កាលពីព្រេងនាយ មានមនុស្សកំសត់ពីរនាក់ប្តីប្រពន្ធ
មានកូនប្រុសមួយ ។ កូននោះកើតឡើងវេលាណា
មានទេវតាអាក្រក់មកថែរក្សាសែកសោយ ។
តាំងពីទេវតាអាក្រក់មកសែកសោយក្មេងនោះ
ឪពុកម្តាយក៏ស្លាប់ចោលអស់ទៅ ។ ក្មេងនោះនៅជាមួយនឹងជីដូនៗ
ក៏ថែរក្សាដរាបដល់អាយុ ២០ ឆ្នាំ ។ ថ្ងៃមួយ ក្មេងនោះចូលទៅក្នុងព្រៃ
ដើម្បីរកឧស កំពុងតែកាប់ឧស មានទេវតាមួយអង្គទៀត ជាទេវតាល្អ
ជួយឲ្យចម្រុងចម្រើនយសស័ក្តិភោគសម្បត្តិ ។
ទេវានោះនិយាយនឹងទេវតាអាក្រក់ថា
«តាំងពីអ្នកឯងចូលមករក្សាមនុស្សនោះកាលណា
ម្តាយអាពុកគ្នាស្លាប់ចោលអស់ហើយ គ្នាក្រលំបាកពន់ពេក
ហើយថារឹទ្ធិអ្នកឯងពូកែមែន » ។ ទេវតាអាក្រក់និយាយតបទៅវិញថា «
អ្នកជឿថាអំណាចខ្ញុំពូកែទេ? » ។ ទេវតាល្អឆ្លើយថា « ខ្ញុំជឿហើយ
ប៉ុន្តែខ្ញុំសូមរក្សាមនុស្សនេះម្តង» ។ ទេវតាអាក្រក់
ព្រមបើកអំណាចឲ្យទេវតាល្អថែរក្សាហើយហោះទៅ ។
ទេវតាបណ្តាលឲ្យមនុស្សនោះកំពុងតែកាប់ឧស
ក៏ដាក់ដឹងចុះហើយភ្ញាក់ខ្លួនព្រើតលោគិតថា « ឱអញ បើអញរស់នៅ
គ្រាន់អញនឹងរកស៊ីចិញ្ចឹមជីវិតជីដូនអញ បើប្រសិនជាអញស្លាប់ទៅ
តើបានអ្នកណានឹងរកស៊ីចិញ្ចឹមជីដូនអញទៀត បើដូច្នេះ
អញគិតទៅនិយាយបបួលយាយអញទៅនៅធ្វើខ្ញុំសេដ្ឋី
គ្រាន់តែសុំបាយគេស៊ី ប្រហែលជាគេព្រមហើយ »
គិតតែប៉ុណ្ណេះក៏លែងកាប់ឧស ត្រឡប់ទៅវិញ
ទៅដល់និយាយប្រាប់ជីដូនតាមដំណើរសព្វគ្រប់
ដែលខ្លួនគិតកាលទៅកាប់ឧស ។
ជីដូចបានស្តាប់ហើយក៏ចូលចិត្តព្រមតាមចៅ បុរសកំសត់ទាំងពីរនាក់
គឺជីដូននិងចៅ ក៏នាំគ្នាដើរទៅផ្ទះមហាសេដ្ឋី
ដល់ចូលទៅក្នុងកំពែងរបងហើយ
ទៅងង្គុយបត់ជើងនៅមាត់ជណ្តើរមហាសេដ្ឋី ។ លុះបន្តិចទៅ
មហាសេដ្ឋីក្តីប្រពន្ធនាំគ្នា ចេញមកក្រៅ
ក្រឡេកទៅឃើញអ្នកទាំងពីរនាក់អង្គុយក៏សួរថា «
ឯងមកនេះមានប្រាថ្នាអ្វី? » ។ បុរសកំសត់នោះ
ឆ្លើយជម្រាបទៅសេដ្ឋីថា « ខ្ញុំពីរនាក់ចីដូននិងចៅនេះ
មកសុំនៅធ្វើជាខ្ញុំបម្រើលោក គ្រាន់តែយកបាយចិញ្ចឹមជីវិត» ។
មហាសេដ្ឋីស្តាប់ហើយឆ្លើយថា « អើឯងនៅចុះ » ។
បុរសនោះជម្រាបទៅមហាសេដ្ឋីថា
«សូមលោកមេត្តាឲ្យខ្ញុំនៅបម្រើខាងលើផ្ទះបាយហើយនិងផ្ទះធំ» ។
មហាសេដ្ឋីព្រម ទើបយាយចាស់នោះ សុំគ្រាន់តែដេញមាន់ទា
កុំឲ្យស៊ីស្រូវ កាលណាគេយកស្រូវទៅហាល ។
បុរសនោះ
ខំយកចិត្តទុកដាក់បម្រើសេដ្ឋីមិនឲ្យទាស់ចិត្តបន្តិចសោះ ។
មហាសេដ្ឋីមានចិត្តអាណិតស្រឡាញ់រាប់អាន ។ លុះយូរទៅប្រមាណជា ៣-៤
ឆ្នាំ បុរសនោះ សុំមហាដេដ្ឋីទៅនៅឃ្វាលក្របីវិញ ដល់នៅឃ្វាលក្របី
ផ្លាស់អស់ខ្សែពួរចាស់ៗទាំងប៉ុន្មាន ជួសជុលក្រោលឲ្យស្អាតល្អឡើង
ក្របីទាំងអស់ចំនួន ១០០ ក្បាល ។ ដល់យូរទៅ
មហាសេដ្ឋីប្តីប្រពន្ធនិយាយគ្នាថា «តាំងពីអានេះទៅឃ្វាលក្របី
យើងមិនដែលទៅមើលវាម្តងសោះ
ដូច្នេះត្រូវយើងនាំគ្នាទៅមើលវាម្តង» ក៏នាំប្តីប្រពន្ធទៅ
លុះទៅដល់ មើលទៅក្របី ខ្សែពួរ និងក្រោល ពេញចិត្តទាំងអស់
ក៏ត្រឡប់មកវិញនិយាយគ្នាថា «អានេះជាមនុស្សល្អ កាលដែលយើងឃើញមុន
មិនដែលមានប្រដាប់សម្រាប់ក្របីថ្មី យ៉ាងនេះទេ
ឥឡូវនេះមានព្រមអានេះជាមនុស្សចិត្តត្រង់នឹងចៅហ្វាយនាយ» ។
បុរសនោះទៅឃ្វាលក្របីរាល់ថ្ងៃ មានកាលថ្ងៃមួយនោះ
ពេលល្ងាចដេញក្របីត្រឡ់មកក្រោលវិញ មកដល់ត្រពាំងមួយ
ដេញក្របីចុះទៅត្រពាំងទឹក ទៅជាន់ដុំមាសនៅក្នុងត្រពាំងនោះ
បែរទៅខាងណា ក៏សុទ្ធតែដុំមាស ពេញត្រពាំងទាំងអស់ ។ បុរស់នោះថា
«ដុំថ្មអ្វីក៏ច្រើនម្ល៉េះ ប៉ះជើងស្ទើរស្លាប់ហើយ »
ថាហើយក៏យកដុំមាសមួយដុំមក គិតថា «អញយកដុំថ្មនេះទៅផ្ញើយាយអញ
ព្រោះថ្មនេះល្អ» ។ បុរសនោះ ដេញក្របីមកចូលក្រោល
រួចហើយក៏យកដុំមាសនោះទៅឲ្យជីដូនៗ បានឃើញដុំមាសហើយ សួរថា
«ចៅយកពីណាមក យកទៅវិញទៅយាយមិនហ៊ានយកទេ ដុំមាសធំម្ល៉េះ » ។
បុរសដឹងជាដុំមាសដូច្នោះហើយ ក៏យកទៅទុកក្នុងត្រពាំងវិញ
ចំណាំកន្លែងទុក រួចត្រឡប់មកវិញ ។
ថ្ងៃក្រោយមក ព្រះមហាក្សត្រ
ទ្រង់ល្បងចិត្តពួកសេនាបតី ទ្រង់មានព្រះបន្ទូលទៅនឹងអាមាត្យថា «
អ្នកឯងទៅប្រាប់សេនាបតីទាំង៤ ថា « ល្ងាចនេះ
ឲ្យដេកចាំព្រះបរមរាជវាំងនៅចុងព្រះរាជរោង» ។
អាមាត្យនាំយកព្រះបន្ទូលទៅជំរាបសេនាបតីទាំង ៤ តាមដំណើរ ។
សេនាបតីទាំងនោះ ក៏រៀបខ្លួនមកដេកតាមព្រះរាជឱង្ការពេលមកដេកនោះ
មិនគិតប្រុងប្រយ័ត្នសោះ គិតតែពីដេកទាល់ភ្លឺ ។ លុះយប់ជ្រៅស្ងាត់
ស្តេចទ្រង់យាងមកទតសេនាបតីទាំង ៤ នោះ ឃើញដេកទាំងអស់គ្នា
ក៏ទ្រង់យាងត្រឡប់ទៅក្រឡាព្រះបន្ទំវិញ ដល់ព្រឹកឡើង
ទ្រង់មានព្រះបន្ទូលឲ្យចាប់សេនាបតីទាំងនោះ យកទៅកាប់ចោលទៅ ។
លុះល្ងាចក្រោយទៀត ទ្រង់មានព្រះបន្ទូលឲ្យហៅមហាសេដ្ឋីទាំង ៤
ឲ្យមកដេកដូចមុនទៀត ។ មហាសេដ្ឋីដែលជាចៅហ្វាយបុរសកំសត់នោះ
ភ័យណាស់ ព្រោះមិនដឹងជាមានរឿងអ្វី
បានជាស្តេចឲ្យសម្លាប់សេនាបតីទាំង៤ មុននោះ ឥឡូវដល់មកខ្លួនទៀត
គិតថាមុខជាស្លាប់ហើយ កូនប្រពន្ធទាំងប៉ុន្មានយំសោកទាំងអស់គ្នា ។
លុះបន្តិចទៅ ឮទៅដល់បុរសកំសត់ៗ ក៏ឡើងមកសួរថា « ហេតុម្តេច
បានជាយំសោកយ៉ាងនេះ? » ។ មហាសេដ្ឋីប្រាប់ទៅតាមរឿង ។ បុរសថា «
បើដូច្នេះ ខ្ញុំសូមទៅដេកជំនួស » ។ មហាសេដ្ឋីឮដូច្នោះហើយ ក៏អរណាស់
ឲ្យរកសំពត់អាវល្អៗ យកមកឲ្យបុរសកំសត់នោះស្លៀកដោយគិតថា
មុខជាស្លាប់ហើយ ។ លុះបុរសរៀបខ្លួនស្រេច នឹងទៅដេកចាំវាំង
ជាមួយពួកមហាសេដ្ឋីឯទៀត តែពេលទៅ បុរសនោះយកទាំងដាវមួយទៅផង
ទៅដល់ហើយក៏ដេក ។
ពួកមហាសេដ្ឋីឯទៀត គេអង្គុយនិយាយគ្នាលេង
លុះដល់យប់ជ្រៅ ទើបនាំគ្នាដេកអស់ទៅ ។ បុរស់នោះ
ដឹងថាគេដេកស្ងាត់ ក៏ក្រោកឡើងអង្គុយម្នាក់ឯង ។ លុះយប់ជ្រៅស្ងាត់
ស្តេចទ្រង់ចេញមកដូចមុនទៀត មកដល់ចុងព្រះរាជរោង
បុរសនោះក្រឡេកឃើញទាញដាវបាន ដេញកាប់ធ្វើជាកាប់ផុតៗ
ស្តេចរត់រួចទៅ ។ ក្នុង ១យប់នោះ ស្តេចចេញមក ៣ ដង ។
បុរសដេញកាប់ទាំង ៣ ដងសេ្តចទ្រង់រត់ទៅវិញ ។ លុះព្រឹកឡើង
ស្តេចទ្រង់មានព្រះបន្ទូល ឲ្យចាប់សេដ្ឋីទាំង ៣ នាក់ ដែលដេកនោះ
យកទៅកាប់ចោល ហើយទ្រង់មានព្រះបន្ទូលឲ្យហៅបុរសកំសត់នោះទៅ
ទ្រង់មានព្រះបន្ទូលសួរបុរសកំសត់ថា «ឯងជាសេដ្ឋីឈ្មោះអ្វី?» ។
បុរសកំសត់ក្រាបទូលថា «ទូលព្រះបង្គំជាខ្ញុំ
ជាកូនមហាសេដ្ឋីឈ្មោះនោះ» ។ ស្តេចមានព្រះបន្ទូលឲ្យទៅហៅមហាសេដ្ឋី
ដែលជាចៅហ្វាយបុរសកំសត់នោះមកទ្រង់មានព្រះបន្ទូលសួរថា
«នេះជាកូនអ្នកមែនឬអ្វី? » ។
មហាសេដ្ឋីក្រាបទូលឆ្លើយទទួលថា «កូនមែន» ។
ស្តេចមានព្រះបន្ទូលថា «បើកូនមហាសេដ្ឋីឯង អញសុំធ្វើជាកូនអញ» ។
មហាសេដ្ឋីក៏ថ្វាយបុរសនោះទៅស្តេច ហើយក្រាបបង្គំលាទៅផ្ទះវិញ ។
ស្តេចមានព្រះរាជបុត្រីមួយព្រះអង្គ
ទ្រង់ក៏រៀបផ្សំផ្តុំនឹងបុរសកំសត់នោះ ជាប្តីប្រពន្ធទៅ
ហើយអភិសេកឲ្យឡើងសោយរាជ្យយូរទៅ ស្តេចបុរសនឹកឃើញទៅដល់មាស
ដែលនៅក្នុងត្រពាំង ក៏ត្រាស់បង្គាប់ទៅមហាសេដ្ឋីឪពុក
ឲ្យទៅដឹកមាសមកដាក់ឃ្លាំងទុក ។
មានមួយថ្ងៃ ស្តេចបុរសនោះ
ចង់ចេញទៅកាន់ចុងព្រះរាជរោង ឲ្យសេនាបតីគាល់ ក៏ទៅទូលស្តេចឪពុកៗ
ទ្រង់ហាមថា « ឯងជាតិជារាស្រ្ត បើចេញទៅត្រូវយកមហេសីទៅផង » ។
ស្តេចបុរសទ្រង់យាងចេញទៅកាន់ចុងព្រះរាជរោង ជាមួយអគ្គមហេសី
ពួកនាហ្មឺនទាំងពួងគាល់ត្រៀបត្រា ។ វេលានោះ ទេវតាអាក្រក់
ដែលរក្សាបុរសនោះអំពីដើម ត្រឡប់មកវិញក៏ជួបទេវតាល្អ ហើយនិយាយថា
«ឥឡូវនេះអ្នករក្សាមនុស្សនេះ តាំងពីនៅលំបាក
ទាល់តែបានធ្វើជាស្តេចថែមទៀត នោះឃើញថាអំណាចអ្នកពូកែមែន
បើបើដូច្នេះអ្នកចេញទៅ ឲ្យខ្ញុំរក្សាម្តង» ។ ទេវតាល្អ
ប្រគល់សេ្តចកំសត់ឲ្យទៅទេវតាអាក្រក់ហើយហោះ ទៅ ។ ពេលនោះ
មានភ្លៀងផ្គរ ទេវតាអាក្រក់ក៏បណ្តាលចិត្តស្តេចបុរសនោះមួយរំពេច
ស្តេចនោះមិនបានគិត លោមានព្រះបន្ទូលចំពោះពួកនាហ្មឺន
ដែលគាល់ត្រៀបត្រាថា អញឮផ្គរលាន់
ស្រណោះកាលនៅឃ្វាលក្របីពីដើមណាស់ » គ្រាន់តែប៉ុណ្ណោះ
មហេសីឮក៏ស្ទុះទៅរកព្រះបិតាហើយក្រាបទូលថា «ព្រះវរបិតា
មិនគួរឲ្យខ្ញុំម្ចាស់ទៅអាមនុស្សឃ្វាលក្របីនេះ
សោះខ្ញុំម្ចាស់លែងយកហើយ ព្រោះវានិយាយចំមុខនាហ្មឺន
ដែលគាល់ត្រៀបត្រាថា « ឮផ្គូរលាន់ ស្រណោះកាលនៅឃ្វាលក្របីពីដើម
ខ្ញុំម្ចាស់ខ្មាស់ពួកនាហ្មឺនសព្វមុខមន្រ្តីណាស់
ខ្ញុំម្ចាស់មិនយកជាប្តីទេ» ។
ស្តេចបិតាឮដូច្នោះ
ក៏ឲ្យចាប់ស្តេចនោះយកទៅដាក់គុកទៅ ។ ដាក់គុកបានពាក់កណ្តាលថ្ងៃ
ទេវតាល្អដែលរក្សាមុននោះត្រឡប់មកវិញ
ហើយនិយាយទៅនឹងទេវតាអាក្រក់ថា «អ្នកមានរឹទ្ធិណាស់
ចូលមករក្សាភ្លាម ស្តេចបុរសបានជាប់គុកភ្លាម
ដូច្នេះអ្នកអញ្ជើញទៅចុះ ទុកឲ្យខ្ញុំរក្សាវិញ»
រួចហើយទេវតាល្អក៏បណ្តាលចិត្តស្តេចបុរសៗនឹកឃើញភ្លាមថា «
អញមិនគួរភ្លាត់សំដីឲ្យទាល់តែជាប់គុកសោះ
ប៉ុន្តែគ្មានអ្នកណាដឹងថា
អញជាប់គុកនៅឡើយទេដូច្នេះអញបង្គាប់ទៅសេដ្ឋីឪពុកអញ
ឲ្យយកមាសដែលមកពីក្នុងត្រពាំងនោះ ដំធ្វើជារូបក្របី ១០០
ដាក់ជើងពានមាស ១០០ យកមកឲ្យអញក្នុងថ្ងៃស្អែកនេះពីព្រឹក»
គិតតែប៉ុណ្ណោះក៏ប្រើមេគុកឲ្យទៅប្រាប់សេដ្ឋីថា
«ស្តេចមានព្រះបន្ទូលថា ឲ្យយកមាសដំធ្វើរូបក្របី ១០០
ដាក់លើជើងពានមាស ១០០ ហើយយកទៅថ្វាយស្តេចដល់កន្លែងទ្រង់» ។
សេដ្ឋីឮហើយ ក៏ហៅជាងទាំងពួង
ឲ្យធ្វើក្នុងមួយយប់ឲ្យហើយលុះព្រឹកឡើង ឲ្យខ្ញុំស្រីសេដ្ឋី១០០
នាក់ ទូលយកទៅថ្វាយសេ្តចក្នុងព្រះរាជវាំង ។
ស្តេចបិតាក្មេកទតមកឃើញ ឲ្យអមាត្យរត់ទៅមើល ។
អាមាត្យមកក្រាបទូលវិញទ្រង់មានព្រះបន្ទូលឲ្យហៅអ្នកទូលក្របីនោះ
មក ហើយទ្រង់មានព្រះបន្ទូលថា «នាងឯងរាល់គ្នា
យកក្របីមាស់នេះទៅណា?» ។ ស្រីទាំងនោះថា «
ខ្ញុំម្ចាស់យកមកថ្វាយព្រះអង្គ» ។ ស្តេចទ្រង់ជ្រាប
ទ្រង់ឲ្យហៅព្រះរាជបុត្រីថាមហេសីស្តេចកំសត់ ឲ្យចេញមកមើល
ហើយមានព្រះបន្ទូលថា «កូនអើយ!
ដែលប្តីឯងវាថាស្រណោះកាលឃ្វាលក្របីនោះ មិនមែនក្របីសត្វទេ
គឺរូបក្របីមាសនេះឯង កូនមើលក្របីនេះចុះ ណ្ហើយកូនកុំខឹងនឹងប្តី
យកប្តីវិញទៅ »
មានព្រះបន្ទូលតែប៉ុណ្ណោះក៏ទ្រង់ឲ្យទៅដោះស្តេចបុរសកំសត់មក
ហើយទ្រង់អភិសេកនឹងនាងជាព្រះរាជបុត្រីឲ្យឡើងសោយរាជសម្បត្តិ
ជាសុខសម្បាយរៀងទៅ ព្រមទាំងយាយជីដូននៃបុរសនោះផង ។
0 comments:
Post a Comment