Hom »
» រឿង ព្រេងភ្នំយ៉ាតនៅប៉ៃលិន
រឿង ព្រេងភ្នំយ៉ាតនៅប៉ៃលិន
រឿង ព្រេងភ្នំយ៉ាតនៅប៉ៃលិន (នៅខេត្តបាត់ដំបង) ប្រជុំរឿងព្រេងខ្មែរ
ភាគ ៦ ទំព័រ ៧៧ – ៨៣ មុននឹងចូលទៅដល់រឿងព្រេង
យើងសូមណែនាំអ្នកអាន ឲ្យស្គាល់ភូមិភាគ បប៉ៃលិន បន្តិចសិន
ព្រោះភូមិភាគឋិតនៅឆ្ងាយពីរាជធានី
ហើយដែលមានទំនៀមទម្លាប់ប្លែកណាស់ផង ។ ដើមឡើយ អ្នកស្រុកប៉ៃលិន
សុទ្ធសឹងតែជនជាតិកុឡាទាំងអស់មករស់នៅ
ដោយសារការប្រាថ្នាមកជីកយកត្បូង ដែលមាននៅកប់ក្នុងដី
ត្រង់ជ្រលងនៃភ្នំ ភូមិភាគនោះ ។ តាមប្រវត្តិពង្សាវតារ
នៃស្រុកប៉ៃលិនថា ពួកកុឡាទាំងនេះ ចាប់ផ្ដើមមកប្រតិស្ឋាន
កជាភូមិស្រុកនៅតំបន់នេះ តាំងពី គ.ស. ២៨៧៦ មក ។ ប៉ុន្តែដំបូងនោះ
ពួកកុឡាទាំងនេះ គ្មានបង់ពន្ធដារចុះចូលក្នុងរាជការទេ
ព្រោះពិតមែនតែដីត្រង់នេះជាដីខ្មែរ ដែលកាលនោះ
នៅក្នុងអំណាចសៀមនៅឡើយ ក៏រាជការសៀមពុំបានចាប់ភ្លឹក
នឹងពួកអ្នកស្រុកនេះដែរ ។ លុះត្រាតែមកដល់ គ.ស. ១៨៨១
ដោយសារតែពួកនេះទាស់ទែងគ្នា ទើបនាំឲ្យលេចឮរឿងនេះ
ទៅដល់រាជការសៀម នៅខេត្តចន្ទប៊ុន (ចន្ទបុរៈ), រាជការសៀម
ក៏ចាត់ឲ្យមានមេភាស៊ី ហូតពន្ធ លើអ្នកជីកត្បូងទាំងនេះ ។ មេភាស៊ី
កាលនោះមានឈ្មោះថា ម៉ុង-ឃុនទី ដែលជាមេក្រុមពួកកុឡា
ដែលធ្វើដំណើរស្វែងមករកឃើញកន្លែងនៅទីនោះ ។ ដើមហេតុ គឺ ម៉ុង-ឃុនទី
បាននាំយកត្បូង ទៅដល់ក្រុងបាងកក ហើយទាក់ទងនឹងកុងស៊ុលអង់គ្លេស
សុំឲ្យកុងស៊ុលនោះ នាំខ្លួនទៅគាល់ព្រះចៅសៀម ទើបព្រះចៅ
តែងតាំងឲ្យធ្វើជាមេភាស៊ីហូតពន្ធ
ហើយជាមេក្រុមនៃពួកកុឡាទាំងអស់ផង
ដោយតាំងងារជាហ្លួងមណីយុទ្ធនា គឺហ្លួងមណីនេះហើយ
ដែលកសាងវត្តអារាមជាច្រើន កន្លែងនៅក្នុងតំបន់ប៉ៃលិន ។ រហូតមកដល់
គ.ស. ១៩០៤ ដែលរាជការសៀម ត្រូវប្រគល់ដីខេត្តបាត់ដំបង ម្លូព្រៃ
ស្ទឹងត្រែង ថ្វាយមកព្រះចៅផែនដីខ្មែរ,
ព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ វិញនោះ, ដែនដីប៉ៃលិន
ក៏ត្រូវរាជការបារាំងគេទៅកាន់កាប់ ដោយតាំងប្រតិភូ នៃ រ៉េស៊ីដង់
ប្រចាំខេត្តបាត់ដំបង (Délégué du Resident la province)
ហើយឲ្យប្រតិភូនេះ មើលកាន់កាប់ហូតពន្ធដារ
ក្នុងការប្រកបអាជីវកម្មយកត្បូងនេះ ។ មិនតែប៉ុណ្ណោះ
គេក៏រៀបធ្វើថ្នល់មកកាន់ទីប្រជុំជនបាត់ដំបង
គឺជាថ្នល់ដែលមាននៅសព្វថ្ងៃ ។ ប៉ុន្តែកាលនោះ
គេគ្រាន់តែយកពន្ធដារ ពុំបានគិតពីកសាងអ្វីៗ
ជាឧត្ដមប្រយោជន៍ដល់អ្នកស្រុកភូមិភាគនេះទេ,
រហូតមកដល់សម័យសង្គមរាស្ត្រនិយម
ទើបទីប្រជុំជនប៉ៃលិនបានផ្លាស់ប្ដូររូបយ៉ាងឆាប់រហ័ស
នរណាខានទៅតែពីរឆ្នាំ លុះទៅម្ដងទៀត ស្ទើរតែលែងស្គាល់ ។
គេឃើញគ្រឹះស្ថានរាជការក៏ស្អាតៗ សង់ពីបាយអ មានសាលារៀន
មន្ទីរឃោសនាការ ផ្សារក៏សុទ្ធតែធ្វើពីបាយអ យ៉ាងល្អៗ ដែរ ។
ផ្ទះអ្នកផ្សារ ក៏រៀបរយល្អ គួរជាទីមនោរម្យ ដូចជាទីប្រជុំជនធំៗ
ដែរ ។ អាស្រ័យដោយការរៀបចំស្អាតស្អំនេះ
នាំឲ្យមានទេសចរចេញចូលទស្សនាលំហែកាយនៅទីនោះ រឹតតែច្រើនឡើង ។
ដូច្នេះ ការចង់ដឹង ចង់ឮ ពីប្រវត្តិពង្សាវតារ នៃភូមិភាគនេះ
ក៏រឹតតែច្រើនឡើងដែរ ។ សេចក្ដីពណ៌នារបស់យើង ទាំងប៉ុន្មាននេះ
ក៏គ្រាន់តែជាការឆ្លើយតប នឹងសេចក្ដីត្រូវការទាំងនេះឯង ។
ប៉ុន្តែជាធម្មតាណាស់ នៅស្រុកខ្មែរយើង
តែកាលណាពោលពីប្រវត្តិត្រង់ណាមួយ ពិតជាកើតមានរឿងព្រេង
ផ្សំជាមួយការពិតជាមិនខាន ។ បើទីណា មានដើមកំណើតឆ្ងាយ,
រឿងព្រេងនោះ ក៏បែបយារឆ្ងាយ សឹងតែរកជឿមិនកើត ឯទីណា
ទើបនឹងកើតថ្មី រឿងព្រេងក៏ថ្មី
លាយឡំការពិតចូលក្នុងនោះច្រើនទៀត ដូចជា ភូមិភាគប៉ៃលិននេះជាអាទិ
ដោយសារតែប៉ៃលិន ទើបតែកើតមានឈ្មោះ មានសំឡេង ក្នុងរវាង គ.ស. ១៨៨១
ប៉ុណ្ណោះ, រឿងព្រេងនៅតំបន់នេះ ក៏ស្រដៀងៗ នឹងរឿងមែនទែន
គ្រាន់តែមានលាយជំនឿព្រះឥន្ទ ទេវតា ខ្មោច អារក្ស អ្នកតា
ចូលច្របល់ជាមួយផងប៉ុណ្ណោះ ។ យើងលើកយករឿងព្រេងនៅភ្នំយ៉ាត
មកអធិប្បាយ មានដូចតទៅនេះ ៖ កាលណោះ មានប្ដីប្រពន្ធពីរនាក់
មានឈ្មោះយ៉ាតដូចគ្នា គឺប្ដីក៏ឈ្មោះយ៉ាត ប្រពន្ធក៏ឈ្មោះយ៉ាត
រស់នៅប្រកបរបរជីកត្បូង នៅស្រុកប៉ៃលិននោះ ។ លុះចាស់ជរាហើយ
គាត់ពុំអាចទៅធ្វើការធ្ងន់ៗ ដូចសព្វដងបាន,
គាត់ក៏ទៅធ្វើធម៌លើភ្នំមួយ (ដែលយើងហៅថាភ្នំយ៉ាតសព្វថ្ងៃ)
ទាំងពីរនាក់ប្ដីប្រពន្ធ ។
អ្នកផងក៏នាំគ្នាសន្មតយកឈ្មោះគាត់ធ្វើជាឈ្មោះភ្នំនេះឡើង
ព្រោះការសន្មតនេះ គេពុំអាចនឹកនារកន័យយ៉ាងណាៗទេ
គ្រាន់តែឲ្យស្រួលហៅ ស្រួលសំគាល់ប៉ុណ្ណោះ ត្បិតនៅប៉ៃលិន
មានកំពូលភ្នំខ្ពស់ៗ ឡើងជាច្រើនកន្លែង, ដូច្នេះ បើទីណា
មានភាពសម្គាល់ដូចម្ដេច គេក៏នាំគ្នាសន្មតយកតាមភិនភាគនោះ
ធ្វើជាឈ្មោះឡើង ។ នៅពេលនោះ អ្នកស្រុកប៉ៃលិនខ្លះ
ដែលធ្លាប់យកត្បូងទៅលក់ ឯស្រុកសៀមញឹកញាប់ ហើយគេធូរប្រាក់កាសផង
គេក៏ទិញកាំភ្លើងដៃខ្លះ កាំភ្លើងវែងខ្លះ
សម្រាប់យកមកការពារសម្បត្តិទ្រព្យ ភូមិឋានរបស់គេ ។ តែនៅពេលអផ្សុក
អ្នកទាំងនោះតែងយកកាំភ្លើងទៅបាញ់សត្វលេងពេញព្រៃ
ដោយស្រុកនោះសម្បូណ៌ព្រៃស្ដុកៗ ណាស់ផង ។
ការបរបាញ់សត្វនេះនាំឲ្យផ្អើល ដល់ពពួកអារក្ស អ្នកតា
នៅក្នុងព្រៃនោះ ។ ថ្ងៃមួយ អ្នកតាមួយ ដ៏មានឫទ្ធិជាងគេ
បានតំណែងខ្លួនមកជួបជាមួយតាយ៉ាត និង យាយយ៉ាត ដើម្បីផ្ដាំផ្ញើ
ឲ្យនិយាយនឹងពពួកអ្នកបាញ់ទាំងនោះថា កុំឲ្យដើរបាញ់ទៀត
នាំឲ្យពពួកអារក្ស អ្នកតាទាំងអស់
ភ័យរត់ខ្ចាត់ខ្ចាយកូនចៅវង្វេងវង្វាន់គ្នាអស់ហើយ, ដូច្នេះ
សុំឲ្យតែលែងបាញ់ចុះ យើងនឹងជួយពួកនេះ
ឲ្យរកឃើញត្បូងថ្មយ៉ាងថ្លៃៗ ឲ្យបានធ្វើជាអ្នកមានច្រើនគ្នាឡើង
។ ប៉ុន្តែ បើបានជាអ្នកមានហើយ ត្រូវនាំគ្នាកសាងជាវត្តមួយ
នៅលើទីកន្លែងភ្នំនេះ, មិនតែប៉ុណ្ណោះ ត្រូវលេងភ្លេងរាំក្ងោក
រៀងរាល់ថ្ងៃសីលផង ។ ផ្ដាំផ្ញើរួចហើយ អ្នកតា
ក៏អន្តរធានខ្លួនបាត់ទៅវិញភ្លាម ។ ឯយាយយ៉ាត តាយ៉ាត ក៏នាំរឿងនេះ
ទៅផ្សាយប្រាប់ពួកអ្នកស្រុកទាំងអស់ ឲ្យដឹងគ្រប់គ្នា ។ អ្នកស្រុក
ក៏ព្រមគោរពតាមបំណងអ្នកតានោះរហូតមក ។ នេះជារឿងមួយ
ដែលទាក់ទងនឹងភ្នំយ៉ាត, ឯរឿងមួយទៀត ដែលទាក់ទងនឹងឈ្មោះ “ប៉ៃលិន”
នោះ មានដោយឡែកផ្សេងទៅទៀត ។ តាមអ្នកស្រុកឲ្យការថា ពាក្យ “ប៉ៃលិន”
នេះ ក្លាយមកពីពាក្យ “ភេលេង” ព្រោះគេមាននិទានរឿងដើមបញ្ជាក់ផងថា ៖
កាលនោះមានអ្នកប្រមាញ់ ដេញតាមដានសត្វព្រៃ ចេះតែឆ្ងាយទៅៗ
រហូតដល់ភូមិភាគប៉ៃលិនសព្វថ្ងៃ ដែលគ្រានោះនៅជាព្រៃស្រោង
មានវាលចន្លោះខ្លះតែត្រង់ប្រឡាយទឹក ដែលហៅថា “អូរ”
មានអូរទុងជាដើម ក្បែរមាត់អូរនេះ អ្នកប្រមាញ់
បានប្រទះឃើញសត្វភេកំពុងហែលទឹក លុះឃើញមនុស្សមកដល់
ភេក៏រត់បាត់អស់ទៅ ។ អ្នកប្រមាញ់
ចូលទីមើលត្រង់កន្លែងភេប្រឡែងគ្នានោះ ក៏ឃើញដុំថ្មតូចៗ
មានពន្លឺផ្លេកៗ ក៏នាំគ្នារើសយកម្នាក់មួយដុំ
ទុកយកទៅបង្ហាញញាតិមិត្តឯស្រុកខ្លួនវិញ ។ លុះទៅដល់ស្រុក
មានអ្នកស្រុកនោះ (តាមនិយាយថាពួកកុឡា
ដែលមករស់នៅក្នុងខេត្តចន្ទប៊ុន ស្រុកសៀម) ស្គាល់ថា
ថ្មនេះមានតម្លៃ គេក៏យកទៅវាយបំបែក រួចឆ្នៃជាត្បូងឡើង
ក៏ឃើញថាមានទឹកល្អ ។ កាលបើដូច្នេះ
គេក៏នាំគ្នាទៅសួរទិញពីពួកប្រមាញ់នោះទៀត ។ ពួកប្រមាញ់យល់ថា
ជាផ្លូវរកស៊ីមួយហើយ
ក៏ព្យាយាមនាំគ្នាឆ្ពោះទៅយកថ្មនេះពីកន្លែងមុន ជាញឹកញាប់ ។
ការទៅមកញឹកញាប់នេះហើយ ទើបអ្នកទាំងនោះ
សន្មតឈ្មោះទីកន្លែងត្រង់នេះថា “កន្លែងភេលេង” យកតាមសភាព
ដែលគាត់ប្រទះឃើញជាដំបូងនោះ ។ ប៉ុន្តែ ដោយហេតុពួកអ្នកទាំងនេះ
នៅស្រុកសៀម ក៏អានពាក្យនេះ ក្លាយទៅតាមសំឡេងសៀមបន្តិចទៅ គឺ “ភេ”
ទីជា “ផេ” ឯ “លេង” ទៅជា “ឡេន ឬ ឡិន” ដូច្នេះ រួមមក ទៅជា “ផេឡិន” ។
លុះសម័យបារាំងទៅកាន់កាប់ទីតំបន់នេះ គេក៏សរសេរឈ្មោះនេះ
ជាអក្សររ៉ូម៉ាំង តាមសំឡេងផង តាមរូបសាស្ត្រពាក្យផង ជា PHAI-LIN គឺ
PH ជាអក្សរ ផ, AI ជាស្រៈអេ, L ជាអក្សរ ល, I ជាស្រៈអិ ផ្សំនឹង N
ជាអក្សរ ន, ចំណេរតមក ដើម្បីកុំឲ្យពិបាកសរសេរ
គេក៏ភ្ជាប់លែងឲ្យមានសហសញ្ញា (Trait d’union) ក៏ក្លាយទៅជា
Phailin2 ហើយតៗ មក ដោយបារាំងអានគ្មានខ្យល់អក្សរ H គេក៏លប់ H
ចោលទៅ នៅសល់តែ PAILIN ។ សេចក្ដីអធិប្បាយមកនេះ មានទំនងជា
ដើមកំណើតស្រុក (Monographic) ជាជាងរឿងព្រេង
ដើម្បីជាប្រយោជន៍ដល់អ្នកស្រាវជ្រាវនៅពេលមុខៗ ទៀត ប៉ុន្តែ
មានទំនងខ្លះ ចង់ទៅជារឿងព្រេងដែរ ត្បិតមានលាយឡំជំនឿខ្មោច អារក្ស
អ្នកតា លាយឡំជាមួយផង ។ ការណ៍នេះ យើងសង្ឃឹមថា លោក-អ្នកអានណា
ចេះចាំរឿងព្រេង នៅភូមិភាគនេះ វែងឆ្ងាយទៅទៀត
ក៏សូមបញ្ជូនមកឲ្យយើងផង ដើម្បីកែសម្រួលទៅលើកក្រោយ ។
Featured Post
រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ
អាមេរិក៖ នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...
0 comments:
Post a Comment