កាលពីព្រេងនាយ នៅលើដីយើងនេះ គ្រប់ស្រុកទាំងអស់មិនមានពស់ពិស និងពស់ឥតមានពិសទេ មានតែពស់កេងកង ។
មាននិទានថា : កាលដើមឡើយ មានមនុស្ស ២ នាក់ប្ដីប្រពន្ធ,
ប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយឈ្មោះនាងអេត ។
ប្ដីនោះទៅជួញអង្កាំ បាត់ជាយូរអង្វែង ។ ថ្ងៃមួយអស់បងប្អូនជិតខាង
គេបបួលគ្នាទៅរកឧស ។
ឯនាងនីឮគេថាបបួលគ្នាក៏ទៅជាមួយនឹងគេដែរ
យកនាងអេតជាកូនទៅផង លីដឹងចូលព្រៃបានឃើញឧសមួយធំ ។
នាងនីយកដឹងពុះឧស
លុះពុះយូរបន្តិចទៅដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់ ។
នាងនីមើលទៅឃើញដឹងនិងពស់កេងកង ក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យ
។ ឯពស់កេងកងឆ្លើយឡើងថា «អើ ! បើនាងឯងដោយអញ
ធ្វើប្រពន្ធអញទើបអញឲ្យដឹង បើនាងឯងមិនដោយអញ
មិនធ្វើជាប្រពន្ធអញទេនោះ អញមិនឲ្យដឹងទេ» ។
នាងនីឮពស់កេងកងថាដូច្នោះហើយ ហេតុតែជាស្រីខូច ក៏ទទួលព្រមថា
អើ ! លែងតែអ្នកឲ្យដឹងមកខ្ញុំចុះ ចាំល្ងាច
សឹមខ្ញុំឲ្យមេអេតមកហៅ » ។
ពស់កេងកងឮនាងនីថាដូច្នោះក៏ឲ្យដឹងមក ។ នាងនីផ្ដាំថា «ដល់ល្ងាច
សឹមឲ្យមេអេតមកហៅ » ហើយនាងនីក៏ទូលឧសទៅផ្ទះជាមួយនឹងនាងអេត ។
លុះដល់ព្រលប់នាងនី ក៏ប្រើមេអេតជាកូនឲ្យទៅហៅពស់កេងកង ។
នាងអេតទៅដល់ឈរនៅមាត់រន្ធពស់ ហៅថា «ពស់កេងកងអើយ
នាងនីឲ្យហៅ ! » ។ ឯពស់កេងកងឮហើយលូនចេញមក ។
នាងអេតឃើញពស់ក៏ភ័យខ្លាចព្រឺស្ញើបអស់ទាំងខ្លួន
ប៉ុន្តែខ្លាចម្ដាយព្រោះម្ដាយប្រើមក
ក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះ ។ ពស់នោះធំណាស់
លូនទៅលើស្មៅបាក់រាបអស់ ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនី
។ នាងនីនិយាយនឹងពស់កេងកងថា «ខ្ញុំមានប្ដី
ឥឡូវនេះគាត់ទៅជួញអង្កាំពីរ បីឆ្នាំមកម្ដងៗ » ។ ពស់កេងកងសួរថា
«ប្ដីនាងឯងទៅប៉ុន្មានថ្ងៃ ប៉ុន្មានខែ ទៀតនឹងមកដល់ ?»
នាងនីឆ្លើយថា«មិនដឹងជាប៉ុន្មានខែ ប៉ុន្មានថ្ងៃទៀត នឹងមកដល់ទេ»
ពស់កេងកងនិងនាងនី ក៏ដេកលក់ជាមួយគ្នាទៅ
ដល់ជិតភ្លឺទើបពស់កេងកងលានាងនីទៅរូងវិញ ។ នាងនីផ្ដាំថា
«បើប្ដីខ្ញុំមក ខ្ញុំមិនឲ្យមេអេតទៅហៅទេ អ្នកកុំមក,
បើប្ដីខ្ញុំមិនទាន់មកនោះ ខ្ញុំប្រើមេអេតឲ្យទៅហៅអ្នក
សឹមអ្នកមក»។ពស់កេងកងក៏ទៅឯរូងខ្លួនវិញទៅ ។
រាល់តែល្ងាចនាងនីប្រើមេអេតឲ្យទៅហៅពស់កេងកង ។
នាងអេតខ្លាចម្ដាយក៏ទៅហៅតាមពាក្យម្ដាយប្រើ
ប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ ត្បិតពស់នោះធំណាស់ ហើយវែងផង ។
មួយទៀត ខឹងក្នុងចិត្ត ត្បិតម្ដាយសហាយនឹងពស់ ។
នាងអេតទៅដល់មាត់រូងហើយហៅថា «ពស់កេងកងអើយ នាងនីឲ្យហៅ»
ពស់កេងកងឮក៏លូនចេញមកហើយឆ្លើយថា «អេតអើយ!
ថាអញមិនទៅឪពុកអេតនៅកាត់ក្បាលអញដាច់» នាងអេតឆ្លើយថា
«ឪពុកអញទៅជួញអង្កាំ ពីរ បីឆ្នាំមិនទាន់មកដល់» ។
ពស់កេងកងឮនាងអេតប្រាប់ដូច្នោះ ក៏លូនចេញអំពីរន្ធមក
ហើយចេះតែទៅមកៗតែសព្វថ្ងៃ ។ នាងនីសហាយនឹងពស់កេងកងទាល់តែផើម ។
លុះយូរបន្តិចទៅប្ដីនាងនីមកពីជួញអង្កាំវិញ
ឃើញនាងនីពោះធំនឹកសង្ស័យ ក៏សួរនាងអេតជាកូន ។
នាងអេតប្រាប់ឪពុកថា «ម៉ែគាត់សហាយនឹងពស់កេងកង
តែវេលាព្រលប់កាលណាឲ្យខ្ញុំទៅហៅតែសព្វថ្ងៃ»។
ឪពុកឮនាងអេតប្រាប់ដូច្នោះក៏និយាយនឹងនាងអេតថា
«ដល់ល្ងាចហងឯងទៅហៅពស់នោះទៀត អញចាំកាប់វានៅមាត់ទ្វារ
ហើយហងឯងកុំឲ្យម្ដាយហងឯងដឹង» ។
ឯនាងអេតលុះដល់ព្រលប់ក៏ទៅហៅពស់កេងកងថា «ពស់កេងកងៗ !
នាងនីឲ្យហៅ » ។ ពស់កេងកងឮហើយឆ្លើយថា «អេតអេតអើយ ! ថាអញមិនទៅ
ឪពុកអេតនៅកាត់កអញដាច់» ។ នាងអេតឆ្លើយថា
«ឪពុកអញទៅជួញអង្កាំពីរ បីឆ្នាំមិនទាន់មកដល់» ។
ពស់កេងកងឮនាងអេតប្រាប់ដូច្នោះស្មានថា
ឪពុកនាងមិនទាន់មកពីជួញអង្កាំមែន ក៏ទៅដូចសព្វថ្ងៃ ។
ឯឪពុកនាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់ ។
ពស់កេងកងលូនចូលក្នុងទ្វារបន្តិច ឪពុកនាងអេតកាត់កដាច់
ហើយកាត់មួយកំណាត់ខាងកន្ទុយយកទៅដាក់លើស្កាក
មួយកំណាត់ខាងក្បាលយកទៅដាក់លើមែកពុទ្រា
ឯកណ្ដាលខ្លួនយកទៅពន្លះពន្លាត់ស្បែកចោល ហើយផ្ដាំនាងអេតថា
«កុំឲ្យម្ដាយហងឯងដឹង តែត្រូវទុកសាច់ស្លឲ្យម្ដាយហងឯងស៊ី» ។
ឪពុកនាងអេតក៏លាងឈាមពស់ជ្រះអស់មិនឲ្យមានសល់ ។
ឯនាងនីពុំបានដឹងជាប្ដីកាប់ពស់សហាយស្លាប់ទេ
ព្រោះពេលនោះនាងនីមិននៅ ទៅសួរបងប្អូននៅផ្ទះឆ្ងាយ ។
លុះព្រឹកឡើងនាងអេតយកសាច់ពស់មកស្លទុកឲ្យនាងនីជាម្ដាយស៊ី ។
នាងនីឃើញសម្លខ្លាញ់រលើបទាំងចានទាំងឆ្នាំង ក៏សួរនាងអេតថា
«បានសាច់អ្វីស្លមីអេត !» ។ នាងអេតប្រាប់ថា «សាច់ជ្រូក » ។
នាងនីគិតស្មានថាសាច់ជ្រូកមែន ក៏ឲ្យមីអេតដួសសម្លយកមកស៊ីបាយ ។
កាលនាងអេតដួសសម្លមកឲ្យនាងនីជាម្ដាយស៊ីនោះ
មានក្អែកមួយវាឃើញក្បាលពស់ដាក់លើមែកពុទ្រា វាចង់ស៊ីសាច់ពស់
វាបូលថា « កឡូវៗក្លេមក្លមលេបសាច់ប្ដីឯង » ។
នាងនីកំពុងស៊ីបាយឮក្អែកបូលដូច្នោះ
ក៏មើលទៅលើមែកពុទ្រាឃើញក្បាលពស់កេងកងលើមែកឈើ
ហើយនាងនីនឹកអាណិតស្រក់ទឹកភ្នែក
តែនាងពុំហ៊ានយំព្រោះខ្លាចប្ដីដែលអង្គុយស៊ីបាយជាមួយគ្នា ។
ប្ដីឃើញនាងនីស្រក់ទឹកភ្នែកក៏សួរថា
« ហេតុដូចម្ដេចបានជាស្រក់ទឹកភ្នែក ? » ។ នាងនីឆ្លើយថា
«ស៊ីបាយក្ដៅ សម្លក្ដៅរឭកកូនចៅ រលោងទឹកភ្នែក »។
ឯក្អែកនោះចេះតែបូលថា «កឡូវៗ ក្លេមក្លមលេបសាច់ប្ដីឯង
ក្បាលដាក់លើដើមពុទ្រា កន្ទុយដាក់លើស្កាក» ។
នាងនីមើលទៅលើស្កាកឃើញកន្ទុយពស់កេងកងលើនោះ ។
ឯប្ដីនាងនីដឹងថាប្រពន្ធសហាយនឹងពស់កេងកងពិតប្រាកដហើយ
ក៏នឹកភ្នកក្នុងចិត្តខឹងចង់សម្លាប់នាងនី
ប៉ុន្តែធ្វើមិនឲ្យនាងនីដឹងខ្លួន ។ ដល់នាងនីផើមចាស់ផ្ទៃ
ជិតនឹងសម្រាលប្ដីបបួលទៅកក់សក់នៅមាត់បឹង
លុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថា «ទៅទៀតឲ្យឆ្ងាយពីស្រុកគេ
យើងនឹងកក់សក់លេងឲ្យសប្បាយតែពីរនាក់ម្ដង» ។
នាងនីមិនដឹងខ្លួនឯងថាប្ដីសម្លាប់ ស្មានថាប្ដីនាំទៅកក់សក់មែន
ក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅ ។ លុះឃើញកំពង់មួយរាបស្អាត វាលល្អ
ប្ដីប្រាប់ប្រពន្ធថា «កំពង់នេះរាបសប្បាយ
យើងឈប់កក់សក់នៅនោះចុះ»
ឯនាងនីមិនដឹងខ្លួនជាប្ដីគិតសម្លាប់ក៏អង្គុយកក់សក់នៅមាត់ច្រាំង
។ ប្ដីនោះក៏ហូតដាវកាប់នាងនីពីក្រោយខ្នងមិនឲ្យដឹងខ្លួន
ដាច់ពាក់កណ្ដាលខ្លួនស្លាប់ទៅ ។
ពេលនោះឃើញសុទ្ធតែកូនពស់លូនចេញមកអំពីពោះនាងនីមក ។
ប្ដីនាងនីក៏កាប់កូនពស់នឹងដាវ ខ្លះកាប់មិនទាន់
ក៏លូនចូលទៅក្នុងក្រហែងដី ខ្លះមុជក្នុងទឹក ខ្លះចូលទៅក្នុងព្រៃ ។
ព្រោះហេតុនេះបានជាមានពស់ច្រើនបែបច្រើនយ៉ាង មកដល់ឥឡូវនេះ ។
Featured Post
រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ
អាមេរិក៖ នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...
0 comments:
Post a Comment