មានថ្ងៃមួយ បុរសឈ្មោះសុខ ធ្វើដំណើរទៅកាប់ឧសក្នុងព្រៃ ។
លុះទៅដល់ព្រៃ ជាកន្លែងកាប់ឧសនោះហើយ
ឃើញខ្លាធំមួយស្លាប់នៅជើងដំបូកក្បែរច្រកផ្លូវចូល ។
ចៅសុខពិនិត្យមើលហេតុសព្វគ្រប់ទៅឃើញថា ខ្លានេះស្លាប់ដោយពស់ចឹក
ព្រោះនៅខាងក្រោមខ្លានោះមានរន្ធពស់មួយ ។
បុរសនោះមានចិត្តសប្បុរសចំពោះសាកសពសត្វនោះណាស់
ក៏ស្រាយថង់យាមយកថ្នាំមកដុះលាបស្រឡាបឲ្យ ។ លុះបានមួយស្របក់
ខ្លាដឹងខ្លួនឡើងឃើញខ្លួនប្រឡាក់សុទ្ធតែថ្នាំដែលលាប
ក៏មានសេចក្ដីទោមនស្សនឹងបុរសដែលលាបថ្នាំឲ្យ ហើយស្ដីឲ្យថា
ហេតុដូចម្ដេចបានជាអ្នកឯងហ៊ានយកអ្វីមកប្រឡាក់ខ្លួនអញយ៉ាងនេះ !
។ បុរសនោះឆ្លើយថាយើងដើរមក បានឃើញបងឯងស្លាប់ដោយពស់ចឹក
ហើយយើងដុះថ្នាំស្រឡាបលាបឲ្យបងឯងរស់តើ ! ។
ខ្លាថាអញមានស្លាប់អី ពស់ចឹកអញកាលណា !
អញកំពុងដេកលក់ស្រួលទេតើ ! បើដូច្នោះ
អញត្រូវប្រហារជីវិតឯងធ្វើជាអាហារ ។ ចៅសុខមានសេចក្ដីតក់ស្លុត
នឹងសេចក្ដីស្លាប់ជាខ្លាំង ក៏អង្វរខ្លាថាបងអើយ ! អាណិតយើងផង
កុំអាលពិឃាដយើងក្នុងគ្រានេះ
ចាំយើងទៅរកអ្នកប្រាជ្ញណាឲ្យគេជំនុំជម្រះឲ្យ
បើរកទៅឃើញថាយើងខុស សឹមបងប្រហារជីវិតយើង បើយើងត្រូវ
ត្រូវទុកជីវិតយើង ។ ខ្លាក៏ព្រមតាមសេចក្ដីអង្វររបស់ចៅសុខ
ៗវិលមកវិញ ប្រទះសេះនឹងក្របីនៅក្បែរផ្លូវក៏និយាយថា
បងទាំងពីរអាណិតជួយយកអាយុយើងផង ព្រោះខ្លាដែលពស់ចឹកបានរស់ឡើង
ដែលយើងដាក់ថ្នាំឲ្យ តែវាប្រាថ្នាប្រហារជីវិតយើង
ថាយើងធ្វើឲ្យវាភ្ញាក់ ហើយធ្វើឲ្យប្រឡាក់ខ្លួនវាអស់ ។
សត្វទាំងពីរដឹងសេចក្ដីសព្វគ្រប់ ក៏ពិចារណាទៅឃើញថា
តាមពិតត្រូវតែទៅកាត់សេចក្ដីឲ្យបុរសនេះឈ្នះខ្លា
ប៉ុន្តែបើអញឲ្យបុរសនេះឈ្នះទៅ មុខជាខ្លាគុំអញ
ស៊ីអញជាអាហារពុំលែង ក៏ប្រាប់ទៅចៅសុខថា
បងឯងខុសមែនហើយត្រូវឲ្យខ្លាស៊ីទៅ ។
ចៅសុខរឹតតែភ័យឡើងក៏លាសេះនិងក្របី ដើរយ៉ាងលឿនទៅទៀត
លុះប្រទះនិងសុភាទន្សាយ ចៅសុខក៏ប្ដឹងតាមដំណើរ ។
សុភាទន្សាយដឹងរឿងសព្វគ្រប់
ក៏ប្រាប់សុខថាឲ្យទៅនិយាយអង្វរខ្លាទៀតទៅ សឹមយើងទៅជួប ។
គ្រាដែលបុរសនោះ កំពុងជជែកនឹងខ្លា សុភាទន្សាយទៅដល់
ក៏ធ្វើជាសួរថាបងឯងទាំងពីរនាក់ទាស់គ្នាពីរឿងអ្វី ! ។
ខ្លានិងចៅសុខ ក៏បានប្ដឹងតាមដំណើររៀង ៗខ្លួន ។
សុភាទន្សាយ កាត់សេចក្ដីថា
បើដូច្នេះត្រូវបងខ្លាឯងទៅដេកនៅត្រង់កន្លែងដដែល
ឲ្យយូរដូចពីមុន បើដល់ពេលត្រូវភ្ញាក់ ហើយពុំស្លាប់ទេ
សឹមបងឯងមកពិឃាដមនុស្សនេះធ្វើជាអាហារចុះ ។
ខ្លាទៅដេកតាមបង្គាប់, ពស់ក៏ចេញពីរន្ធមកចឹកខ្លានោះស្លាប់ទៅ
។ សុភាទន្សាយឃើញខ្លាស្លាប់ហើយក៏ប្រាប់ទៅបុរសនោះថា
បងឯងកុំលាបថ្នាំឲ្យវាទៀតប្រាប់ហើយ ក៏លាចៅសុខទៅលំនៅវិញ ។
Featured Post
រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ
អាមេរិក៖ នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...
0 comments:
Post a Comment