កាលពីព្រេងនាយ មានក្មេងម្នាក់នៅជាមួយម្ដាយ ចិញ្ចឹមជ្រូកកម្រៀវ
១, ដល់ជ្រូកនោះធំឡើង ក្មេងនោះចង់ស៊ីសាច់ជ្រូក
ក៏និយាយនឹងម្ដាយថា «ម៉ែ ! ខ្ញុំចង់ស៊ីសាច់ជ្រូក
សូមម៉ែឲ្យខ្ញុំកាប់ជ្រូកយើងនោះស៊ីផឹកស្រាទៅ ?» ។ ម្ដាយឃាត់ថា
«កុំ ! ឯងស៊ីអីក៏ច្រើនម្ល៉េះ ទុកវានឹងលក់យកប្រាក់កាសចាយ» ។
កូនឮម្ដាយឃាត់ដូច្នោះ
ក៏នឹកតែក្នុងចិត្តចង់ស៊ីសាច់ជ្រូកតែសព្វថ្ងៃពុំមានភ្លេច ។
មានកាលមួយថ្ងៃកូននោះភ្ញាក់ឡើងពីដេក និយាយប្រាប់ម្ដាយថា
«ត្បិតទេវតាប្រាប់ខ្ញុំថា មានមាសប្រាក់ច្រើនណាស់ម៉ែ
សូមម៉ែជូនខ្ញុំទៅយក» ។ ម្ដាយឮកូននិយាយប្រាប់ដូច្នោះសួរថា
«មាសប្រាក់នៅឯណា» ។ កូនឆ្លើយថា «ម៉ែទៅនឹងខ្ញុំចុះ
បើខ្ញុំបង្គាប់ដូចម្ដេចម៉ែធ្វើតាមខ្ញុំ»
កូនយកកញ្ជើនាំម្ដាយដើរទៅក្នុងព្រៃឆ្ងាយអំពីស្រុក
ហើយកូនយកកញ្ជើទៅគ្របលើដី ប្រឹងសង្កត់ហើយស្រែកប្រាប់ម្ដាយថា
«ម៉ែ ! ជួយសង្កត់ផង មាសប្រាក់នៅក្នុងដីនេះច្រើនណាស់
ម៉ែសង្កត់ឲ្យជាប់ចុះ ខ្ញុំនឹងទៅរកចបជីក មកជីកយកមាសប្រាក់,
ម៉ែឯងនៅសង្កត់ឲ្យជាប់កុំលែង បើម៉ែលែង មាសប្រាក់និងបាត់អស់ទៅ»
ឯម្ដាយឮកូនថាដូច្នោះក៏ខំសង្កត់កញ្ជើនោះឲ្យកូន,
ឯកូននោះក៏រត់ត្រឡប់មកផ្ទះវិញ
ចាប់ជ្រូកនោះយកមកកាប់ចម្អិនជាអាហារ
បបួលអស់បងប្អូនអ្នកផ្ទះជិតខាងមកស៊ីផឹកស្រាលេងសប្បាយ ។
ម្ដាយនៅចាំកូនឯព្រៃ ទន្ទឹងពុំឃើញមកឃ្លានបាយអស់កម្លាំង
រោយដៃរោយជើង របូតចេញពីលើកញ្ជើពុំឃើញមានអ្វីសោះ ។
លុះម្ដាយចាំកូនយូរពេក នឹកថាកូនបញ្ឆោតហើយ
ក៏លែងកញ្ជើចោលត្រឡប់ទៅផ្ទះវិញ
ឃើញកូនកំពុងតែស៊ីសាច់ជ្រូកផឹកស្រាលេងសប្បាយដូច្នោះ
ក៏ខឹងនឹងកូនណាស់ ហើយនិយាយនឹងប្អូនខ្លួនថា
«ត្បិតកូននោះវាខូចណាស់ ទុកចិញ្ចឹមមិនបានទេ
ត្រូវឯងច្រកការុងយកទៅទម្លាក់ក្នុងទឹកសម្លាប់ទៅ» ។
ប្អូនឮដូច្នោះ សួរទៅបងថា «ដំណើរដូចម្ដេច
បានជាយកកូនច្រកការុងទៅចោលក្នុងទឹកសម្លាប់ ?» ។
បងនិយាយប្រាប់ទៅប្អូនតាមដំណើរសព្វគ្រប់ថា
«វាចេះបញ្ឆោតអញឲ្យទៅក្នុងព្រៃ ថាទៅយកមាសប្រាក់
ហើយឲ្យអញនៅចាំក្នុងព្រៃ
លុះត្រាតែដល់ថ្ងៃឃ្លានបាយស្ទើរតែនឹងដាច់ពោះ, ឯវាមកកាប់ជ្រូក
ស៊ីផឹកស្រាលេងសប្បាយ, ជ្រូកអញតែមួយទុកលក់ឲ្យគេ
យកប្រាក់ចាយទេតើ » ។
ប្អូននោះក៏ទៅចាប់អាកុហកស៊ីច្រកក្នុងការុងធំ ។
ចងមាត់ការុងជាប់ល្អ ហើយលើកលីយកទៅនឹងចោលក្នុងទឹកទន្លេ,
លុះទៅដល់មាត់ទន្លេអាកុហកស៊ី និយាយនឹងមាវាថា «លោកមាអាណិតខ្ញុំ
ៗមុខជាស្លាប់ហើយ បើដូច្នេះសូមលោកមាអាណិតទៅយកក្បួនកុហក
មកឲ្យខ្ញុំបន្តិច ត្បិតខ្ញុំស្លាប់ទៅនឹងទៅនៅឯឋានខ្មោច
បើគ្មានក្បួនកុហកនឹងកុហកខ្មោចស៊ីពុំបានទេ
នោះនឹងដាច់ពោះស្លាប់ » ។ ឯមាឮក្មួយអង្វរដូច្នោះ
ក៏សួរទៅក្មួយវិញថា «ក្បួនកុហកនោះ ឯងទុកនៅឯណា? ។
ក្មួយប្រាប់ទៅមាថា «ខ្ញុំដាក់នៅលើធ្នឹម » ។
មាក៏ដាក់អាកុហកស៊ីទុកចោលនៅមាត់កំពង់ទឹក
ហើយត្រឡប់ទៅរកក្បួននឹងយកមកឲ្យអាកុហកស៊ីវិញ ។
កាលនោះមានមនុស្សកើតឃ្លង់ម្នាក់ ដើរមកជិតអាកុហកស៊ី ។
ក៏ធ្វើនិយាយថា «អញមកតមឃ្លង់ក្នុងការុងនេះ យូរថ្ងៃហើយ
មិនដឹងជាហើយឬនៅ ឃើញហាក់ដូចសះជាហើយ» ។
មនុស្សឃ្លង់ឮអាកុហកស៊ីថា
តមឃ្លង់ក្នុងការុងដូច្នោះដោយខ្លួនកើតឃ្លង់ក៏សួរថា
«តមឃ្លង់ក្នុងការុងនេះបានជាឬ ?» ។
អាកុហកស៊ីប្រាប់ថាត្បិតខ្ញុំកើតឃ្លង់
គេឲ្យតបក្នុងការុងនេះយូរថ្ងៃហើយ
មិនដឹងជាហើយឬនៅទេអាណិតស្រាយមាត់ការុងឲ្យខ្ញុំបន្តិច »មនុស្សឃ្លង់ក៏ស្រាយមាត់ការុងឲ្យអាកុហកស៊ីចេញមក
។ អាកុហកស៊ីចេញពីការុងបោសខ្លួនមើល ហើយប្រាប់ថាជាឃ្លង់ហើយ !
អាគម្លង់ឮពាក្យអាកុហកស៊ីថាតមឃ្លង់ក្នុងការុងជាដូច្នោះ
ក៏និយាយថាឲ្យគ្នាតមឃ្លង់ផង ។ អាកុហកស៊ីឮដូច្នោះអរណាស់គិតថា
«អញអស់ស្លាប់ហើយ»បានជាអាគម្លង់ស្លាប់ជួស ។
អាកុហកស៊ីប្រាប់អាគម្លង់ថា បើឯងចង់ជាឃ្លង់ឆាប់
ត្រូវកាន់ត្រណមឲ្យជាប់កុំនិយាយស្ដីនឹងអ្នកណាឲ្យសោះ,
បើនរណាមកសួរក្ដី មកជេរ មកវាយដូចម្ដេច ៗក្ដី ត្រូវកុំនិយាយ
កុំស្ដី ខំកាន់ត្រណមឲ្យខ្ជាប់ ទើបបានជាឆាប់ ។
អាគម្លង់ឮអាកុហកស៊ីថាដូច្នោះ ក៏ទទួលចាំហើយចូលទៅក្នុងការុង ។
អាកុហកស៊ីចងមាត់ការុងជាប់ហើយរត់បាត់ទៅ ។ មានោះ
រកតម្រាអាកុហកស៊ីពុំឃើញ ដឹងថា អាកុហកស៊ីបញ្ឆោតខ្លួន ខឹងណាស់
ក៏នឹកក្នុងចិត្តថា
បើអញទៅដល់អញនឹងទម្លាក់វាទៅក្នុងទឹកឲ្យស្លាប់ភ្លាម
ហើយខំដើរទៅ ដល់ហើយក៏ស្ទុះចូលទៅដាល់វាយអាគម្លង់
ដោយស្មានថាជាអាកុហកស៊ី ។ អាគម្លង់ខំអត់ព្រោះចង់ជាឃ្លង់
លុះវាយធាក់អស់ចិត្តហើយ
មានោះក៏លើកការុងបោះទៅក្នុងទឹកឲ្យស្លាប់ ។
ឯអាកុហកស៊ី រត់រួចពីនេះទៅ ៗ ជួបនឹងមនុស្សកុហកម្នាក់
ចេះកុហកដូចគ្នាកំពុងតែមុជទឹក ។ អាកុហកនោះ
ឃើញអាកុហកស៊ីកំពុងដើរទៅពីចម្ងាយ
ក៏ធ្វើជាមុជទឹកយូរបន្តិចងើបឡើង ហើយលើកកាសឡើងបង្ហាញថា
«អញមុជទឹកទៅខាងក្រោម មានគេលេងបៀអញលេងឈ្នះ បានកាសប្រាក់ច្រើន
ប៉ុន្តែយកមកមិនរួច យកបានតែមួយត្រណោតមក » ។ អាកុហកស៊ី
ឮដូច្នោះក៏ជឿគិតស្មានថាមែន
ហើយក៏ផ្លាស់សំពត់លោតចុះទៅក្នុងទឹក
ខំមុជទៅទង្គិចក្បាលនឹងគល់ឈើបែកឈាម ដឹងខ្លួនថា
គេជាមនុស្សកុហកក៏នឹកក្នុងចិត្តឃើញឧបាយកុហកវិញ ហើយងើបឡើង
និយាយទៅនឹងអាដែលបញ្ឆោតនោះថា «អ្នកអើយ !
ខ្ញុំមុជទឹកទៅតាមពាក្យអ្នកឯងអម្បាញ់មិញ បានឃើញគេលេងបៀ ប៉ោ
ធួកំតាត់ច្រើនណាស់ ហើយខ្ញុំលេងឈ្នះគេ បានប្រាក់កាសច្រើន
ខ្ញុំទារពីគេ ៗថាឲ្យមកទារយកពីអ្នកឯងនេះ តែខ្ញុំមិនព្រម
ខ្ញុំចង់តែទារ គេខឹងនឹងខ្ញុំគេវាយខ្ញុំបែកក្បាល ហើយគេថា
ឲ្យខ្ញុំមកយកពីអ្នកឯង
បើអ្នកមិនជឿអ្នកមើលក្បាលខ្ញុំដែលបែកនេះចុះ ។ អាកុហកនោះ
ដឹងថាអាកុហកស៊ីមានប្រាជ្ញា ចេះកុហកទល់នឹងកុហកមិនចាញ់ខ្លួន
ក៏ស្រាយកាសចែកឲ្យពាក់កណ្ដាល ហើយសុំគ្នាធ្វើជាបងប្អូន
ដើររកស៊ីកុហកគេតាំងពីថ្ងៃនោះទៅ ។
Featured Post
រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ
អាមេរិក៖ នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...
0 comments:
Post a Comment