ត្រដក់ធំជិតផុតពូជនៅលើសកលលោកញាស់១៧៥សម្បុក ក្នុងខេត្ដបាត់ដំបង

យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ AKP ចុះផ្សាយនៅថ្ងៃទី​ ២៧ ខែកក្កដា ឆ្នាំ២០១៧ ឲ្យដឹងថា កូនសត្វត្រដក់ធំដែលជាប្រភេទរងគ្រោះជិតផុត ពូជនៅលើសកលលោក បាន ញាស់ ដោយជោគជ័យចេញពីសម្បុកចំនួន១៧៥ ស្ថិតនៅក្នុងតំបន់រ៉ាមសារ ព្រែកទាល់ ស្រុកឯកភ្នំខេត្ដបាត់ដំបង និងបានចាកចេញពីសម្បុកទៅកាន់ទីជម្រកធម្មជាតិនានា នៅក្នុងប្រទេសកម្ពុជា។
នេះបើតាមការចេញផ្សាយរបស់ អង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ថា (WCS) នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។
លោក ឈម ឈួម អ្នកការពារសម្បុកសត្វត្រដក់ធំ នៅតំបន់ រ៉ាមសារ ព្រែកទាល់ បានសម្ដែងការរីករាយ ក្នុងការជួយអភិរក្សសត្វស្លាបដ៏កម្រនេះ ពិសេសសត្វត្រដក់ធំ និង សត្វស្លាបគ្រប់ប្រភេទធ្វើការពងកូន នៅទីនោះប្រកបដោយសុវត្ថិភាព។
លោកបាន បន្ថែមថា បច្ចុប្បន្ននេះ ប្រជាសហគមន៍នៅក្នុងតំបន់នេះ មានការយល់ដឹងអំពីតម្លៃនៃការ អភិរក្សសត្វស្លាបទឹក ពិសេសសត្វស្លាបទឹកទាំងអស់នោះ បានផ្ដល់នូវប្រាក់ចំណូលតាម រយៈគម្រោងទេសចរណ៍ធម្មជាតិ។
លោក ស៊ុន វិសាល ប្រធានផ្នែកកម្មវិធីពិនិត្យអង្កេតតាមដាន និងសិក្សាស្រាវជ្រាវ សត្វស្លាបទឹកនៃក្រសួង បរិស្ថានបានលើកឡើងថា តំបន់ព្រែកទាល់គឺជាទីជម្រក សត្វស្លាបទឹករស់នៅ ដែលមានប្រមាណ ជាង១៣០ប្រភេទ និងកំពុងមានវត្ដមានពងកូន។ លោកបានសំណូមពរដល់ប្រជាពលរដ្ឋ សហគមន៍ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្ដកិច្ចសហប្រតិបត្ដិការ និងគាំទ្រសកម្មភាពអភិរក្សនៅតំបន់ព្រែកទាល់ ដើម្បីការពារសត្វ ស្លាបទឹកសំខាន់ៗ និងទីជម្រកធម្មជាតិរបស់សត្វស្លាបកុំឱ្យបាត់បង់។
អង្គការសមាគមអភិរក្សសត្វព្រៃ WCS បានឱ្យដឹងថា សម្បុកត្រដក់ធំទាំងអស់នោះ ទទួលបានការការពារ យ៉ាងល្អសម្រាប់រយៈពេល៦ខែកន្លងទៅនេះ ពីសំណាក់ក្រុមមន្ត្រី ឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន ប្រជាជនរស់នៅភូមិព្រែកទាល់ និងអង្គការ សមាគម អភិរក្សសត្វព្រៃ WCS ។
ត្រដក់ធំ គឺជាប្រភេទត្រដក់មានមាឌធំជាងគេ បង្អស់ និងមាន កម្ពស់ រហូតដល់១,៥ម៉ែត្រ។ ពួកវាស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទ រងគ្រោះជិត ផុតពូជនៅលើសកលលោក។
សូមបញ្ជាក់ថា សព្វថ្ងៃនេះ សត្វត្រដក់ធំពេញវ័យចំនួន៨០០ទៅ១០០០ ក្បាលប៉ុណ្ណោះ កំពុងរស់នៅលើ ពិភពលោក។ ក្នុងនោះ សត្វត្រដក់ធំចំនួន១៥០ទៅ២០០គូ រស់នៅក្នុងតំបន់រ៉ាមសារ ព្រែក ទាល់ដែលជាបន្ទាយពងកូនចុងក្រោយ គេបង្អស់សម្រាប់តំបន់អាស៊ីអាគ្នេយ៍៕
ប្រភព៖ dailyreport
Share:

0 comments:

Post a Comment

Featured Post

រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ

អាមេរិក៖  នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...

BTemplates.com

Powered by Blogger.

Blog Archive

Pages

Total Pageviews

Find Us On Facebook

Translate

Followers

Popular