មានកិត្តិយសក្នុងសង្គមថ្លៃថ្នូរ ។ គេបែរក្លាយជាមនុស្សប្រុសដែលលេងប្ញកពាជាមួយនាង។ ទីបំផុតនាងនៅតែអាចយកគេមកបានដោយអំណាចទឹកប្រាក់។ មិនថាហេតុផលអ្វីក៏ដោយចុងក្រោយគេនៅតែត្រូវរៀបការជាមួយនាង។មនុស្សដែលធ្លាប់តែលេងប្ញកពា ពេលនេះបានក្លាយជាមនុស្សប្រុសដែលនៅក្រោមការបញ្ជារបស់នាង។ មែនហើយលុយគឺបែបនេះអាចទិញបានគ្រប់យ៉ាង។ គេក្លាយជាមនុស្សប្រុសមិនសូវចេះនិយាយស្តី ទោះនាងបញ្ជា នាងនិយាយអី គេគ្រាន់តែងក់ក្បាលតបទទួលតែប៉ុណ្ណោះ។ នាងសប្បាយនឹងជ័យជំនះ ប៉ុន្តែការពិតវាមិនមែនគ្រាន់តែរឿងឈ្នះចាញ់តែម្យ៉ាងនោះទេ ព្រោះតែនាងស្រលាញ់គេ។ នាងក៏ដឹងខ្លួនថា ទំនើង សម្តីអាក្រក់ដាក់គេ តែគេក៏តោះតើយដាក់នាងដែរ។ គេគួរតែសម្របខ្លួននឹងនាង ចេះលួងលោម ចេះទ្រនាងខ្លះ តែមើលគេចុះគេជិតក្លាយជាគល់ឈើមែនទេដឹង? ក្រោយមកនាងបានស៊ើបដឹងថា គេធ្លាប់មានមិត្តស្រីកាលនៅរៀន ហើយក៏មានតែម្នាក់ហ្នឹងគត់មិនដែលគេទាក់ទង។ អារម្មណ៍ខឹងនិងប្រចណ្ឌធ្វើឱ្យនាងតាំងចិត្តថាត្រូវតែកំចាត់មនុស្សស្រីម្នាក់នោះចេញ។ ពេលគេដឹងគេខឹងយ៉ាងខ្លាំង តែនាងបែរជាមិនធ្វើការបកស្រាយអ្វីទាំងអស់ក្រៅពីជំនះឈ្លោះយកខុសត្រូវជាមួយគេ។ បែបនេះហើយមនុស្សប្រុសជាទីស្រលាញ់ក៏បានចាកចេញពីនាងទាំងយប់អធ្រាត។ នាងយំ នាងសោកស្តាយ អ្វីដែលខ្លួនឯងធ្វើ តែនាងនៅតែប្រកាន់ចរិតមានះមិនទូរស័ព្ទ មិនទៅតាមទេ។ ភាពមានះនេះហើយបានធ្វើឱ្យនាងបាត់បង់មនុស្សប្រុសជាទីស្រលាញ់ជារៀងរហូត។ គេបានទទួលគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត។ នាងបានត្រឹមតែស្រែកយំជំនួសរឿងរ៉ាវទាំងឡាយ។ ថ្ងៃនេះជាថ្ងៃខួបអាពាហ៍ពិពាហ៍របស់ពួកគេ ហើយក៏ជាថ្ងៃដែលនាងត្រូវយំដល់រីងខ្លួនព្រោះតែបាត់បង់មនុស្សសំខាន់ដែរ។ នាងបានរៀបចំបន្ទប់ កន្លែងគេង និងខោអាវរបស់គេស្រាប់តែប្រទះសៀវភៅមួយក្បាលដែលមានកំណត់ហេតុកន្លងមក។ នាងទ្រហោយំ និងសោកស្តាយដែលមិនដែលដឹងពីចិត្តរបស់គេ។ការពិតចិត្តគេស្រលាញ់តែនាង ការពិតគេមានគំរោងនាំនាង ទៅឆ្លងខួបអាពាហ៍ពិពាហ៍នៅកន្លែងរ៉ូមែនទិក សារភាពក្តីស្រលាញ់ចំពោះនាង និងសុំនាងបើកចិត្តចំពោះគ្នាជាលើកដំបូង។ ក្នុងសៀវភៅមានទាំងទីកន្លែង ម៉ោង និងអាហារដែលបានកក់ទុក។ នាងជូតទឹកភ្នែកទាំងញញឹម។ អ្វីៗដើរតាមគំរោងរបស់គេ មិនថាផ្កា នំខេក អាហារដែលនាងចូលចិត្ត ប៉ុន្តែអ្វីដែលធ្វើឱ្យ នាងសោកស្តាយនោះគឺគ្មានវត្តមានគេទៀតឡើយ។ នាងអង្គុយចុះទាំងញញឹមលាយទឹកភ្នែក។ បើមានឱកាសនាងនឹងមិនធ្វើបែបនេះទេ បើមានឱកាសនាង នឹងធ្វើល្អដាក់គេឱ្យបានច្រើន បើមានឱកាសនាងនឹងឱបគេហើយប្រាប់គេថា នាងស្រលាញ់គេ ហើយគេជាមនុស្សសំខាន់បំផុតសម្រាប់នាង ហើយបើមានឱកាសនាងនឹងមិនឱ្យរឿងថ្ងៃនេះកើតឡើងជារៀងរហូត។ សុំទោស បានត្រឹមតែសុំទោស តែធាតុពិតគេទៅហើយ គេទៅបាត់ហើយ និងជារៀងរហូត៕
Share:

រឿងដើមកំណើតរន្ទះ

កាល​ពី​ព្រេងនាយ មាន​បិសាច​មួយឈ្មោះ​រាមាសូរ និង​នាង​អារក្ខ​ទេវី​មួយ​ឈ្មោះ មេខលា ។ ​អ្នក​ទាំងពីរ​បាន​នៅ​បម្រើ​មហា​ឫសី​ដ៏​មាន​រិទ្ធិ​ម្នាក់ ដើម្បី​នឹង​រៀន​វិជ្ជា​មន្ត​អាគមគាថា ។ បិសាច និង​នាង​មេខលា​បាន​ខំ​រៀន​ប្រណាំង​ប្រជែង​គ្នា​ដើម្បី​បំពេញ​ចិត្ត​គ្រូ​រៀងខ្លួន ហើយ​អ្នក​ទាំងពីរ​ប្រកប​ដោយ​បញ្ញា​វៃ​ក្រៃលែង​ដូច​គ្នា ។ តាបស​ក៏​ស្រឡាញ់​អ្នក​ទាំងពីរ​នោះ​ស្មើ​គ្នា ។ កាល​បើ​តាបស​បាន​បង្រៀន​សិស្ស​លោក​ចប់​គ្រប់​មុខ​វិជ្ជា​ហើយ លោក​ក៏​ចង់​ល្បង​វិជ្ជា​សិស្ស​មើល​ថា តើ​អ្នក​ណា​មួយ​ប៉ិន​ប្រសប់​ជាង​គេ ។ ទើប​លោក​និយាយ​ទៅ​កាន់​សិស្ស​ថា “បើ​អ្នក​ណា យក​កែវ​មួយ​មាន​ទឹក​សន្សើម​ពេញ​មក​ឲ្យ​ខ្ញុំ​បាន នោះ​ខ្ញុំ​នឹង​ធ្វើ​ទឹក​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​កែវ​មនោហរា ហើយ​ដោយ​គុណភាព​នៃ​រតន​វត្ថុ​នោះ អ្នក​ម្ចាស់​កែវ​អាច​ប្រាថ្នា​ធ្វើអ្វី ឬ​ចង់​បាន​អ្វី ចេះ​តែ​បាន​សម្រេច​ទាំងអស់” ។
រាមាសូរ ក៏​យក​កែវ​មួយ​ទៅ​ត្រង​ទឹក​សន្សើម​ដែល​ទើ​នៅ​ស្លឹក​ឈើ និង​ស្មៅ​ផ្សេងៗ ។ វា​បាន​ខំ​ព្យាយាម​ធ្វើ​ដូច្នេះ​ជា​ច្រើន​ព្រឹក ប៉ុន្តែ​ឥត​បាន​ផល​ល្អ​សោះ ។ ចំណែក​ឯ​នាង​មេខលា ដែល​ជា​ស្រី​គិត​វែង​ឆ្ងាយ​ក៏​រើស​យក​បណ្ដូល​ឈើ​មួយ​យ៉ាង​ទន់​ស្ពោតៗ ហើយ​យក​ទៅ​ដាក់​ផ្ដិត​លើ​ទឹក​សន្សើម ដែល​ដក់​នៅ​លើ​ស្លឹក​ឈើ និង​នៅ​លើ​ស្មៅ ទាល់​តែ​ដុំ​ឈើ​នៅ​ជក់​ទឹក​ពេញ​ទាំងអស់ ។ បន្ទាប់​មក​នាង​មេខលា​បាន​យក​ដុំ​ឈើ​នៅ​ទៅ​ច្របាច់​ទឹក​ដាក់ក្នុង​កែវ ។ អាស្រ័យ​ដោយ​ហេតុ​ដូច្នេះ នាង​ក៏​រក​ទឹក​សន្សើម​ដាក់​កែវ​បាន​ពេញ ហើយ​ក៏​យក​កែវ​នោះ​ទៅ​ជូន​មហា​តាបស ។ ហេតុ​ដូច្នេះ បាន​ជា​នាង​អារក្ខ​ទេវី​ត្រូវ​បាន​តាបស​សម្គាល់​ថា ប៉ិន​ប្រសប់​ជាង​បិសាច ។
តាបស ​ជប់​ទឹក​សន្សើម​នោះ​ឲ្យ​កើត​ទៅ​ជា​កែវ ហើយ​ប្រគល​ទៅ​ឲ្យ​នាង​មេខលា​ដោយ​ប្រាប់​ថា “កែវ​នេះ​មាន​គុណភាព​ខ្លាំង​ណាស់ បើ​អ្នក​មាន​បំណង​អ្វី​មួយ គ្រាន់​តែ​លើក​កែវ​នេះ​គ្រវី​ឡើង នោះ​មួយ​រំពេច សេចក្ដី​ប្រាថ្នា​របស់​អ្នក​នឹង​បាន​សម្រេច​ភ្លាម មួយ​ទៀត​ដោយ​គុណភាព​នៃ​កែវ​នេះ អ្នក​អាច​ហោះ កាត់​អាកាស​កប់​ពពក​ជ្រក​អាចម៍​ជន្លេន​ទៅ​កាន់​កន្លែង​ណា​ក៏​បាន​ទាំងអស់” ។
នាង​អារក្ខ​ទេវី ក៏​ទទួល​យក​កែវ​នោះ​មក​លើ​គ្រវី​ឡើង​លើ ស្រាប់​តែ​ហៅ​វឹង​ទៅ​លើ​មេឃ​តម្រង​ទៅ​មហា​សាគរ ។ ចំណែក​ឯ​រាមាសូរ អាស្រ័យ​ដោយ​ការ​ព្យាយាម​ដ៏​យូរ ក៏​រក​ទឹក​សន្សើម​ដាក់​បាន​ពេញ​កែវ ហើយ​យក​ទៅ​ថ្វាយ​មហា​ឫសីៗ ពោល​ថា “ចៅ​ឯង​យក​របស់​នេះ​មក​យឹតយូរ​ពេក ហួស​ពេល​តា​ត្រូវការ ឥឡូវ​តា​បាន​ឲ្យ​រតន​វត្ថុ​នោះ​ទៅ​នាង​មេខលា​ទៅ​ហើយ មន្ត​អាគម​គាថា​របស់​តា អាច​ជប់​វត្ថុ​បែប​នេះ​បាន​តែ​មួយ​ដង​ទេ” ។
កាល​បើ​បាន​ឮ​មហា​តាបស​ថា​ដូច្នេះ រាមាសូរ​ក៏​កើត​សេចក្ដី​ទោមនស្ស​ពន់​ប្រមាណ ហើយ​ក៏​ស្រែក​យំ​អណ្ដើក​អណ្ដក​យ៉ាង​ខ្លាំង ។ ដើម្បី​លួង​ចិត្ត​បិសាច តាបស​ក៏​ប្រាប់​ថា “ចូរ​ចៅ​កុំ​កើត​ទុក្ខ​ខ្លាំង​ពេក ចាំ​តា​ឲ្យ​ពូថៅ​មួយ ពូថៅ​នេះ​អ្នក​អាច​យក​ទៅ​ឈ្លោះ​ដណ្ដើម​យក​កែវ​ពី​នាង​អារក្ខ​ទេវី​មេខលា​បាន នាង​មេខលា​នេះ ចូល​ចិត្ត​ហោះ​ហើរ​លេង​នៅ​លើ​អាកាស ដើម្បី​មុជ​ទឹក​ភ្លៀង​ដែល​មាន​ភ្លៀង​ម្ដងៗ ចូរ​អ្នក​ចោល​ពូថៅ​នេះ​ទៅ​លើ​វា វា​នឹង​បោះ​ចោល​កែវ​ដ៏​មាន​តម្លៃ​នោះ ប៉ុន្តែ​នៅ​ពេល​ប្រយុទ្ធ​គ្នា​នោះ ចៅ​ឯង​ឃើញ​វា​លើក​កែវ​ឡើង​គ្រវី ចូរ​ចៅ​ឯង​បិទ​ភ្នែក​ភ្លាម មុន​នឹង​ចោល​ពូថៅ​ទៅ​លើ​វា” ។
កាលបើ​រាមាសូរ​បាន​ពូថៅ​មក​កាន់​នៅ​នឹង​ដៃ​ហើយ វា​ក៏​ហោះ​ស្វែង​រក​នាង​មេខលា ដើម្បី​ដណ្ដើម​កែវ​មនោហរា ប៉ុន្តែ​កាល​បើ​បាន​ឃើញ​នាង​កាល​ណា នាង​ក៏​យល់​ឃើញ​ភ្លាម​ថា បិសាច​នេះ​ប្រាកដ​ជា​មក​មាន​បំណង​ធ្វើ​អាក្រក់​មក​លើ​នាង​ពុំខាន ទើប​នាង​លើក​កែវ​គ្រវី​ឡើង ហោះ​ទៅ​លើ​អាកាស​វេហា​ខ្ពស់​ក្រៃលែង​ខ្ពស់ ។ កាល​បើ​ក្រឡេក​ឃើញ​ពន្លឺ​ចាំង នៃ​កែវ​មាន​សិល្ប៍​ភ្លាម បិសាច​ក៏​បិទ​ភ្នែក​វា​ជិត​រួច​គ្រវែង​អាវុធ​វា​ទៅ ។ អាវុធ​នោះ ក៏​ហោះ​យ៉ាង​លឿន​ឮ​សូរ​សម្បើម​ក្រៃលែង ប៉ុន្តែ​ឥត​ត្រូវ​នាង​មេខលា​ទេ ។
ចាប់​តាំង​ពី​ពេល​នោះ​មក ទើប​នៅ​ពេល​មាន​ភ្លៀង​ផ្គរ​គេ​ឃើញ​ចាំង​ពន្លឺ​កែវ​ហើយ​ឮ​សូរ​សម្លេង​យ៉ាង​ខ្លាំង​នៃ​អាវុធ​នោះ ។ អាស្រ័យ​ហេតុ​នេះ​ហើយ បាន​ជា​ក្នុង​ភាសា​ខ្មែរ​យើង​ឲ្យ​ឈ្មោះ​ដុំ​ថ្ម​ទាំង​ឡាយ​ណា ដែល​ឃើញ​មាន​រាង​ដូច​ផ្លែ​ពូថៅ ឬ​ចប​កាប់​ក្បាល​ស្រួច ឬ​ដូច​កាំបិត​ថា “កាំ​រន្ទះ” ហើយ​សន្មត​របស់​ទាំងនេះ​ថា ជា​ព្រួញ​របស់​យក្ស​បាញ់ នៅ​លើ​មេឃ​ធ្លាក់​មក​ដី ។
Share:

រឿង ព្រេង​កំពង់​ខ្សាច់​ស

រឿង ព្រេង​កំពង់​ខ្សាច់​ស (នៅ​ខេត្ត​ព្រៃវែង) ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ១៣៥ - ១៣៨ នៅ​ក្នុង​ឃុំ​រាក់​ជ័យ ស្រុក​បាភ្នំ ខែត្រ​ព្រៃវែង មាន​ភូមិ​មួយ​ដែល​នៅ​ខាង​លិច​គោក​សណ្ដែក ចម្ងាយ​ប្រមាណ ៣ គ.ម. គេ​ហៅ​ភូមិ​នេះ​ថា "កំពង់​ខ្សាច់​ស" ។ កាល​ពី​ដើម កំពង់​ខ្សាច់​ស ជា​ទី​ប្រជុំ​ជន​នៃ​សាលា​ស្រុក​បាភ្នំ ។ ដោយ​ទឹក​ជន​លិច​ជា​ញឹក​ញយ​ពេក រាជការ​ក៏​រើ​សាលា​ស្រុក​អំពី​កំពង់​ខ្សាច់​ស ទៅ​ដាក់​នៅ​សង្កាត់​ឈើ​កាច់​វិញ ។ កំពង់​ខ្សាច់​ស ស្ថិត​នៅ​ជាប់​នឹង​មាត់​បឹង​ដ៏​ធំ​មួយ ដែល​មាន​ទឹក​ខួប​ប្រាំង​ខួប​វស្សា ព្រម​ទាំង​សម្បូណ៌​ដោយ​មច្ឆជាតិ​ផង ។ នៅ​ខែ​វស្សា បឹង​ខ្សាច់​ស មាន​ទឹក​ល្ហល្ហាច​ប្រៀប​បាន​នឹង​បឹង​ទន្លេ​សាប នា​រដូវ​ប្រាំង, ប៉ុន្តែ នៅ​រដូវ​ប្រាំង បឹង​នេះ រួម​មក​នៅ​តូច​វិញ ។ មុន​ឆ្នាំ ១៩៥០, កំពុង​ខ្សាច់​ស ជា​ផ្សារ​មួយ​យ៉ាង​ធំ​មធ្យម ប្រកប​សោយ​សេចក្ដី​សុខ​សប្បាយ​រុង​រឿង ប៉ុន្តែ​ដោយ​ស្រុក​មាន​អសន្តិសុខ ក្នុង​សម័យ​នោះ អ្នក​ផ្សារ ក៏​នាំ​គ្នា​រត់​ឡើង​ទៅ​នៅ​ឯ​គោក​សណ្ដែក​ខ្លះ ទៅ​នៅ​ពាម​រក៍​ខ្លះ​អស់​ទៅ ។ សព្វ​ថ្ងៃ កំពង់​ខ្សាច់​ស ក្លាយ​ទៅ​ជា​ភូមិ​អ្នក​ស្រុក​ធម្មតា ។ បាន​ជា​ហៅថា "កំពង់​ខ្សាច់​ស" ដោយ​មាន​រឿង​ព្រេង​ដែល​ចាស់​ៗ និទាន​ត​ៗ មក​ថា ៖ ក្នុង​អតីត​កាល​យូរ​អង្វែង​ណាស់​មក​ហើយ ឮ​ថា មាន​ក្រពើ​ឈ្មោល ១ នៅ​ឯ​ភ្នំ​ជើង​មីដែង​ក្នុង​ស្រុក​កូសាំងស៊ីន មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ​ណាស់ អាច​កាឡា​ខ្លួន​ជា​មនុស្ស​ក៏​បាន ជា​លោក​សង្ឃ​ក៏​បាន ។ ថ្ងៃ​មួយ ក្រពើ​នេះ បាន​កាត់​មក​រក​ប្រខាំ​គ្នា​នឹង​ក្រពើ​មួយ​ទៀត​នៅ​ទន្លេ​ហោះ​ហៀវ ក្នុង​សង្កាត់​កំពង់​ភ្នំ ស្រុក​លើក​ដែក (កណ្ដាល) ។ លុះ​មក​ដល់​ពាម (បាណាម) ដែល​មាន​ទន្លេ​បែក​ជា​បី ក្រពើ​នោះ​រក៍ 2 ទន្លេ​ហោះ​ហៀវ​មិន​ឃើញ ។ ត្រង់​នេះ គេ​សន្មត​ហៅ​ថា "ពាម​រក៍" រហូត​មក​ដល់​សព្វ​ថ្ងៃ ។ ពេល​នោះ​ក្រពើ ក៏​បាន​ឃើញ​ទូក​តា​នឹង​យាយ​ពីរ​នាក់ ដែល​កំពុង​អុំ​ធ្វើ​ដំណើរ​ទៅ​កំពង់​ភ្នំ ក្រពើ​ក៏​កាឡា​ខ្លួន​ជា​ភេទ​លោក​នេន សុំ​ដោយ​សារ​ទូក​តា​និង​យាយ​នោះ​ទៅ ។ ក្នុង​ពេល​ដែល​តា​និង​យាយ​កំពុង​អុំ​ទូក លោក​នេន ក៏​សួរ​តា​ថា : ត្រង់​ណា​គេ​ហៅថា​ទន្លេ​ហោះ​ហៀវ​តា ? តា​ឆ្លើយ​ថា បន្តិច​ទៀត​ដល់​ហើយ ។ អើ​បើ​ដល់​ហើយ សូម​តា​ប្រាប់​អាត្មា​ផង ។ មិន​អី​ទេ ចាំ​ខ្ញុំ​ករុណា​ទូល​ពុទ្ធ​ដីកា ។ លុះ​តា និង​យាយ អុំ​ទូក​ដល់​ទន្លេ​ហោះ​ហៀវ ក៏​ប្រាប់​ថា : ត្រង់​នេះ​ហើយ​ហៅថា "ទន្លេ​ហោះ​ហៀវ​លោក​ចៅ !” ។ កាល​ដែល​បាន​ដឹង​ថា​ទន្លេ​ហោះ​ហៀវ​ហើយ លោក​នេន​នោះ​ក៏​កាឡា​ខ្លួន​ជា​ក្រពើ​ភ្លាម លោត​ចុះ​ទៅ​ក្នុង​ទឹក​ភ្លុង​បាន​ជួប​នឹង​ក្រពើ​ហោះ​ហៀវ​នោះ ក៏​ចាប់​ប្រខាំ​គ្នា​យ៉ាង​សម្បើម​អស្ចារ្យ, ដល់​ទី​បំផុត ក្រពើ​នៅ​ភ្នំ​ជើង​មីដែង ត្រូវ​ក្រពើ​ទន្លេ​ហោះ​ហៀវ​ខាំ​ដាច់​កន្ទុយ និង ខាំ​ត្រូវ​កន្លែង​ឯ​ទៀត​ជា​ដំណំ ។ ក្រពើ​ត្រូវ​របួស ក៏​ហែល​គេច​មក​លាក់​ខ្លួន​ពួន​អាត្មា​ក្នុង​បឹង​មួយ នៅ​ខាង​កើត​ពាម​រក៍ ។ លុះ​ដល់​មនុស្ស​គេ​ទៅ​ឃើញ​ក្រពើ​កំបុត​កន្ទុយ​នៅ​ក្នុង​បឹង​នោះ ក៏​នាំ​គ្នា​សន្មត​នាម​បឹង​នោះ​ហៅថា "បឹង​ក្រពើ​កំបុត​ៗ" រហូត​ដល់​សព្វ​ថ្ងៃ ។ លុះ​ភៀស​ខ្លួន​រួច​ពី​អាសន្ន​ធំ​ហើយ ក្រពើ​នោះ​ក៏​វារ​លូន​ទៅ​ទៀត ប្រាថ្នា​នឹង​វិល​ទៅ​លំនៅ​ខ្លួន​ឯ​ភ្នំ​ជើង​មីដែង​វិញ ដើម្បី​នឹង​ឲ្យ​បាន​ជួប​ប្រពន្ធ​កូន ប៉ុន្តែ​ជា​អកុសល លូន​មក​ដល់​ខាង​កើត​បឹង​នោះ ដែល​សព្វ​ថ្ងៃ​គេ​ហៅថា "ខ្សាច់​ស" ក៏​ដាច់​ខ្យល់​ស្លាប់​ទៅ ។ អ្នក​ស្រុក​នាំ​គ្នា​អារ​យក​សាច់ ហើយ​ចម្រាញ់​យក​ខ្លាញ់ ។ ដោយ​ហេតុ​តែ​ក្រពើ​នោះ មាន​ឫទ្ធិ​អំណាច អ្នក​ស្រុក​មិន​ហ៊ាន​អាស្រ័យ​ក៏​យក​ទៅ​ចាក់​ចោល​នៅ​វាល​ខ្សាច់ ។ សាច់​ក្រពើ​នោះ​ស ក៏​គេ​សន្មត​ហៅ​ទី​នោះ​ថា "ខ្សាច់​ស" ។ ខ្លាញ់​ក្រពើ​ដែល​ចម្រាញ់​បាន​នោះ គេ​យក​ទៅ​ចាក់​ចោល​ក្នុង​បឹង ១ ធំ ក្នុង​ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ហើយ​គេ​សន្មត​ហៅ​បឹង​នោះ​ថា "បឹង​ចាក់​ខ្លាញ់" ទាំង​ភូមិ និង​វត្ត​នៅ​ក្បែរ​មាត់​បឹង​នោះ ក៏​ហៅថា "ភូមិ​ចាក់​ខ្លាញ់ វត្ត​ចាក់​ខ្លាញ់​ដែរ" រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។ ចំណែក​ក្រពើ​ញី, កាល​បើ​បាត់​ប្ដី​យូរ​ពេក មិន​ឃើញ​ត្រឡប់​ទៅ​វិញ ក៏​លា​កូន​មក​តាម​ប្ដី ។ លុះ​មក​ដល់​កណ្ដាល​ផ្លូវ បាន​ដឹង​ថា​ប្ដី​ស្លាប់​ទៅ​ហើយ ក៏​ទ្រោម​ពួន​ស្លាប់​ខ្លួន​នៅ​ទី​នោះ​ទៅ, ខ្មោច​ក្រពើ​នោះ​ឯង ក៏​ក្លាយ​ទៅ​ជា​ថ្ម​ដោយ​អំណាច​ឫទ្ធិ ។ កន្លែង​នោះ អ្នក​ស្រុក​សន្មត​ហៅ​ថា ថ្ម​ក្រពើ​ទ្រោម រហូត​ដល់​សព្វ​ថ្ងៃ ។ ឯ​កូន​ក្រពើ​ទៀត​សោត កាល​បើ​បាត់​មេ​បា​យូរ​ពេក មិន​ឃើញ​ត្រឡប់​ទៅ​វិញ ក៏​តាម​មក​ទៀត, មក​ដល់​ពាក់​កណ្ដាល​ផ្លូវ​ក៏​បាន​ដឹង​ថា : មេ និង​បា​ខ្លួន​ស្លាប់​អស់​ហើយ ក៏​ក្រាំង​ខ្លួន​ស្លាប់​នៅ​ទី​នោះ​ទៀត​ទៅ, ទី​ក្រាំង​ខ្លួន​នោះ ក៏​ក្លាយ​ទៅ​ជា​ថ្ម​អំណាច​ឫទ្ធិ​ដែរ ។ ត្រង់​នោះ អ្នក​ស្រុក​ហៅ​ថា​ភូមិ​ថ្ម​ក្រាំង ហៅ​ក្លាយ​មក​ទៀត​ថា ភូមិ​ថ្ម​ទ្រាំង​នៅ​តែ​សព្វ​ថ្ងៃ​នេះ ។ ចម្ងាយ​ពី​ថ្ម​ក្រពើ​ទ្រោម ទៅ​ភូមិ​ថ្ម​ទ្រាំង​ប្រមាណ ១ គ.ម. នៅ​ខាង​កើត​ឆៀង​អាគ្នេយ៍​ផ្សារ​គោក​សណ្ដែក ក្នុង​សង្កាត់​រាក់​ជ័យ ស្រុក​បាភ្នំ ខែត្រ​ព្រៃវែង ។
Share:

រឿងសូផាត

១៩៣៨ គឺជា​កម្រង​រឿង​ប្រលោមលោក​ខ្មែរ ដែល​ត្រូវ​បាន​សរសេរ​តាំងតែ​ពី​ឆ្នាំ ១៩៣៨ មកម្ល៉េះ ដោយ​អ្នកនិពន្ធ រីម គីន ។ រហូតដល់​ឆ្នាំ ១៩៤២ ទើប​ត្រូវ​បាន​បោះពុម្ពផ្សាយ ឯការ​បោះពុម្ព​នោះ​ទៀតសោត គឺ​នៅ​ឯ​ព្រៃនគរ ក្រុង ច្រឺ​ឡឺង ប្រទេស​វៀតណាម​ឯ​ណោះ ពីព្រោះ​នៅ​ក្នុង​ប្រទេស​យើង​មិន​មាន​រោង​ពុម្ព​ច្រើន​ល្មម​គ្រប់គ្រាន់​សម្រាប់​ការបម្រើ​ការបោះពុម្ព​នេះឡើយ នាគ្រា​កាលសម័យ​នោះ ។​ ​ ​ជា​ប្រលោមលោក​ដែល​ក់ដាច់​ខ្លាំង​ណាស់​ក្នុង​សម័យ​នោះ ក្រោយមក​ក៏​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​ថ្នាក់ជាតិ (​បឋមភូមិ​) ។​ ​ ​សូផាត ដែល​ជា​កុមារ​កំព្រា​បាន​រស់​រៀនសូត្រ និង​ធំ​ដឹងក្តី ដោយ​ការជួយ​ទំនុកបម្រុង​ពី​អ្នកស្រុក និង​ព្រះសង្ឃ ។ បន្ទាប់ពី​នាង​សូ​យា ដែល​ត្រូវជា​ម្តាយ​បាន​លាចាក​លោក​នេះ​ទៅ ។​ ​ ​ដំណើរ​ផ្សងព្រេង​របស់​សូផាត​មក​កាន់​ទីក្រុង​ភ្នំពេញ បង្កើតបាន​ជា​រឿង​នេះ​ឡើង ។ តើ​មាន​អ្វី​កើតឡើង​ខ្លះ​ចំពោះ​ដំណើរ​ជីវិត​របស់ ’​សូផាត​” ។​ ​ ​សូម​អញ្ជើញ​អាន​ចុះ ជាវ​ទុក​ជា​សក្ខី​សម្រាប់​រក្សា​ទុក រក្សា​ឲ្យ​កូនៗ​ខាងក្រោយ​បាន​អាន​តទៅទៀត ... ។

Share:

Featured Post

រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ

អាមេរិក៖  នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...

BTemplates.com

Powered by Blogger.

Blog Archive

Pages

Total Pageviews

Find Us On Facebook

Translate

Followers

Popular