កាលពីព្រេងនាយ មានមនុស្សម្នាក់ ឈ្មោះគង់ មានប្រពន្ធពីរ ។
មួយឈ្មោះអាងអាំ មួយឈ្មោះនាងគំ ។
ថ្ងៃមួយអ្នកគង់នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយ
។ តាមផ្លូវនៅស្រុកនោះ មានខ្លាសាហាវ ។
អ្នកគង់បណ្ដើរប្រពន្ធទាំងពីរនាក់ ទៅដល់ព្រៃធំមួយ ជិតស្រុកគេ,
ព្រៃនោះតែងមានខ្លាដេញខាំមនុស្សក្របីគោ ស៊ីតែរឿយៗ ។
លុះអ្នកគង់ទៅដល់កន្លែងនោះ ខ្លាក៏ស្ទុះដេញ
ស្រែកសន្ធាប់ពីចម្ងាយមក ។ អ្នកគង់រត់ចូលរូងឈើ ញ័រដៃញ័រជើង
រាគនោមព្រោះភ័យណាស់ ។ នាងអាំនិងនាងគំ
ខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅ ។
ឯអ្នកគង់ ឃើញប្រពន្ធវាយខ្លាស្លាប់ហើយ
បានស្ទុះម្នីម្នាចេញពីរូងឈើមក
យកដំបងវាយខ្លាស្លាប់ស្រាប់នោះថែមទៀត ។
ប្រពន្ធទាំងពីរបន្ទោសប្ដីថា «ខ្លាគេវាយងាប់ហើយ
ធ្វើជាមកវាយថែមទៀត ប្រុសអីកំសាកញីដូច្នេះ » ។
អ្នកគង់ជេរបំពានទៅប្រពន្ធថា
«មិនដែលមានស្រីណាវាយខ្លាស្លាប់ទេមានតែប្រុស
ទើបហ៊ានវាយខ្លាទាល់តែស្លាប់»
ហើយអ្នកគង់ក៏បានបោចវល្លិចងខ្លានោះ
នាំប្រពន្ធសែងចូលទៅក្នុងស្រុក ។
អស់អ្នកស្រុកឃើញអ្នកគង់សែងខ្លាមក គេបបួលគ្នាទៅមើលពាសពេញ
ហើយគេសួរថា «ឯងធ្វើដូចម្ដេចបានជាបានខ្លានេះ
ត្បិតខ្លានេះសាហាវណាស់ វាតែងតែខាំមនុស្សម្នាក្របីគោ
ស៊ីច្រើនណាស់ហើយ» ។ ប្រពន្ធអ្នកគង់ក៏និយាយប្រាប់អ្នកស្រុកថា
«អ្នកគង់គាត់ឃើញខ្លាវាបោលមក គាត់រត់ចូលក្នុងរូងឈើ
ខ្ញុំពីរនាក់ជាស្រីៗព្រួតគ្នាវាយខ្លាទាល់តែស្លាប់» ។
អ្នកគង់ឮប្រពន្ធនិយាយប្រាប់គេដូច្នោះ
ក៏បញ្ចោររំលោភទៅលើប្រពន្ធថា «មិនដែលមានស្រីណាខ្លាំងពូកែ
ហ៊ានវាយខ្លាស្លាប់ទេ មានតែប្រុសទើបខ្លាំងពូកែ
ហ៊ានវាយខ្លាឲ្យស្លាប់បាន» ។ អ្នកគង់ក៏អួតប្រាប់អ្នកស្រុកថា
«កាលដែលខ្លាវាស្ទុះមកនឹងខាំដូច្នេះ ខ្ញុំដាក់ស្នៀតគុនដូច្នេះ
បានជាវាយវាបាន» ហើយអ្នកគង់ធ្វើជាលោតគុនវាយខ្លា
ឲ្យអ្នកស្រុកមើល ។ ឯអស់អ្នកស្រុកកោតខ្លាចអ្នកគង់រាល់គ្នា
ហើយឲ្យឈ្មោះថា « គង់ហ៊ាន» តាំងពីថ្ងៃនោះមក ឮល្បីឈ្មោះគង់ហ៊ាន
ជាអ្នកពូកែ ចេះគុនវាយខ្លាស្លាប់ ។ រឿងនេះជ្រាបដល់ស្ដេចៗ
ក៏ឲ្យយកទៅចិញ្ចឹមធ្វើជាសេនាសម្រាប់ច្បាំងសង្គ្រាម ។
លុះយូរបន្តិចទៅ ចួនជាមានសឹកគេលើកមកច្បាំងយកនគរ
ស្ដេចទ្រង់ប្រើគង់ហ៊ានឲ្យទៅច្បាំង ។ គង់ហ៊ាន
ឮស្ដេចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកដូច្នោះ
ភ័យណាស់ពុំដឹងបើគិតដូចម្ដេច នឹងមិនទៅច្បាំងមិនបាន
ត្បិតស្ដេចទ្រង់ប្រើហើយ
ហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផង ត្រឡប់មកវិញ
ដេកសន្ធឹកសន្ធៃអត់បាយ ។ ប្រពន្ធទាំងពីរនាក់ចូលទៅសួរថា
ម្ដេចបានជាអ្នកដេកអត់បាយដូច្នេះ មានបើហេតុភេទអ្វី
ប្រការដូចម្ដេច ? ។ គង់ហ៊ានប្រាប់ថា
ត្បិតស្ដេចទ្រង់ប្រើបងឲ្យទៅច្បាំងសឹក ឥឡូវនេះ
បងខ្លាចសឹកនោះណាស់ មិនដឹងបើគិតដូចម្ដេចទេ ប្រពន្ធឆ្លើយឡើងថា
អ្នកកុំព្រួយចិត្តធានាលើខ្ញុំទាំងអស់ អ្នកក្រោកឡើង
ពិសាបាយឲ្យឆ្អែត ងូតទឹកឲ្យស្រួលខ្លួនចុះ ។
គង់ហ៊ានឮប្រពន្ធលួងលោមដូច្នោះ បានធូរក្នុងចិត្ត ក្រោកឡើងងូតទឹក
ស៊ីបាយ រៀបគ្រឿងប្រដាប់ទៅច្បាំង, លុះរៀបរួចហើយដល់បានពេលាល្អ
ក៏ចូលទៅក្រាបបង្គំលាស្ដេចចេញទៅច្បាំង, យកទាំងប្រពន្ធទៅផង ។
គង់ហ៊ានជិះខាងក្បាលដំរី ប្រពន្ធជិះខាងក្រោយ
មានរេហ៍ពលហែហមអមមុខក្រោយជាក្បួនទ័ពត្រៀបត្រាពាសពេញ
លុះជិះទៅជិតខ្មាំងសត្រូវមើលឃើញច្បាស់ប្រាកដ គង់ហ៊ានភ័យណាស់
លេចអាចម៍លេចនោមញ័រដៃជើងដូចគេអង្រួនក្បាលដំរី ។
ឯដំរីគិតស្មានថា
គេអង្រួនឲ្យខ្លួនបោលចូលក៏ចេះតែបោលសម្រុកចូលទៅ
មុនរេហ៍ពលទាំងអស់គ្មាននរណាតាមទាន់ ។
ឯខ្មាំងសត្រូវឃើញគង់ហ៊ានបំបោលដំរីចូលដូច្នោះ
គិតស្មានថាមេទ័ពនេះពូកែណាស់ ក៏បាក់ទ័ពចាញ់
រត់យកតែព្រះអាយុដោយខ្លួនទៅ ។
គង់ហ៊ានឃើញខ្មាំងរត់ទៅអស់ក៏ធ្វើជាអួតក្អេងក្អាង
ឲ្យអស់នាហ្មឺននិងរេហ៍ពលកោតខ្លាច ។
អស់នាហ្មឺនឃើញគង់ហ៊ានលេចអាចម៍ដាក់ក្បាលដំរី ស្អុយពាសពេញដូច្នេះ
គេសួរថា «លោកមេទ័ព ថ្វីក៏លេចលាមកដូច្នេះ ?» ។ គង់ហ៊ានឆ្លើយឡើងថា
«បើកំពុងតែច្បាំងនឹងសត្រូវហើយឈឺផ្ទៃ
និងចុះទៅដោះទុក្ខសត្វឯណាបាន
មានតែដោះទុក្ខសត្វលើក្បាលដំរីដូច្នេះឯង បើរវល់តែដោះទុក្ខសត្វ
ខ្មាំងវាមិនកាប់ស្លាប់ឥតអំពើទៅហើយឬ ? »
អស់នាហ្មឺននិងរេហ៍ពល ឮគង់ហ៊ាននិយាយដូច្នោះ
អ្នកខ្លះមានប្រាជ្ញា គេដឹងថាគង់ហ៊ានខ្លាច,
អ្នកខ្លះមិនសូវមានប្រាជ្ញា ក៏កោតខ្លាចគង់ហ៊ានណាស់ ។
ឯគង់ហ៊ានបានឈ្នះទ័ព ត្រឡប់ចូលមកក្នុងនគរវិញ
ហើយចូលទៅក្រាបថ្វាយបង្គំស្ដេច ។
ស្ដេចទ្រង់ជ្រាបថា គង់ហ៊ានទៅច្បាំងឈ្នះ
ដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅ ទ្រង់ត្រេកអរណាស់
ទ្រង់ព្រះរាជទានយសសក្ដិជានាហ្មឺនធំ
ហើយព្រះរាជទានព្រះរាជទ្រព្យគ្រឿងបណ្ណាការជាច្រើន ។
តាំងអំពីថ្ងៃនោះមក គង់ហ៊ាន
រឹតតែអួតខ្លាំងពូកែក្អេងក្អាងឡើងទៀត ។ លុះក្រោយមកទៀត
មានក្រពើសាហាវមួយ ចេះតែដេញខាំអស់មនុស្សម្នា អ្នកឈ្មួញជួញលក់ដូរ
ដើររកស៊ីខាងជើងទឹកជើងកំពង់ គេខ្លាចរអាគ្រប់គ្នា
មិនមានអ្នកណាហ៊ានចុះមុជទឹក ឬដើរងូតសោះ ។
អស់រាស្ត្រលំបាកចិត្តណាស់ ។ រឿងនោះក៏ជ្រាបទៅដល់ស្ដេចៗ
ទ្រង់ត្រាស់ប្រើឲ្យគង់ហ៊ានទៅចាប់ក្រពើ ។
ឯគង់ហ៊ានឮព្រះបន្ទូលដូច្នោះនឹកភ័យណាស់
ប៉ុន្តែមិនហ៊ានទទឹងព្រះបន្ទូល ក៏ទទួលថា
នឹងយកអាសាសូមទ្រង់កុំព្រួយព្រះរាជហឫទ័យ ។
គង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថា «គេហ៍អើយ !
ឥឡូវនេះស្ដេចទ្រង់ប្រើយើងឲ្យទៅចាប់ក្រពើក្នុងទន្លេ
ត្បិតក្រពើសាហាវណាស់, ម្ដងនេះឃើញជាមិនរួចខ្លួនទេ
មុខជាក្រពើខាំស្លាប់មិនខាន, ពីមុននៅលើគោកគ្រាន់នឹងមើលទៅឃើញ
ឥឡូវនេះនៅក្នុងទឹក ធ្វើដូចម្ដេចនឹងគេចរួច ?
ប៉ុន្តែស្ដេចទ្រង់ប្រើហើយនឹងមិនទៅក៏មិនបាន
បើដូច្នេះមានតែទៅលោតទឹកឲ្យក្រពើខាំស្លាប់តែម្ដងទៅ »
គង់ហ៊ានគិតគ្នានឹងប្រពន្ធដូច្នោះហើយ
ក៏ហៅអស់កូនក្មួយមកធ្វើជាទៅចាប់ក្រពើ ។ អស់មនុស្សម្នា មហាជន
បានឮថាគង់ហ៊ានបានទៅចាប់ក្រពើ ក៏បបួលគ្នាទៅមើលពាសពេញ ។
លុះគង់ហ៊ានទៅដល់កំពង់ទឹក បានឃើញក្រពើហែលមកប្របច្រាំង
ត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នា មានប្រគាប
គាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់ទីនោះ ដោយគិតថា
លោតទៅឲ្យក្រពើវាខាំឲ្យស្លាប់ទៅទេ
ប៉ុន្តែក្រពើវាឮសូរសន្ធឹកគង់ហ៊ានលោតចុះក៏ភ្ញាក់ព្រើត
ប្រឹងលោតឡើងដូចគេប្រហកក្នុងប្រគាបឈើ
ជាប់ពាក់កណ្ដាលខ្លួនរុញទៅមុខ ក៏មិនរួច ថយមកក្រោយក៏មិនរួច ។
គង់ហ៊ានមុជទៅក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើដូច្នោះ
ស្រែកបង្គាប់កូនក្មួយ ឲ្យយកលំពែងមកចាក់ កាប់ក្រពើនោះស្លាប់ទៅ ។
ឯអ្នកដែលមើលទាំងប៉ុន្មាន
គេគិតស្មានថាគង់ហ៊ានចាប់ក្រពើបោះមកឲ្យជាប់នឹងដើមឈើ
ក៏កោតខ្លាចគង់ហ៊ានក្រៃពេក ។
គង់ហ៊ាន បានឃើញក្រពើស្លាប់ដូច្នោះ ក៏រឹតតែក្អេងក្អាង
អួតខ្លាំងពូកែឡើងទៀត ហើយចូលទៅក្រាបទូលស្ដេច
តាមខ្លួនបានចាប់ក្រពើចោលឡើងមកលើគោក ។
ស្ដេចក៏ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានយសសក្ខី
ឲ្យគង់ហ៊ានឡើងជាធំលើសពីមុនទៀត ហើយទ្រង់ព្រះរាជទានទាំងអំណាច
ទាំងរង្វាន់ជាច្រើន ។
Featured Post
រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ
អាមេរិក៖ នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...
0 comments:
Post a Comment