កាលពីព្រេងនាយ មានបិសាចមួយឈ្មោះរាមាសូរ និងនាងអារក្ខទេវីមួយឈ្មោះ
មេខលា ។ អ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានរិទ្ធិម្នាក់
ដើម្បីនឹងរៀនវិជ្ជាមន្តអាគមគាថា ។ បិសាច
និងនាងមេខលាបានខំរៀនប្រណាំងប្រជែងគ្នាដើម្បីបំពេញចិត្តគ្រូរៀងខ្លួន
ហើយអ្នកទាំងពីរប្រកបដោយបញ្ញាវៃក្រៃលែងដូចគ្នា ។
តាបសក៏ស្រឡាញ់អ្នកទាំងពីរនោះស្មើគ្នា ។
កាលបើតាបសបានបង្រៀនសិស្សលោកចប់គ្រប់មុខវិជ្ជាហើយ
លោកក៏ចង់ល្បងវិជ្ជាសិស្សមើលថា តើអ្នកណាមួយប៉ិនប្រសប់ជាងគេ ។
ទើបលោកនិយាយទៅកាន់សិស្សថា “បើអ្នកណា
យកកែវមួយមានទឹកសន្សើមពេញមកឲ្យខ្ញុំបាន
នោះខ្ញុំនឹងធ្វើទឹកនោះឲ្យក្លាយទៅជាកែវមនោហរា
ហើយដោយគុណភាពនៃរតនវត្ថុនោះ អ្នកម្ចាស់កែវអាចប្រាថ្នាធ្វើអ្វី
ឬចង់បានអ្វី ចេះតែបានសម្រេចទាំងអស់” ។
រាមាសូរ ក៏យកកែវមួយទៅត្រងទឹកសន្សើមដែលទើនៅស្លឹកឈើ
និងស្មៅផ្សេងៗ ។ វាបានខំព្យាយាមធ្វើដូច្នេះជាច្រើនព្រឹក
ប៉ុន្តែឥតបានផលល្អសោះ ។ ចំណែកឯនាងមេខលា
ដែលជាស្រីគិតវែងឆ្ងាយក៏រើសយកបណ្ដូលឈើមួយយ៉ាងទន់ស្ពោតៗ
ហើយយកទៅដាក់ផ្ដិតលើទឹកសន្សើម ដែលដក់នៅលើស្លឹកឈើ និងនៅលើស្មៅ
ទាល់តែដុំឈើនៅជក់ទឹកពេញទាំងអស់ ។
បន្ទាប់មកនាងមេខលាបានយកដុំឈើនៅទៅច្របាច់ទឹកដាក់ក្នុងកែវ ។
អាស្រ័យដោយហេតុដូច្នេះ នាងក៏រកទឹកសន្សើមដាក់កែវបានពេញ
ហើយក៏យកកែវនោះទៅជូនមហាតាបស ។ ហេតុដូច្នេះ
បានជានាងអារក្ខទេវីត្រូវបានតាបសសម្គាល់ថា ប៉ិនប្រសប់ជាងបិសាច ។
តាបស ជប់ទឹកសន្សើមនោះឲ្យកើតទៅជាកែវ
ហើយប្រគលទៅឲ្យនាងមេខលាដោយប្រាប់ថា “កែវនេះមានគុណភាពខ្លាំងណាស់
បើអ្នកមានបំណងអ្វីមួយ គ្រាន់តែលើកកែវនេះគ្រវីឡើង នោះមួយរំពេច
សេចក្ដីប្រាថ្នារបស់អ្នកនឹងបានសម្រេចភ្លាម
មួយទៀតដោយគុណភាពនៃកែវនេះ អ្នកអាចហោះ
កាត់អាកាសកប់ពពកជ្រកអាចម៍ជន្លេនទៅកាន់កន្លែងណាក៏បានទាំងអស់” ។
នាងអារក្ខទេវី ក៏ទទួលយកកែវនោះមកលើគ្រវីឡើងលើ
ស្រាប់តែហៅវឹងទៅលើមេឃតម្រងទៅមហាសាគរ ។ ចំណែកឯរាមាសូរ
អាស្រ័យដោយការព្យាយាមដ៏យូរ ក៏រកទឹកសន្សើមដាក់បានពេញកែវ
ហើយយកទៅថ្វាយមហាឫសីៗ ពោលថា “ចៅឯងយករបស់នេះមកយឹតយូរពេក
ហួសពេលតាត្រូវការ ឥឡូវតាបានឲ្យរតនវត្ថុនោះទៅនាងមេខលាទៅហើយ
មន្តអាគមគាថារបស់តា អាចជប់វត្ថុបែបនេះបានតែមួយដងទេ” ។
កាលបើបានឮមហាតាបសថាដូច្នេះ
រាមាសូរក៏កើតសេចក្ដីទោមនស្សពន់ប្រមាណ
ហើយក៏ស្រែកយំអណ្ដើកអណ្ដកយ៉ាងខ្លាំង ។ ដើម្បីលួងចិត្តបិសាច
តាបសក៏ប្រាប់ថា “ចូរចៅកុំកើតទុក្ខខ្លាំងពេក ចាំតាឲ្យពូថៅមួយ
ពូថៅនេះអ្នកអាចយកទៅឈ្លោះដណ្ដើមយកកែវពីនាងអារក្ខទេវីមេខលាបាន
នាងមេខលានេះ ចូលចិត្តហោះហើរលេងនៅលើអាកាស
ដើម្បីមុជទឹកភ្លៀងដែលមានភ្លៀងម្ដងៗ ចូរអ្នកចោលពូថៅនេះទៅលើវា
វានឹងបោះចោលកែវដ៏មានតម្លៃនោះ ប៉ុន្តែនៅពេលប្រយុទ្ធគ្នានោះ
ចៅឯងឃើញវាលើកកែវឡើងគ្រវី ចូរចៅឯងបិទភ្នែកភ្លាម
មុននឹងចោលពូថៅទៅលើវា” ។
កាលបើរាមាសូរបានពូថៅមកកាន់នៅនឹងដៃហើយ
វាក៏ហោះស្វែងរកនាងមេខលា ដើម្បីដណ្ដើមកែវមនោហរា
ប៉ុន្តែកាលបើបានឃើញនាងកាលណា នាងក៏យល់ឃើញភ្លាមថា
បិសាចនេះប្រាកដជាមកមានបំណងធ្វើអាក្រក់មកលើនាងពុំខាន
ទើបនាងលើកកែវគ្រវីឡើង ហោះទៅលើអាកាសវេហាខ្ពស់ក្រៃលែងខ្ពស់ ។
កាលបើក្រឡេកឃើញពន្លឺចាំង នៃកែវមានសិល្ប៍ភ្លាម
បិសាចក៏បិទភ្នែកវាជិតរួចគ្រវែងអាវុធវាទៅ ។ អាវុធនោះ
ក៏ហោះយ៉ាងលឿនឮសូរសម្បើមក្រៃលែង ប៉ុន្តែឥតត្រូវនាងមេខលាទេ ។
ចាប់តាំងពីពេលនោះមក
ទើបនៅពេលមានភ្លៀងផ្គរគេឃើញចាំងពន្លឺកែវហើយឮសូរសម្លេងយ៉ាងខ្លាំងនៃអាវុធនោះ
។ អាស្រ័យហេតុនេះហើយ
បានជាក្នុងភាសាខ្មែរយើងឲ្យឈ្មោះដុំថ្មទាំងឡាយណា
ដែលឃើញមានរាងដូចផ្លែពូថៅ ឬចបកាប់ក្បាលស្រួច ឬដូចកាំបិតថា
“កាំរន្ទះ” ហើយសន្មតរបស់ទាំងនេះថា ជាព្រួញរបស់យក្សបាញ់
នៅលើមេឃធ្លាក់មកដី ។
Featured Post
រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ
អាមេរិក៖ នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...
0 comments:
Post a Comment