កាលពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធនៅជាមួយគ្នា
តែពុំមានកូន លុះយូរទៅ ប្រពន្ធនោះមានសហាយ
នាំមកដេកក្នុងផ្ទះតែសព្វថ្ងៃ ។
ថ្ងៃមួយ ប្ដីទៅជីកដំឡូងក្នុងព្រៃ
ដល់ថ្ងៃក្ដៅចូលទៅអាស្រ័យនៅខ្ទមអ្នកតា ១ ។
ប្រពន្ធរៀបចំអីវ៉ាន់ទៅបន់អ្នកតានោះ
ឲ្យទៅធ្វើប្ដីឲ្យស្លាប់នឹងយកសហាយធ្វើប្ដី, រៀបស្រេចហើយ
ក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតានោះ ។
ប្ដីឃើញប្រពន្ធដើរចូលទៅខ្ទមអ្នកតា ក៏នឹកឆ្ងល់ថាប្រពន្ធអញ
វាមករកអ្វីក្នុងខ្ទមអ្នកតានេះ ?
គិតហើយក៏ចូលទៅពួនក្រោយខ្នងអ្នកតា លបស្ដាប់ប្រពន្ធ ។
ឯប្រពន្ធ ក៏ចូលទៅអុជទៀនធូប ហើយបន់អ្នកតាថា
«ខ្ញុំមិនចង់យកប្ដីខ្ញុំទេ ខ្ញុំយកប្ដីទៀត
សូមអ្នកតាកាច់ប្ដីខ្ញុំឲ្យស្លាប់ទៅ ខ្ញុំនឹងថ្វាយជ្រូកមួយ» ។
ប្ដីឮដូច្នោះ ក៏ឆ្លើយឡើងពីក្រោយខ្នងអ្នកតា «អើ
បើនាងមានសហាយហើយបើចង់ឲ្យកាច់ប្ដីនាងឯងឲ្យស្លាប់នោះ ងាយទេ
វិលទៅផ្ទះវិញ ត្រូវរកមាន់ក្រាបទាំងមេទាំងពងមួយសំបុក
ស្ងោរឲ្យប្ដីនាងឯងស៊ីទៅ វាស្លាប់ហើយ» ។
មេនោះឮដូច្នោះ ស្មានថាអ្នកតាបង្គាប់
ក៏ប្រញាប់វិលមកផ្ទះវិញរកទិញបានមេមាន់ក្រាបមួយសំបុក
ស្ងោរទុកឲ្យប្ដីស៊ី ដើម្បីនឹងឲ្យស្លាប់ ហើយនឹងបានយកសហាយ ។
លុះដល់ព្រលប់ ប្ដីមកពីជីកដំឡូង ដល់ផ្ទះហើយ សូរថា «គេហ៍អើយ !
បានអីស៊ីបាយ ?» ។មេនោះឆ្លើយថា
«ខ្ញុំបានមេនិងពងមាន់ក្រាបមួយសំបុកស្ងោរទុកឲ្យអ្នក» ។ ប្ដីថា
«រៀបបាយមកស៊ី» ។
ប្រពន្ធក៏លើកបាយ ព្រមទាំងមេ និងពងមាន់ក្រាប មកឲ្យប្ដីស៊ី ។
ប្ដីស៊ីអស់ហើយធ្វើជាឈឺ ដេកថ្ងូរហ៊ឹ ៗ ។ មេនោះ
អរណាស់គិតស្មានថា ប្ដីឈឺមែន ត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយ
ត្បិតឮថ្ងូរ ។ ឯប្ដីក៏ធ្វើជាដេកទៅ ។
មេនោះគិតស្មានថាប្ដីស្លាប់
ក៏បើកទ្វារនាំយកសហាយចូលទៅដេកជាមួយ ។
អ្នកទាំងពីរកំពុងតែនិយាយគ្នា ប្ដីក៏ក្រោកឡើងអង្គុយហៅប្រពន្ធមកប្រាប់ថា «រងាណាស់» ។
ឯប្រុសសហាយឃើញប្ដីមេនោះ
ក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ ក៏ចូលទៅពួនក្នុងពាងធំ ១
នៅខាងដំណេក សម្ងំចាំប្ដីនោះដេក
ខ្លួននឹងចេញពីពាងទៅដេកនឹងមេនោះទៀត ។
ប្ដីបានឃើញ តែធ្វើមិនឃើញមិនដឹង ប្រាប់ប្រពន្ធថា «រងាណាស់
ឯងដាំទឹកឲ្យគ្នាងូតបន្តិច នឹងអាលស្លាប់» ។ មេនោះ
ឮថាចង់ស្លាប់ដូច្នោះ អរណាស់
ត្បិតត្រូវនឹងពាក្យដែលត្រូវបន់អ្នកតា ។
លុះប្រពន្ធដាំទឹកពុះហើយ ប្ដីថា «ទៅដងទឹកត្រជាក់បាន ១
ក្អមមកយកមកលាយនឹងទឹកក្ដៅនេះ» ។ ប្រពន្ធឮប្ដីប្រើដូច្នោះ
ក៏យកក្អមចេញទៅដងទឹក ។ ប្ដីឃើញប្រពន្ធចេញទៅបាត់
ក៏ក្រោកឡើងដើរទៅលើកទឹកពុះ ១ ខ្ទះ នោះយកទៅស្រោចលើសហាយ
ដែលនៅក្នុងពាងនោះស្លាប់ទៅ ហើយចូលទៅដេកវិញ ធ្វើជាថ្ងូរហ៊ឹ
ៗទៀត ។
មេនោះវិលពីដងទឹកមកវិញ
មើលទៅឃើញសហាយត្រូវទឹកក្ដៅរួញសរសៃដូចគេដកចេញពីពាងមក
ក៏ឱនខ្សឹបថា «ថ្វីក៏មិនឱនទៅវាមិនទាន់ទេ» ។ អានោះឆ្ងក់ដដែល ។
មេនោះយកដៃទៅចាប់ជ្រមុជទៅ ត្រូវស្លឹកត្រចៀក រលេះជ្រុះទាំងសក់
មើលបានដឹងជាប្ដីស្រោចទឹកក្ដៅស្លាប់សហាយទៅហើយ ក៏ពុំស្ដី
យកគម្របពាងមកគ្រប ហើយយកទឹកឲ្យប្ដីងូត ។ ឯប្ដីក៏មិនស្ដី
ទឹកក៏មិនងូត ប្រាប់ប្រពន្ធថា អញគ្រាន់បើហើយ ។
ហើយហៅប្រពន្ធចូលទៅដេកទៅ ។
លុះព្រឹកព្រហាមឡើង មេនោះ ពុំដឹងបើគិតដូចម្ដេច
និងយកខ្មោចឲ្យរួចចេញផុតពីផ្ទះ ក៏នឹកឃើញថា «ក្នុងស្រុកនេះ
មានចោរ ៤ នាក់ តែងតែលបលួចអីវ៉ាន់អ្នកផងសព្វថ្ងៃ
សព្វយប់គ្រប់ភូមិ, ដូច្នេះអញនឹងគិតឲ្យចោរទាំង ៤ នាក់នោះ
យកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃឲ្យបាន» គិតហើយក៏ដើរខ្ចី
សំពត់ ហូល អាវព្រែគេ យកមកហាលជុំវិញផ្ទះ ។ ឯចោរទាំង
៤នាក់នោះឃើញហើយគិតគ្នាថា «ជើ! មេនោះមានណាស់តើ! យប់នេះ
យើងទៅលបលួចវាឲ្យបានកុំខាន, សព្វថ្ងៃយើងស្មានថាវាក្រ»
មេនោះក៏ហាលសំពត់ហូលអាវព្រែនោះ
លុះដល់ពេលល្ងាចយកទៅជូនគេវិញ
ហើយយកខ្សែចងរឹតរូតពាងខ្មោចនោះឲ្យជាប់
ទុកឲ្យចោរចូលលួចមកសែងយកទៅ ។
ឯចោរទាំង ៤ នាក់ លុះយប់ក៏បបួលគ្នាទៅលួច
ចូលទៅរករបស់ទាំងនោះពុំឃើញ ប្រទះឃើញតែពាងមួយ ចងមាត់ជាប់
បើកពុំរួច ។ ចោរទាំង ៤ នាក់ និយាយគ្នាថា
«របស់អស់នោះវាដាក់ក្នុងពាងនេះហើយ,
បើដូច្នេះត្រូវយើងសែងពាងនេះ» ថាហើយក៏នាំគ្នាសែងពាងនេះទៅ
ដល់ព្រៃឆ្ងាយក៏ស្រាយលូកមើល ។
អាមួយលូកដៃទៅ ត្រូវសក់ថា «វើយ សូត្រ» ដកដៃចេញ ។
អាមួយលូកដៃទៅត្រូវស្លឹកត្រចៀក ត្រូវភ្នែក ច្រមុះ ស្រែកថា
វើយខ្មោចទេ ។ អាមួយ មិនជឿ លូកដៃទៀត ត្រូវដើមទ្រូង ដឹងថាខ្មោចមែន
ក៏ស្ទុះរត់ចោលហើយខឹងណាស់ថា ត្បិតមេនោះ
បញ្ឆោតឲ្យសែងខ្មោចចោលបាន ។ ចោរទាំង ៤ នាក់គិតគ្នាថា
«យើងឃ្លាំមើលមេនោះ បើឃើញវាដើរទៅណាតែម្នាក់ឯង
ត្រូវគ្នាយើងចោមរោម ចាប់វាវាយ ឲ្យវារាង កុំឲ្យវាបញ្ឆោតយើងទៀត ។
ជួនជាថ្ងៃមួយ មេនោះចុះទៅកំពង់រកទិញអីវ៉ាន់
ត្បិតមានសំពៅទើបនឹងមកដល់ពីស្រុកក្រៅ ។ មេនោះ
ដើរដល់កណ្ដាលផ្លូវក៏ជួបនឹងចោរទាំង ៤ នាក់នោះ
ចោរឃើញក៏នាំគ្នាព្រួតចាប់នឹងវាយ ហើយជេរពីរឿងដែលវាបញ្ឆោតនោះ ។
មេនោះ ឆ្លើយថា «ណ្ហើយអ្នក បើអ្នកវាយខ្ញុំ ក៏ឥតប្រយោជន៍ដែរ
ត្បិតខ្ញុំទៅទារប្រាក់ពីនាយសំពៅ, ដូច្នេះចូរមក !
អញ្ជើញទៅនឹងខ្ញុំៗ ទារប្រាក់បាន ចែកគ្នាចាយលេង »។
ចោរទាំង ៤ នាក់ឮថាវាទៅទារប្រាក់ដូច្នោះ
ក៏ចូលចិត្តបបួលគ្នាទៅ មេនោះផ្ដាំចោរទាំង ៤ នាក់ថា
«អស់អ្នកឈរចាំខ្ញុំ នៅលើច្រាំងចុះ បើកាលណាឃើញខ្ញុំបោយដៃនោះ
អ្នកនាំគ្នាចុះទៅចុះ បានប្រាក់ហើយ» ។
មេនោះ និយាយផ្ដាំចោរទាំង ៤ នាក់
ហើយក៏ចុះទៅសំពៅនិយាយនឹងនាយសំពៅ លក់ចោរទាំង ៤ នាក់,
វាថាចោរនេះជាខ្ញុំរបស់វា ហើយចង្អុលបង្ហាញនាយសំពៅថា «នុះន៍ !
វាទាំង ៤ នាក់ បើវាចុះមក ខ្ញុំឡើងទៅលើគោក
សូមអ្នកចាប់ដាក់ច្រវាក់វាឲ្យជាប់ទៅ កុំឲ្យវារត់បាន» ។
នាយសំពៅព្រមហើយសួរថា «ខ្ញុំនាងឯងទាំង ៤ នាក់លក់ថ្លៃប៉ុន្មាន ? ។
មេនោះថា «ម្នាក់ថ្លៃពីរណែន» ។ នាយសំពៅឲ្យមួយណែនកន្លះ
វាក៏ព្រមលក់ ហើយចេញមកក្រៅ បក់ដៃហៅចោរទាំង ៤ នាក់ ។ ចោរទាំង ៤
នាក់គិតស្មានថា វាហៅឲ្យទៅយកប្រាក់ ក៏នាំគ្នាចុះទៅ, ដល់ហើយ
ស្រាប់តែនាយសំពៅប្រើមនុស្សឲ្យដាក់ច្រវាក់ នៅបាតសំពៅទាំងអស់គ្នា
។ មេនោះក៏យកប្រាក់ឡើងមកបាត់ ។ បានប្រាក់ហើយ មេនោះ
ដើរវិលមកផ្ទះវិញ ដល់កណ្ដាលផ្លូវចួនជាយប់ពុំហ៊ានដើរទៅទៀត
ក៏ឡើងទៅដេក លើដើមឈើមួយនៅប្របផ្លូវនោះ ។
ឯចោរទាំង ៤ នាក់ លុះនាយសំពៅដាក់ច្រវាក់ជាប់ហើយ ក៏និយាយគ្នាថា
ជើមេនេះហៅពេញជាប្រាជ្ញាធំ
វាបញ្ឆោតឲ្យយើងសែងខ្មោចទៅចោលក្នុងព្រៃហើយ
ឥឡូវវាលក់យើងបានទៀត» ។ ចោរទាំង ៤ នាក់ខឹងណាស់
កាច់ច្រវាក់បាក់រត់ចេញពីសំពៅ ដើរឡើងមកលើគោក រត់មកទាំងយប់នោះ
ជួនជាយប់យូរណាស់ ក៏នាំគ្នាឡើងទៅដេកលើដើមឈើធំ ដែលមេនោះដេក ។
ចោរបីនាក់ឡើងទៅដេកលើមែកដោយខ្លួនពីគ្នា ។
ចោរម្នាក់ឡើងទៅក៏ជួបនាងនោះ នៅលើចុងឈើ, អាចោរនោះថា «អី !
ហងឯងស្លាប់ហើយម្ដងនេះ ! ហងឯងធ្លាប់បញ្ឆោតយើង
ឥឡូវហងឯងរត់ចុះបើរួច !» ។ មេនោះលើកប្រាក់បង្ហាញ ហើយឱនខ្សឹបថា
«ណ្ហើយអ្នក ! អ្នកកុំស្ដីកុំឲ្យអ្នកទាំងបីនាក់ទៀតដឹង,
ហើយយើងត្រូវយកគ្នាជាប្ដីប្រពន្ធ
នឹងយកប្រាក់នេះទៅចាយរកស៊ីស្រួលជាង
អ្នកកុំធ្វើបាបខ្ញុំធ្វើអ្វី » ។
អាចោរឮដូច្នោះ ក៏មិនស្ដីខិតចូលទៅជិត លូកឱបកៀកមេនោះហើយថា
អើប្អូនឯងហៅប្រាជ្ញាធំ បញ្ឆោតខ្ញុំពីរបីដងហើយ
ឥឡូវបងបាននាងជាប្រពន្ធ ដោយសារព្រេងសំណាងយើង
និយាយហើយក៏ឱបតាមចិត្តមេត្រី ។ មេនោះពុំបម្រះហើយថា
«ខ្ញុំខ្លាចក្រែងអ្នកស្រឡាញ់ខ្ញុំមិនស្មោះ,
ឯខ្ញុំស្រឡាញ់អ្នកស្មោះ ចិត្តមួយហើយ» ។ អាចោរនោះថា
«បងស្រឡាញ់ស្មោះហើយ នាងពុំដឹងចិត្តបង ចង់ឲ្យបងស្បថ
ឬឲ្យបងធ្វើម្ដេច ?» ។ មេនោះថា «បងស្រឡាញ់ចិត្តមួយនឹងគ្នា
មានតែលិទ្ធអណ្ដាតគ្នា» ទើបមេនោះលៀនអណ្ដាត ហើយឱនទៅរកអាចោរនោះ ។
ឯអាចោរលិទ្ធអណ្ដាតមេនោះ ហើយលៀនអណ្ដាតឲ្យមេនោះលិទ្ធវិញ,
មេនោះខាំអណ្ដាតអាចោរនោះដាច់អស់មួយកំណាត់
ហើយច្រានទម្លាក់ពីលើចុងឈើធ្លាក់ដល់ដី ស្រែកឮតែឡុលៗ ។
ឯចោរបីនាក់ គិតស្មានថា នាយសំពៅចោមចាប់
ក៏លោតពីលើមែកឈើរត់ទៅហើយស្រែកហៅគ្នាថា «វ៉ឺយ !
គ្នាយើងរត់នាយសំពៅដេញហើយ» ។ អាចោរដែលដាច់អណ្ដាតនោះ
ស្រែកហៅគ្នាវាថា «មេនោះ នៅលើចុងឈើ ត្រូវមកចាប់»
ប៉ុន្តែវាដាច់អណ្ដាតដូច្នោះ និយាយមិនច្បាស់ ឮតែឡុលៗ ,
គ្នាវាគិតស្មានថាគេដេញចាប់ចេះតែប្រឹងរត់យកតែព្រះអាយុរៀងខ្លួន
។
ឯមេនោះចុះពីលើចុងឈើ យកប្រាក់ទៅផ្ទះឲ្យប្ដី នៅរកស៊ីជាមួយនឹងប្ដីជាសុខសប្បាយតទៅ ។
Featured Post
រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ
អាមេរិក៖ នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...
0 comments:
Post a Comment