កាល ពីព្រេងនាយ មានជនពីរនាក់ប្ដីប្រពន្ធ, បុរសជាប្ដី
បានឃើញគេរៀនរបៀនពូកែ ចង់រៀនណាស់ យកប្រាក់៣០តម្លឹង
លាប្រពន្ធដើរទៅរករៀន ដើរពីស្រុកមួយដល់ខែត្រមួយឮគេថា
ទីត្រង់ណា មានអ្នកចេះរបៀនអាគមគាថាពូកែ ក៏ទៅរកត្រង់នោះ
ដល់ទៅជួបនឹងគ្រូណាពូកែ
គេសូត្រឲ្យស្ដាប់គេធ្វើឲ្យមើលដូចម្ដេចៗ ក៏ចេះតែមិនចូលចិត្ត,
លុះដើរឆ្ងាយទៅៗ ក៏បានជួបនឹងតាចាស់ម្នាក់ ។ តាចាស់សួរថា
<< អ្នកឯងទៅណា ដើរមកតែម្នាក់ឯង ស្វះស្វែងរកអ្វី ?
>> ។ បុរសនោះឆ្លើយថា << ឱ ! តាអើយ ! ខ្ញុំមកនេះ
ត្បិតឮគេថានៅទីនេះ
មានគ្រូចេះរបៀនពូកែបានជាខ្ញុំខំសង្វាតមក ក្រែងតាចេះដឹង
ប្រដៅចៅផង >> ។ តាចាស់ឆ្លើយថា តាមានរបៀនបីបទ តម្លៃ៣០
តម្លឹង បើចៅឯងកាន់ជាប់ ចៅឯងមិនច្បុតទេ គង់បានដូចចិត្ត
បើមានកិច្ច មានដំណើរអ្វីឲ្យសូត្ររបៀនតានេះចុះ ពូកែណាស់
>> ។ បុរសនោះថា << តាសូត្រឲ្យខ្ញុំស្ដាប់មើល !
បើខ្ញុំចូលចិត្ត ខ្ញុំយក >> តានោះសូត្រឲ្យស្ដាប់ថា
<< រពឹសដៃផ្ទៃឆ្អែត, ដេកយប់កុំនិយាយនឹងស្រី,
ឃ្លានកុំអាលស៊ី >> ។ បុរសនោះស្ដាប់បាន ចូលចិត្ត
ក៏ប្រគល់ប្រាក់៣០តម្លឹងឲ្យតានោះ ហើយទន្ទេញរបៀនទាំងបីបទនោះ
ចាំស្ទាត់រត់មាត់ ។ ឯតាចាស់ប្រាប់ថា <<
បើចៅកាន់របៀនទាំងបីបទនេះបាន តាឲ្យទទេ មិនយកតម្លៃទេ >>
។ ហើយតាចាស់ប្រគល់ប្រាក់ឲ្យបុរសនោះវិញ ។
បុរសនោះក៏លាតាចាស់នោះ វិលមកស្រុកវិញ ។
មាត់បុរសនោះចេះតែទន្ទេញរបៀនបីបទនោះ ចប់តែតាមផ្លូវមក
ពុំមានភ្លេច ។ លុះដើរឆ្ងាយបន្តិចមក ជួបនឹងសំពៅឈ្មួញមួយ ,
បុរសនោះ ក៏សុំសំពៅគេដោយសារមកស្រុក,
ដង្ខៅសំពៅក៏ព្រមឲ្យដោយសារ ។
បុរសនោះតាំងពីចុះមកនៅក្នុងសំពៅថ្ងៃណា
ក៏ចេះតែទន្ទេញរបៀនបីបទនោះ ហើយចេះតែជួយលាង ជួយថែទាំ
ជួយជួសជុលសំពៅដូចជារបស់ខ្លួន ។ នាយសំពៅនឹកក្នុងចិត្តថា <<
អ្នកនេះតាំងតែពីចុះដោយសារសំពៅអញកាលណាមក
គាត់ចេះតែធ្វើការដូចជារបស់គាត់ នឹកហើយ ក៏ស្រឡាញ់បុរសនោះ
ឲ្យរៀបបាយទឹកឲ្យស៊ីតែរាល់ថ្ងៃរៀងមក ។ ឯបុរសនោះពុំខ្ជិលសោះ
ចេះតែខំធ្វើការក្នុងសំពៅ ដូចជាកូនឈ្នួលឯទៀតៗ ។
នាយសំពៅនឹកតែក្នុងចិត្តថា <<
បើកាលណាបានដល់ស្រុកអញនឹងចែករបស់ទ្រព្យឲ្យចៅនេះរកស៊ីតទៅ
>> ។ លុះបើកសំពៅមកដល់កណ្ដាលស្រុកមួយ
បានឃើញវិហារមួយគេរៀបអណ្ដាប់ពោរពាស សុទ្ធតែចំណី ស្រា បាយ
ទុកឲ្យយក្សវាមកស៊ី ។
អ្នកសំពៅ កាលដល់វិហារនោះ ក៏ចតសំពៅ
ឡើងទៅលេងឃើញចំណីទាំងនោះ ពុំមានមនុស្ស
ក៏នាំគ្នាស៊ីផឹកស្រាស្រវឹងដេកនៅក្នុងវិហារនោះទាំងអស់គ្នា
ខានតែបុរសម្នាក់នោះ មាត់គាត់ចេះតែទន្ទេញថា <<
រពឹសដៃផ្ទៃឆ្អែត ដេកយប់កុំនិយាយនឹងស្រី ឃ្លានកុំអាលស៊ី
>> ដោយគិតថា << ចំណីអស់នេះមានហេតុអ្វីមួយហើយ
បានជាគេរៀបទុកនៅទីនេះ,
ឥឡូវអ្នកទាំងអស់នេះស៊ីគង់តែមានភ័យមិនខាន >>
គិតដូច្នោះហើយពុំហ៊ានស៊ី ឡើងទៅពួនលើធ្នឹមវិហារ
ដោយស្ងៀមស្ងាត់ចាំលបមើល ។
លុះដល់ថ្ងៃត្រង់ យក្សមកដល់ ហើយវាខឹងខ្លាំងណាស់ថា <<
នរណាហ៊ានមកស៊ីចំណីអស់នេះ >> ។ យក្សថាហើយ
ក៏ប្រើដំបងមកវាយមនុស្សដែលដេកនោះ ស្លាប់ទាំងអស់ទៅ ។
ឯដំបងក៏វិលមកខាងយក្សវិញ
ហើយយក្សកាច់កអស់មនុស្សទាំងនោះស៊ីអស់ទៅ
រួចក្រឡេកមើលក្រឡេមក្រឡឺម ។ បុរសឃើញយក្សភ័យណាស់
មាត់ចេះតែទន្ទេញរបៀនបីបទ ហើយគិតថា << បើអញស្រែក
ក្រែងយក្សឮវាឃើញអញ ហើយវានឹងស៊ីអញទៀត >>
គិតហើយក៏លោតចុះពីលើធ្នឹម ស្រែកវ៉ាសឡើង យក្សភ័យណាស់
រត់ចោលដំបងទៅបាត់ទៅ ។ បុរសនោះ បានដំបងវាយឯងហើយ
ក៏ដើរត្រឡប់មកស្រុក ចោលសំពៅនៅកំពង់វិហារនោះឯង ។
លុះដើរ មកដល់ផ្ទះ ក្នុងវេលាយប់ បុរសនោះ
យកដំបងទៅលាក់ក្រោមជណ្ដើរយកថ្មសង្កត់លើ ហើយឡើងទៅដេកលើផ្ទះ ។
ប្រពន្ធសួរ ប្រាប់ប្រពន្ធថា ចាំព្រឹកសឹមនិយាយប្រាប់ >> ។
ក្រោយពេលដែលប្ដីទៅ ប្រពន្ធនៅផ្ទះ វាមានសាហាយ,
វេលាយប់ដែលប្ដីមកដល់ផ្ទះ សាហាយវាសួរថា ដំណើរដូចម្ដេច
ក៏ចាំព្រឹកទើបនិយាយបាន ? ។ ប្រពន្ធចេះតែឱបអង្អែល ។
ទ្រាំពុំបានប្ដីក៏និយាយប្រាប់ថា :
អញនិយាយនឹងឯងនេះខុសគ្រូហើយ ត្បិតគ្រូផ្ដាំថា <<
ដេកយប់កុំនិយាយនឹងស្រី >>
ឥឡូវនេះអញនិយាយខុសបណ្ដាំគ្រូហើយ ។ ប្រពន្ធសួរថា <<
អ្នកទៅបានរបស់អ្វីមកខ្លះ >> ។ ប្ដីថា <<
បានតែរបៀនបីបទហើយត្រឡប់មកវិញ ដល់ពាក់កណ្ដាលផ្លូវ
បានដំបងវាយឯងទៀត >> ។ ប្រពន្ធសួរថា<<
ដំបងនោះទុកនៅឯណា ឥឡូវនេះ ? ខ្ញុំចង់ឃើញ >> ។ ប្ដីថា
<< អញទុកក្រោមជណ្ដើរ យកថ្មគ្រប >> ថាហើយក៏ដេកលក់ទៅ
។សាហាយ លបស្ដាប់ឮហើយ ក៏ទៅក្រោមជណ្ដើរ រើសយកដំបងនោះទៅបាត់ទៅ។
លុះព្រឹកព្រហាមស្រាងៗ ឡើងបុរសនោះ រឭកពីដេក
ចុះទៅរកដំបងពុំឃើញក៏ប្រាប់ប្រពន្ធថា << អញប្រាប់មិនជឿ
អញថា ខុសគ្រូហើយ ឯងចេះតែលួងអញ ទាល់តែអញប្រាប់ ឥឡូវនេះ
មនុស្សឮ វាលួចយកដំបងបាត់ហើយ >> ។
ប្រពន្ធឮហើយដឹងថាសាហាយលួច ក៏មិនស្ដី
ដណ្ដាំបាយឲ្យប្ដីស៊ីៗរួចហើយ
បុរសនោះក៏យកខ្សែមកចងថ្មដែលគ្របលើដំបងនោះ
នាំទៅប្ដឹងមេស្រុក ឲ្យជំនុំជម្រះរកចោរឲ្យ ។ មេស្រុក
ពុំដឹងបើជំនុំជម្រះដូចម្ដេច ពីព្រោះថ្មមិនចេះស្ដី គេជេរថា
<< អាកំព្រើល ! តាំងពីដូនតាមក នរណាដែលឃើញដំបងវាយឯង
>> គេគម្រាមហើយគេដេញចេញទៅ ។ បុរសនោះចេះតែអូសថ្មទៅប្ដឹង
តាំងតែពីមេស្រុក ដល់ទៅលោកយមរាជ អ្នករាជការគ្រប់ក្រសួង
គេចេះតែដេញចេញ គេថា មនុស្សឆ្កួត គេមិនឲ្យចូល ។
បុរសនោះអូសថ្មទៅថ្វាយស្ដេចៗទ្រង់សួរសព្វគ្រប់ហើយ
ទ្រង់មានព្រះបន្ទូលប្រាប់អស់នាម៉ឺនថា << មែនបានគេថា,
មានប្រឡាយបានទឹកវាហូរ, មានសម្រាមបានឆ្កែវាជុះ,
អស់នាម៉ឺនកុំថាវាឆ្កួតសេចក្ដីនេះមែនហើយបានជាវាហ៊ានថា
ស្ដេចមានបន្ទូលប្រាប់បុរសថា << ណ្ហើយ វិលទៅផ្ទះចុះ
កាលណាអញប្រើឲ្យគេទៅហៅសឹមមក >> ។ បុរសនោះទទួលថា <<
ព្រះករុណាថ្លៃវិសេស >> ហើយក្រាបថ្វាយបង្គំលាទៅវិញ ។
ក្រោយ ពេលបុរសនោះទៅ ស្ដេចទ្រង់ព្រះរាជបញ្ជា
ឲ្យប្រាប់បណ្ដារាស្រ្តថា
ត្បិតស្ដេចឲ្យអស់ព្រះស្នំចេញរាំបីថ្ងៃបីយប់
ឲ្យបណ្ដារាស្រ្តមើលតាមចិត្តពុំមានឃាត់ឃាំងឡើយ >>
ហើយទ្រង់ឲ្យរៀបលេងល្ខោន ។
កាលនោះអស់រាស្រ្តសឹងតែចូលទៅមើលគ្រប់គ្នា ។
ស្ដេចទ្រង់យាងចូលទៅ ក្នុងព្រះរាជដំណាក់
ជ្រើសរើសប្រេងក្រអូបយ៉ាងឯកមួយដបដែលសម្រាប់តែស្ដេច
អស់រាស្រ្តនិងនាម៉ឺន ពុំដែលមាន ទ្រង់ប្រើអាមាត្យម្នាក់
យកទៅឲ្យបុរសនោះ ហើយប្រាប់ថា <<
ស្ដេចទ្រង់ព្រះរាជទានឲ្យអ្នកឯង និងប្រពន្ធអ្នកឯងលាប ,
ប៉ុន្តែឲ្យអ្នកឯងនៅផ្ទះ
កុំទៅមើលល្ខោនឲ្យតែប្រពន្ធទៅមើលបានហើយ>> ។
អាមាត្យអ្នកយកទៅឲ្យប្រាប់សព្វគ្រប់ហើយ
វិលទៅក្រាបបង្គំទូលស្ដេចវិញ។ បុរសនោះបានប្រេង
ក៏ហៅប្រពន្ធមកហុចប្រេងទៅឲ្យប្រាប់ថា <<
ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ព្រះរាជទានប្រេងនេះមក
ព្រោះទ្រង់អាណិតស្រឡាញ់យើង ឲ្យយើងលាបទៅមើលល្ខោននឹងគេ ,
តែឥឡូវនេះអញឈឺក្បាល ឯងយកទៅលាប ហើយទៅមើលល្ខោននឹងគេចុះ ។
ឯប្រពន្ធឮប្ដីបើកឲ្យទៅ
ហើយឲ្យទាំងប្រេងទៅលាបផងដូច្នោះអរពន់ពេក
ដោយពុំបានដឹងកលជាគេចាប់ ក៏យកប្រេងទៅឲ្យសាហាយលាបផង
ហើយបណ្ដើរគ្នាទៅមើលល្ខោនឈរទន្ទឹមគ្នា
លុះបន្តិចទៅស្ដេចទ្រង់ធុំក្រអូបប្រេងនោះ
ទ្រង់ខ្សឹបប្រាប់នាម៉ឺនម្នាក់ <<
ចូរអ្នកទៅហិតក្លិនអស់បណ្ដារាស្រ្ត ដែលមើលល្ខោនទាំងប៉ុន្មាន
បើធុំក្លិនប្រេងក្រអូបយ៉ាងនោះ ប៉ុន្មាននាក់
ចូរអ្នកនាំយកមកឲ្យអញជាឆាប់ >>។
នាម៉ឺននោះ ក្រាបថ្វាយបង្គំហើយ ទៅហិតមនុស្សឯទៀត មិនធុំសោះ
ធុំតែប្រុសម្នាក់ ស្រីម្នាក់ ដែលឈរទន្ទឹមគ្នា
លាបប្រេងក្រអូបទាំងពីរនាក់នោះ ក៏នាំទាំងប្រុសទាំងស្រី
យកទៅថ្វាយស្ដេចៗឲ្យលែងរាំទៅ
ហើយទ្រង់ឲ្យហៅទាំងប្រុសទាំងស្រី មកដល់ហើយទ្រង់សួរថា <<
នេះជាប្រពន្ធចៅឯងមែនឬ ? បុរសនោះក្រាបទូលថា
<<មែន>>។ទ្រង់មានព្រះបន្ទូលសួរ ទៅប្រុសសាហាយនោះថា
ឯងបានទៅលួចដំបងចៅនេះមែនឬ? ។ សាហាយនោះក្រាបបង្គំទូលថា <<
លួចមែន >> ។ ទ្រង់ឲ្យទៅយកដំបងនោះមក
ឲ្យយកសាហាយទាំងប្រុសស្រីនោះ ទៅដាក់ច្រវាក់ធ្វើទោស ។
បុរសជាម្ចាស់ដំបងក្រាបថ្វាយបង្គំសូមទោស
ហើយក៏ប្រគល់ទាំងផ្ទះសម្បែង ទាំងប្រពន្ធឲ្យទៅសាហាយនោះ
ទាំងអស់ដោយពុំមានខឹងអ្វីឡើយ ។
ប្រុសសាហាយនោះអរណាស់សំពះសូមទោសរួចវិលទៅវិញ ។
ឯបុរសម្ចាស់ ដំបង ថ្វាយដំបងទៅស្ដេច
ហើយក្រាបលាទៅទៀតស្ដេចឃាត់ក៏ពុំព្រម ទ្រង់មានព្រះបន្ទូលថា
<< ដំបងវាយឯងនេះថ្លៃណាស់
ទ្រង់ព្រះរាជានុញ្ញាតឲ្យបើកឃ្លាំងមាស –
ប្រាក់ឲ្យបុរសនោះយកតាមចិត្ត ។
បុរសនោះរើសអស់ទាំងឃ្លាំងមាសប្រាក់អម្បាលនោះទៅ
ឃើញកាំបិតបន្ទោះមួយចាស់នៅក្រោមឃ្លាំង
ក៏យកកាំបិតនោះនិងប្រាក់បន្តិចបន្តួចគ្រាន់ចាយតាមផ្លូវ
ហើយចូលទៅក្រាបថ្វាយបង្គំលាស្ដេច ដើរចេញទៅទៀត ។
ស្ដេចពុំមានព្រះបន្ទូលអ្វីទេ , តែអស់នាហ្មឺន
គេត្មះតិះដៀលបុរសនោះ ថាជាមនុស្សឆោត
ប្រាក់មាសមិនយកទៅយកឯកាំបិតច្រែះស៊ី ។
បុរសនោះ ក៏ដើរចេញអំពីនគរនោះ បានទៅដល់នគរមួយដទៃទៀត ។
ជួនជាថ្ងៃនោះ
ស្ដេចនគរនោះទ្រង់មានព្រះបន្ទូលបង្គាប់សេដ្ឋីម្នាក់ថា <<
ព្រឹកស្អែក ទ្រង់នឹងទៅក្រសាលព្រៃ
ឲ្យមហាសេដ្ឋីធ្វើរទេះមួយយ៉ាងល្អល្អះ
ឲ្យឆ្លាក់ក្បាច់លាបលនឲ្យហើយ ឲ្យទាន់ក្នុងពេលព្រឹកស្អែកនេះ
បើធ្វើពុំទាន់ នឹងយកទោសដល់ជីវិត ។
រីឯមហាសេដ្ឋីនោះធ្វើពុំទាន់ ហើយពុំធ្វើរទេះ
បែរជាធ្វើមឈូសទៅវិញ ។
ថ្ងៃនោះ ជួនជាបុរសនោះ ដើរទៅឃើញសេដ្ឋីនោះ
កំពុងតែធ្វើបុណ្យក៏សួរថា << ចុះលោកមានការអ្វី
បានជាធ្វើបុណ្យមានក្ដារមឈូសផងដូច្នោះ ? >> ។ គេប្រាប់ថា
<<ស្ដេចឲ្យធ្វើរទេះមួយ លាបលនយ៉ាងល្អ ឲ្យទាន់ព្រឹកនេះ
ស្ដេចក្រសាលព្រៃ
បើធ្វើពុំទាន់ស្ដេចនឹងយកទោសដល់ជីវិត,ឥឡូវនេះមហាសេដ្ឋីធ្វើពុំ
ទាន់ដឹងខ្លួនថាស្លាប់ បានជាធ្វើមឈូសធ្វើបុណ្យវិញ>>។
បុរស នោះឆ្លើយថា << ក្រអីប៉ុណ្ណឹង
ឲ្យតែបាយខ្ញុំស៊ីខ្ញុំនឹងធ្វើឲ្យៗ ទាន់ព្រឹកនេះ>>
មហាសេដ្ឋីបានឮដូច្នោះអរណាស់
ហើយក៏ឲ្យរៀបបាយទឹកស៊ីឆ្អែតរួចប្រគល់ឈើឲ្យធ្វើរទេះ ។
បុរសនោះក៏ធ្វើតែនឹងកាំបិត១ដែលយកពីក្រោមបាតឃ្លាំងមកនោះ
បានរួចស្រេចក្នុងយប់នោះ ហើយលាបលនយ៉ាងល្អ
ព្រឹកឡើងក៏អូសរទេះទៅថ្វាយស្ដេចៗទ្រង់ទតឃើញទ្រង់ឲ្យរៀប
ប្រដាប់ប្រដាទៅក្រសាលព្រៃ ។ ឯមហាសេដ្ឋីលុះរួចពីស្លាប់ហើយ
ក៏នឹកក្នុងចិត្តថា << អ្នកនេះមានគុណធ្ងន់ណាស់
ឥឡូវនេះនឹងរកអ្វីសងឲ្យស្មើគ្មាន មានតែកូនក្រមុំ១
ល្មមឲ្យមានប្ដី ដូច្នោះមានតែអញការឲ្យអ្នកនោះ <<
គិតហើយក៏ហៅមកការឲ្យទៅ ។ លុះការរួចហើយក្នុងយប់នោះ
ពេលផ្សំដំណេក បុរសនោះ គិតល្បងចិត្តប្រពន្ធ
ហើយធ្វើជាផឹកស្រាស្រវឹងដេកទៅ
លុះយប់យូរបន្តិចក៏ធ្វើជាក្អួតប្រឡាក់ប្រពន្ធអស់ ។
កូនសេដ្ឋីឃើញកំអួតប្ដីប្រឡាក់ខ្លួនដូច្នោះ
ក៏ស្រែកឡើងក្នុងយប់នោះថា<<
លោកឪពុករកប្ដីឲ្យខ្ញុំជាមនុស្សប្រមឹក
ក្អួតប្រឡាក់ខ្ញុំអស់ហើយ ខ្ញុំទ្រាំមិនបានទេ>>។
មហាសេដ្ឋីឮកូនស្រែកដូច្នោះក៏ឃាត់ថា << កូនដេកទៅ កុំនិយាយ
ត្បិតប្ដីកំពុងស្រវឹង ហើយគេមានគុណផង >> ឃាត់ដូចម្ដេច
ក៏កូនស្រីមិនស្ដាប់ហើយវាចេះតែរអ៊ូថា
<<បើឲ្យទៅឆ្កែឆ្មាទ្រាំបានឯមនុស្សប្រមឹកខ្ញុំទ្រាំមិន
បានទេ>>។
លុះព្រឹកឡើង បុរសនោះរលឹកពីដេក
ក៏ចូលទៅរកសេដ្ឋីប្រគល់កូនឲ្យវិញ ប្រាប់ថា <<
មិនព្រមយកទេ >> ហើយថា មិនបានពាល់ដៃជើងឡើយ ។
មហាសេដ្ឋីឃាត់សុំទោសឲ្យកូនយ៉ាងណា ក៏បុរសនោះពុំព្រមនៅ
ពុំព្រមយក ហើយលាមហាសេដ្ឋីយកតែកាំបិតដើរទៅទៀត ។
លុះស្ដេចយាងមកពីព្រៃ
ទ្រង់ឲ្យទៅរកជាងដែលធ្វើរទេះនោះពុំឃើញទ្រង់ស្ដាយណាស់
ទ្រង់ឲ្យអស់នាហ្មឺនចាត់សំបុត្ររកគ្រប់ខេត្ត
ក៏ពុំឃើញហើយទ្រង់ស្ងៀមទៅ។
បុរសនោះ លាសេដ្ឋីដើរទៅឆ្ងាយ ក៏បានទៅដល់នគរមួយដទៃទៀត ។
ស្ដេចនគរនោះ ទ្រង់ឲ្យនាហ្មឺនម្នាក់ៗទៅដេកវេន
ចាំយាមនៅចុងព្រះរាជរោងរាល់យប់ ។ ស្ដេចទ្រង់ចេញកាប់តែរាល់យប់
ចាប់តាំងពីថ្ងៃដែលទ្រង់បង្គាប់មកនោះស្លាប់អស់ជាច្រើន។
នៅថ្ងៃដែលបុរសនោះ ទៅដល់ជួនត្រូវលើវេនចៅហ៊្វា
ទៅដេកថ្វាយស្ដេចកាប់ ចៅហ៊្វានោះក៏ធ្វើបុណ្យទានក្នុងថ្ងៃនោះ ។
បុរសនោះទៅដល់សួរគេថា <<
លោកមានការអ្វីបានជាធ្វើបុណ្យទាន
ហើយហេតុដូចម្ដេចក៏បានជាកូនប្រពន្ធលោកយំរាល់គ្នា
ដូច្នេះ>>។ គេប្រាប់ថាលោក លោកត្រូវទៅដេកវេន
ថ្វាយស្ដេចកាប់ក្នុងពេលល្ងាចនេះ បានជាលោកធ្វើបុណ្យមុនស្លាប់
>> ។ បុរសនោះថា<< ឲ្យតែបាយខ្ញុំស៊ីចុះ
ខ្ញុំទៅដេកថ្វាយស្ដេចកាប់ជួស>>។គេឮដូច្នោះ
ក៏ទៅជម្រាបចៅហ៊្វាឲ្យហៅបុរសនោះទៅ ហើយឲ្យរៀបបាយទឹកឲ្យស៊ី ។
រួចហើយសួរថា << បើអ្នកទៅដេកវេនថ្វាយស្ដេចជួសខ្ញុំ
ខ្ញុំនឹងធ្វើបុណ្យឲ្យអ្នក>>។
បុរសនោះក៏ទទួលទៅដេកជួសហើយសុំគ្រឿងប្រដាប់ដែលចៅហ្វានោះពាក់
យកមកពាក់ រួចហើយ
ក៏លីកាំបិតបន្ទោះចូលទៅដេកនៅចុងព្រះរាជរោងចាំស្ដេចចេញកាប់ ។
លុះទៅដល់ចុងព្រះរាជរោង បុរសនោះពុំដេកឡើយចាំមើលស្ដេច,
ពេលយប់ជ្រៅស្ងាត់ ស្ដេចទ្រង់បើកទ្វារចេញមកទ្រង់កាន់ព្រះខ័ន
យាងចូលមកនិងកាប់បុរសនោះ ឃើញស្ដេចយាងចូលមកជិត
ក៏ស្ទុះចូលទៅចាប់ស្ដេចនោះជាប់
ហើយក៏ចាក់នឹងកាំបិតបន្ទោះបង្ខុសពីរបីដង ។ ហើយសួរថា <<
នរណាចូលមកទាំងយប់នោះ ? ស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះ ?
ស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះ>>ថាហើយ
ក៏ចាក់បង្ខុសទៀត ។ ស្ដេចទ្រង់មានព្រះបន្ទូលថា <<
ទេអញទេ>>។ <<នរណាអញទេៗ!។<<អញជាស្ដេច>> ។
<< ស្ដេចអីមកពេលនេះ, អញមិនដឹងទេ !
ត្បិតស្ដេចទ្រង់ឲ្យអញចាំរាជរោងយប់នេះ>>។
សួរដេញដោលដូច្នោះហើយ បុរសក៏លុតជង្គង់ថ្វាយបង្គំស្ដេចសូមទោស ។
ស្ដេចត្រាស់សួរថា<<ចៅនៅឯណា!។ បុរសនោះថា <<
ខ្ញុំនៅផ្ទះចៅហ៊្វា >> ។ ស្ដេចទ្រង់ជ្រាប
ទ្រង់ញញឹមហើយទ្រង់ចូលទៅវិញ។
លុះព្រឹកឡើង បុរសនោះ លីកាំបិតចេញពីក្នុងវាំងមកផ្ទះចៅហ៊្វា ។
អ្នកផងឃើញហើយឆ្ងល់ថា<<បុរសនោះទៅដេកវេនថ្វាយស្ដេចកាប់
ម្ដេចក៏មិនស្លាប់ត្រឡប់ជាមកវិញ >> ។ ចៅហ៊្វាសួរ
បុរសនោះក៏ជម្រាបតាមដំណើរ
សព្វគ្រប់ហើយជម្រាបថែមថា<<ស្ដេចសព្វថ្ងៃនេះមិនមែនជាកាចទេ
ត្បិតទ្រង់ពិសោធរកមនុស្សប្រាជ្ញចេះដឹងក្នុងនគរ
ដើម្បីរក្សាស្ដេចបានជាទ្រង់ចាត់មនុស្សឲ្យយាម
តែអ្នកដែលទៅយាមចេះតែដេកលក់ ទើបស្ដេចទ្រង់កាប់
ចុះបើសត្រូវចូលទៅលុកលុយស្ដេចហើយ យើងដេកលក់នោះ
តើនឹងជាយ៉ាងណាទៅ?>> ។ បុរសនោះនិយាយរឿងប្រាប់សព្វគ្រប់
ទើបភ្ញាក់ខ្លួនគ្រប់គ្នា។
ចៅហ៊្វានោះ មានកូនក្រមុំមួយក៏ឲ្យជាប្រពន្ធបុរសនោះ ដោយគិតថា បុរសនេះមានគុណធ្ងន់ណាស់។
លុះព្រឹកឡើង ស្ដេចទ្រង់ឲ្យហៅបុរសនោះមក ទ្រង់ឲ្យធ្វើជានាហ្មឺនធំរក្សាព្រះនគរ បន្ទាប់ពីព្រះអង្គ។
វេលាស្ដេចទ្រង់ព្រះជរាទៅ
ទ្រង់ពុំមានព្រះរាជបុត្រនឹងសោយរាជ្យស្នង
មានតែព្រះរាជធីតាមួយអង្គ ក៏ទ្រង់ព្រះរាជទានព្រះរាជធីតា
និងរាជសម្បត្តិឲ្យបុរសនោះសោយរាជ្យជាស្ដេចតទៅ។
ពាក្យពិត មិនចេះស្លាប់
Featured Post
រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ
អាមេរិក៖ នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...
0 comments:
Post a Comment