Hom »
» រឿង ព្រេងកំពង់ខ្សាច់ស
រឿង ព្រេងកំពង់ខ្សាច់ស
រឿង ព្រេងកំពង់ខ្សាច់ស (នៅខេត្តព្រៃវែង)
ប្រជុំរឿងព្រេងខ្មែរ ភាគ ៦ ទំព័រ ១៣៥ - ១៣៨
នៅក្នុងឃុំរាក់ជ័យ ស្រុកបាភ្នំ ខែត្រព្រៃវែង
មានភូមិមួយដែលនៅខាងលិចគោកសណ្ដែក ចម្ងាយប្រមាណ ៣ គ.ម.
គេហៅភូមិនេះថា "កំពង់ខ្សាច់ស" ។ កាលពីដើម កំពង់ខ្សាច់ស
ជាទីប្រជុំជននៃសាលាស្រុកបាភ្នំ ។ ដោយទឹកជនលិចជាញឹកញយពេក
រាជការក៏រើសាលាស្រុកអំពីកំពង់ខ្សាច់ស
ទៅដាក់នៅសង្កាត់ឈើកាច់វិញ ។ កំពង់ខ្សាច់ស
ស្ថិតនៅជាប់នឹងមាត់បឹងដ៏ធំមួយ ដែលមានទឹកខួបប្រាំងខួបវស្សា
ព្រមទាំងសម្បូណ៌ដោយមច្ឆជាតិផង ។ នៅខែវស្សា បឹងខ្សាច់ស
មានទឹកល្ហល្ហាចប្រៀបបាននឹងបឹងទន្លេសាប នារដូវប្រាំង, ប៉ុន្តែ
នៅរដូវប្រាំង បឹងនេះ រួមមកនៅតូចវិញ ។
មុនឆ្នាំ ១៩៥០, កំពុងខ្សាច់ស ជាផ្សារមួយយ៉ាងធំមធ្យម
ប្រកបសោយសេចក្ដីសុខសប្បាយរុងរឿង ប៉ុន្តែដោយស្រុកមានអសន្តិសុខ
ក្នុងសម័យនោះ អ្នកផ្សារ ក៏នាំគ្នារត់ឡើងទៅនៅឯគោកសណ្ដែកខ្លះ
ទៅនៅពាមរក៍ខ្លះអស់ទៅ ។ សព្វថ្ងៃ កំពង់ខ្សាច់ស
ក្លាយទៅជាភូមិអ្នកស្រុកធម្មតា ។
បានជាហៅថា "កំពង់ខ្សាច់ស" ដោយមានរឿងព្រេងដែលចាស់ៗ និទានតៗ
មកថា ៖
ក្នុងអតីតកាលយូរអង្វែងណាស់មកហើយ ឮថា មានក្រពើឈ្មោល ១
នៅឯភ្នំជើងមីដែងក្នុងស្រុកកូសាំងស៊ីន
មានមហិទ្ធិឫទ្ធិខ្លាំងពូកែណាស់ អាចកាឡាខ្លួនជាមនុស្សក៏បាន
ជាលោកសង្ឃក៏បាន ។ ថ្ងៃមួយ ក្រពើនេះ
បានកាត់មករកប្រខាំគ្នានឹងក្រពើមួយទៀតនៅទន្លេហោះហៀវ
ក្នុងសង្កាត់កំពង់ភ្នំ ស្រុកលើកដែក (កណ្ដាល) ។ លុះមកដល់ពាម (បាណាម)
ដែលមានទន្លេបែកជាបី ក្រពើនោះរក៍ 2 ទន្លេហោះហៀវមិនឃើញ ។
ត្រង់នេះ គេសន្មតហៅថា "ពាមរក៍" រហូតមកដល់សព្វថ្ងៃ ។
ពេលនោះក្រពើ ក៏បានឃើញទូកតានឹងយាយពីរនាក់
ដែលកំពុងអុំធ្វើដំណើរទៅកំពង់ភ្នំ
ក្រពើក៏កាឡាខ្លួនជាភេទលោកនេន សុំដោយសារទូកតានិងយាយនោះទៅ ។
ក្នុងពេលដែលតានិងយាយកំពុងអុំទូក លោកនេន ក៏សួរតាថា :
ត្រង់ណាគេហៅថាទន្លេហោះហៀវតា ? តាឆ្លើយថា បន្តិចទៀតដល់ហើយ ។
អើបើដល់ហើយ សូមតាប្រាប់អាត្មាផង ។ មិនអីទេ
ចាំខ្ញុំករុណាទូលពុទ្ធដីកា ។
លុះតា និងយាយ អុំទូកដល់ទន្លេហោះហៀវ ក៏ប្រាប់ថា :
ត្រង់នេះហើយហៅថា "ទន្លេហោះហៀវលោកចៅ !” ។
កាលដែលបានដឹងថាទន្លេហោះហៀវហើយ
លោកនេននោះក៏កាឡាខ្លួនជាក្រពើភ្លាម
លោតចុះទៅក្នុងទឹកភ្លុងបានជួបនឹងក្រពើហោះហៀវនោះ
ក៏ចាប់ប្រខាំគ្នាយ៉ាងសម្បើមអស្ចារ្យ, ដល់ទីបំផុត
ក្រពើនៅភ្នំជើងមីដែង ត្រូវក្រពើទន្លេហោះហៀវខាំដាច់កន្ទុយ និង
ខាំត្រូវកន្លែងឯទៀតជាដំណំ ។ ក្រពើត្រូវរបួស
ក៏ហែលគេចមកលាក់ខ្លួនពួនអាត្មាក្នុងបឹងមួយ នៅខាងកើតពាមរក៍ ។
លុះដល់មនុស្សគេទៅឃើញក្រពើកំបុតកន្ទុយនៅក្នុងបឹងនោះ
ក៏នាំគ្នាសន្មតនាមបឹងនោះហៅថា "បឹងក្រពើកំបុតៗ"
រហូតដល់សព្វថ្ងៃ ។ លុះភៀសខ្លួនរួចពីអាសន្នធំហើយ
ក្រពើនោះក៏វារលូនទៅទៀត
ប្រាថ្នានឹងវិលទៅលំនៅខ្លួនឯភ្នំជើងមីដែងវិញ
ដើម្បីនឹងឲ្យបានជួបប្រពន្ធកូន ប៉ុន្តែជាអកុសល
លូនមកដល់ខាងកើតបឹងនោះ ដែលសព្វថ្ងៃគេហៅថា "ខ្សាច់ស"
ក៏ដាច់ខ្យល់ស្លាប់ទៅ ។ អ្នកស្រុកនាំគ្នាអារយកសាច់
ហើយចម្រាញ់យកខ្លាញ់ ។ ដោយហេតុតែក្រពើនោះ មានឫទ្ធិអំណាច
អ្នកស្រុកមិនហ៊ានអាស្រ័យក៏យកទៅចាក់ចោលនៅវាលខ្សាច់ ។
សាច់ក្រពើនោះស ក៏គេសន្មតហៅទីនោះថា "ខ្សាច់ស" ។
ខ្លាញ់ក្រពើដែលចម្រាញ់បាននោះ គេយកទៅចាក់ចោលក្នុងបឹង ១ ធំ
ក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ហើយគេសន្មតហៅបឹងនោះថា
"បឹងចាក់ខ្លាញ់" ទាំងភូមិ និងវត្តនៅក្បែរមាត់បឹងនោះ ក៏ហៅថា
"ភូមិចាក់ខ្លាញ់ វត្តចាក់ខ្លាញ់ដែរ" រហូតដល់សព្វថ្ងៃនេះ ។
ចំណែកក្រពើញី, កាលបើបាត់ប្ដីយូរពេក មិនឃើញត្រឡប់ទៅវិញ
ក៏លាកូនមកតាមប្ដី ។ លុះមកដល់កណ្ដាលផ្លូវ
បានដឹងថាប្ដីស្លាប់ទៅហើយ ក៏ទ្រោមពួនស្លាប់ខ្លួននៅទីនោះទៅ,
ខ្មោចក្រពើនោះឯង ក៏ក្លាយទៅជាថ្មដោយអំណាចឫទ្ធិ ។ កន្លែងនោះ
អ្នកស្រុកសន្មតហៅថា ថ្មក្រពើទ្រោម រហូតដល់សព្វថ្ងៃ ។
ឯកូនក្រពើទៀតសោត កាលបើបាត់មេបាយូរពេក មិនឃើញត្រឡប់ទៅវិញ
ក៏តាមមកទៀត, មកដល់ពាក់កណ្ដាលផ្លូវក៏បានដឹងថា : មេ
និងបាខ្លួនស្លាប់អស់ហើយ ក៏ក្រាំងខ្លួនស្លាប់នៅទីនោះទៀតទៅ,
ទីក្រាំងខ្លួននោះ ក៏ក្លាយទៅជាថ្មអំណាចឫទ្ធិដែរ ។ ត្រង់នោះ
អ្នកស្រុកហៅថាភូមិថ្មក្រាំង ហៅក្លាយមកទៀតថា
ភូមិថ្មទ្រាំងនៅតែសព្វថ្ងៃនេះ ។ ចម្ងាយពីថ្មក្រពើទ្រោម
ទៅភូមិថ្មទ្រាំងប្រមាណ ១ គ.ម.
នៅខាងកើតឆៀងអាគ្នេយ៍ផ្សារគោកសណ្ដែក ក្នុងសង្កាត់រាក់ជ័យ
ស្រុកបាភ្នំ ខែត្រព្រៃវែង ។
Featured Post
រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ
អាមេរិក៖ នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...
0 comments:
Post a Comment